7. អស់លោកព្រឹទ្ធាចារ្យទូលវិញថា៖ «ប្រសិនបើព្រះករុណាមានព្រះហឫទ័យសប្បុរសចំពោះប្រជាជននេះ ប្រសិនបើព្រះករុណាសន្ដោសមេត្តាដល់ពួកគេ ហើយមានព្រះបន្ទូលទៅពួកគេដោយទន់ភ្លន់ នោះពួកគេនឹងបម្រើព្រះករុណារហូតតទៅ»។
8. ប៉ុន្តែ ព្រះបាទរេហូបោមមិនរវីរវល់នឹងយោបល់របស់អស់លោកព្រឹទ្ធាចារ្យទេ ទ្រង់បែរជាសួរយោបល់ពីពួកមន្ត្រីជំនិត ដែលធ្លាប់នៅជាមួយស្ដេចតាំងពីកុមារមក។
9. ស្ដេចមានរាជឱង្ការទៅពួកគេថា៖ «ប្រជាជនសុំឲ្យយើងសម្រាលនឹម ដែលបិតារបស់យើងបានដាក់លើពួកគេ។ តើអស់លោកមានយោបល់ណា? តាមយោបល់អស់លោក តើយើងត្រូវឆ្លើយនឹងប្រជាជននេះយ៉ាងដូចម្ដេច?»។
10. មន្ត្រីជំនិតដែលធ្លាប់នៅជាមួយស្ដេចតាំងពីកុមារមក ទូលស្ដេចថា៖ «សូមព្រះករុណាប្រាប់ប្រជាជន ដែលមកសុំឲ្យព្រះករុណាសម្រាលនឹមបិតារបស់ព្រះករុណានោះវិញថា “កូនដៃរបស់យើងមានកម្លាំងជាងដៃរបស់បិតាយើងទៅទៀត។
11. បិតារបស់យើងបានដាក់នឹមយ៉ាងធ្ងន់លើអ្នករាល់គ្នា រីឯយើងវិញ យើងនឹងធ្វើឲ្យនឹមនេះរឹតតែធ្ងន់ថែមទៀត។ បិតាយើងប្រដៅអ្នករាល់គ្នាដោយប្រើរំពាត់ រីឯយើង យើងនឹងប្រដៅអ្នករាល់គ្នាដោយប្រើខ្យាដំរី”»។
12. លុះដល់ថ្ងៃទីបី លោកយេរ៉ូបោម និងប្រជាជនទាំងមូលចូលមកគាល់ព្រះបាទរេហូបោម តាមពេលដែលស្ដេចបានកំណត់ថា៖ «ចាំបីថ្ងៃទៀត សឹមវិលត្រឡប់មកជួបយើងវិញ»។
13. ព្រះបាទរេហូបោមមានរាជឱង្ការទៅកាន់ពួកគេយ៉ាងតឹងរ៉ឹង គឺស្ដេចមិនរវីរវល់នឹងយោបល់របស់ក្រុមព្រឹទ្ធាចារ្យទេ។
14. ស្ដេចមានរាជឱង្ការទៅកាន់ប្រជាជន តាមយោបល់របស់មន្ត្រីក្មេងៗថា៖ «បិតាយើងបានផ្ទុកនឹមយ៉ាងធ្ងន់លើអ្នករាល់គ្នា រីឯយើងវិញ យើងនឹងធ្វើឲ្យនឹមនេះរឹតតែធ្ងន់ថែមទៀត។ បិតារបស់យើងប្រដៅអ្នករាល់គ្នា ដោយប្រើរំពាត់ រីឯយើង យើងនឹងប្រដៅអ្នករាល់គ្នា ដោយប្រើខ្យាដំរី»។