២ របាក្សត្រ 10:5-15 Khmer Standard Version (KHSV)

5. ព្រះ‌រាជា​មាន​រាជ‌ឱង្ការ​ថា៖ «ចូរ​ត្រឡប់​ទៅ​សិន​ចុះ ចាំ​បី​ថ្ងៃ​ទៀត សឹម​វិល​មក​ជួប​យើង​វិញ»។ ប្រជា‌ជន​ក៏​នាំ​គ្នា​ចាក​ចេញ​ទៅ។

6. ព្រះ‌បាទ​រេហូ‌បោម​បាន​ពិភាក្សា​ជា​មួយ​ក្រុម​ព្រឹទ្ធា‌ចារ្យ ដែល​ជា​ទី​ប្រឹក្សា​របស់​ព្រះ‌បាទ​សាឡូម៉ូន ជា​បិតា ក្នុង​គ្រា​ដែល​ស្ដេច​នៅ​មាន​ព្រះ‌ជន្ម​នៅ​ឡើយ ដោយ​សួរ​ថា៖ «តាម​យោបល់​របស់​អស់​លោក តើ​យើង​ត្រូវ​ឆ្លើយ​យ៉ាង​ដូច​ម្ដេច​ចំពោះ​ប្រជា‌ជន​នេះ?»។

7. អស់​លោក​ព្រឹទ្ធា‌ចារ្យ​ទូល​វិញ​ថា៖ «ប្រសិន​បើ​ព្រះ‌ករុណា​មាន​ព្រះ‌ហឫទ័យ​សប្បុរស​ចំពោះ​ប្រជា‌ជន​នេះ ប្រសិន​បើ​ព្រះ‌ករុណា​សន្ដោស​មេត្តា​ដល់​ពួក​គេ ហើយ​មាន​ព្រះ‌បន្ទូល​ទៅ​ពួក​គេ​ដោយ​ទន់‌ភ្លន់ នោះ​ពួក​គេ​នឹង​បម្រើ​ព្រះ‌ករុណា​រហូត​ត​ទៅ»។

8. ប៉ុន្តែ ព្រះ‌បាទ​រេហូ‌បោម​មិន​រវី‌រវល់​នឹង​យោបល់​របស់​អស់​លោក​ព្រឹទ្ធា‌ចារ្យ​ទេ ទ្រង់​បែរ​ជា​សួរ​យោបល់​ពី​ពួក​មន្ត្រី​ជំនិត ដែល​ធ្លាប់​នៅ​ជា​មួយ​ស្ដេច​តាំង​ពី​កុមារ​មក។

9. ស្ដេច​មាន​រាជ‌ឱង្ការ​ទៅ​ពួក​គេ​ថា៖ «ប្រជា‌ជន​សុំ​ឲ្យ​យើង​សម្រាល​នឹម ដែល​បិតា​របស់​យើង​បាន​ដាក់​លើ​ពួក​គេ។ តើ​អស់​លោក​មាន​យោបល់​ណា? តាម​យោបល់​អស់​លោក តើ​យើង​ត្រូវ​ឆ្លើយ​នឹង​ប្រជា‌ជន​នេះ​យ៉ាង​ដូច​ម្ដេច?»។

10. មន្ត្រី​ជំនិត​ដែល​ធ្លាប់​នៅ​ជា​មួយ​ស្ដេច​តាំង​ពី​កុមារ​មក ទូល​ស្ដេច​ថា៖ «សូម​ព្រះ‌ករុណា​ប្រាប់​ប្រជា‌ជន ដែល​មក​សុំ​ឲ្យ​ព្រះ‌ករុណា​សម្រាល​នឹម​បិតា​របស់​ព្រះ‌ករុណា​នោះ​វិញ​ថា “កូន​ដៃ​របស់​យើង​មាន​កម្លាំង​ជាង​ដៃ​របស់​បិតា​យើង​ទៅ​ទៀត។

11. បិតា​របស់​យើង​បាន​ដាក់​នឹម​យ៉ាង​ធ្ងន់​លើ​អ្នក​រាល់​គ្នា រីឯ​យើង​វិញ យើង​នឹង​ធ្វើ​ឲ្យ​នឹម​នេះ​រឹត​តែ​ធ្ងន់​ថែម​ទៀត។ បិតា​យើង​ប្រដៅ​អ្នក​រាល់​គ្នា​ដោយ​ប្រើ​រំពាត់ រីឯ​យើង យើង​នឹង​ប្រដៅ​អ្នក​រាល់​គ្នា​ដោយ​ប្រើ​ខ្យា‌ដំរី”»។

12. លុះ​ដល់​ថ្ងៃ​ទី​បី លោក​យេរ៉ូ‌បោម និង​ប្រជា‌ជន​ទាំង​មូល​ចូល​មក​គាល់​ព្រះ‌បាទ​រេហូ‌បោម តាម​ពេល​ដែល​ស្ដេច​បាន​កំណត់​ថា៖ «ចាំ​បី​ថ្ងៃ​ទៀត សឹម​វិល​ត្រឡប់​មក​ជួប​យើង​វិញ»។

13. ព្រះ‌បាទ​រេហូ‌បោម​មាន​រាជ‌ឱង្ការ​ទៅ​កាន់​ពួក​គេ​យ៉ាង​តឹង‌រ៉ឹង គឺ​ស្ដេច​មិន​រវី‌រវល់​នឹង​យោបល់​របស់​ក្រុម​ព្រឹទ្ធា‌ចារ្យ​ទេ។

14. ស្ដេច​មាន​រាជ‌ឱង្ការ​ទៅ​កាន់​ប្រជា‌ជន តាម​យោបល់​របស់​មន្ត្រី​ក្មេងៗ​ថា៖ «បិតា​យើង​បាន​ផ្ទុក​នឹម​យ៉ាង​ធ្ងន់​លើ​អ្នក​រាល់​គ្នា រីឯ​យើង​វិញ យើង​នឹង​ធ្វើ​ឲ្យ​នឹម​នេះ​រឹត​តែ​ធ្ងន់​ថែម​ទៀត។ បិតា​របស់​យើង​ប្រដៅ​អ្នក​រាល់​គ្នា ដោយ​ប្រើ​រំពាត់ រីឯ​យើង យើង​នឹង​ប្រដៅ​អ្នក​រាល់​គ្នា ដោយ​ប្រើ​ខ្យា‌ដំរី»។

15. ស្ដេច​មិន​ព្រម​ស្ដាប់​តាម​សំណូម​ពរ​របស់​ប្រជា‌ជន​ទេ ដ្បិត​ព្រះ‌អម្ចាស់​បណ្ដោយ​ឲ្យ​មាន​សភាព‌ការណ៍​ប្រែ‌ប្រួល​ដូច្នេះ ស្រប​តាម​ព្រះ‌បន្ទូល​ដែល​ព្រះ‌អង្គ​ថ្លែង​មក​កាន់​លោក​យេរ៉ូ‌បោម ជា​កូន​របស់​លោក​នេបាត តាម​រយៈ​ព្យាការី​អហ៊ី‌យ៉ា​នៅ​ស៊ីឡូ។

២ របាក្សត្រ 10