14. ស្ដេចមានរាជឱង្ការទៅកាន់ប្រជាជន តាមយោបល់របស់មន្ត្រីក្មេងៗថា៖ «បិតាយើងបានផ្ទុកនឹមយ៉ាងធ្ងន់លើអ្នករាល់គ្នា រីឯយើងវិញ យើងនឹងធ្វើឲ្យនឹមនេះរឹតតែធ្ងន់ថែមទៀត។ បិតារបស់យើងប្រដៅអ្នករាល់គ្នា ដោយប្រើរំពាត់ រីឯយើង យើងនឹងប្រដៅអ្នករាល់គ្នា ដោយប្រើខ្យាដំរី»។
15. ស្ដេចមិនព្រមស្ដាប់តាមសំណូមពររបស់ប្រជាជនទេ ដ្បិតព្រះអម្ចាស់បណ្ដោយឲ្យមានសភាពការណ៍ប្រែប្រួលដូច្នេះ ស្របតាមព្រះបន្ទូលដែលព្រះអង្គថ្លែងមកកាន់លោកយេរ៉ូបោម ជាកូនរបស់លោកនេបាត តាមរយៈព្យាការីអហ៊ីយ៉ានៅស៊ីឡូ។
16. ពេលប្រជាជនអ៊ីស្រាអែលទាំងមូលឃើញថា ស្ដេចពុំព្រមស្ដាប់តាមសំណូមពររបស់ខ្លួនទេ ពួកគេក៏ទូលស្ដេចថា៖«ពួកយើងគ្មានជាប់ជំពាក់អ្វីនឹងព្រះបាទដាវីឌទៀតទេពួកយើងក៏គ្មានចំណែកមត៌កអ្វីរួមជាមួយកូនរបស់លោកអ៊ីសាយដែរ!ប្រជាជនអ៊ីស្រាអែលអើយចូរវិលត្រឡប់ទៅទីលំនៅរៀងខ្លួនៗវិញចុះ។រាជវង្សរបស់ព្រះបាទដាវីឌអើយឥឡូវនេះ សូមបីបាច់ថែរក្សាខ្លួនឯងទៅ!»។ប្រជាជនអ៊ីស្រាអែលនាំគ្នាវិលត្រឡប់ទៅកាន់ទីលំនៅរបស់ខ្លួនវិញ។
17. ព្រះបាទរេហូបោមគ្រងរាជ្យលើជនជាតិអ៊ីស្រាអែល ដែលរស់នៅតាមក្រុងទាំងឡាយក្នុងស្រុកយូដា។
18. ព្រះបាទរេហូបោមចាត់លោកអដូរ៉ាម ជាអ្នកទទួលខុសត្រូវលើកំណែន ឲ្យទៅជួបកុលសម្ព័ន្ធអ៊ីស្រាអែលឯទៀតៗ តែពួកគេបានគប់ដុំថ្មសម្លាប់លោក។ ព្រះបាទរេហូបោមឡើងរាជរថស្ទើរតែមិនរួច ហើយទ្រង់ភៀសខ្លួនចូលក្រុងយេរូសាឡឹមវិញ។
19. គឺយ៉ាងនេះហើយដែលប្រជាជនអ៊ីស្រាអែលបះបោរប្រឆាំងនឹងរាជវង្សព្រះបាទដាវីឌ រហូតដល់សព្វថ្ងៃ។