1. សម្ដេចរេហូបោមយាងទៅស៊ីគែម ដ្បិតប្រជាជនអ៊ីស្រាអែលទាំងមូលបានជួបជុំគ្នានៅទីនោះ ដើម្បីអភិសេកសម្ដេចជាព្រះមហាក្សត្រ។
2. កាលលោកយេរ៉ូបោម ជាកូនរបស់លោកនេបាត ឮដំណឹងនេះ លោកស្ថិតនៅស្រុកអេស៊ីប ព្រោះលោកបានគេចខ្លួនពីព្រះបាទសាឡូម៉ូន។ លោកក៏វិលត្រឡប់ពីស្រុកអេស៊ីបមកវិញ។
3. ពេលនោះ គេបានចាត់មនុស្សឲ្យទៅហៅលោកយេរ៉ូបោមមកដែរ។ លោកយេរ៉ូបោម និងជនជាតិអ៊ីស្រាអែលទាំងមូលមកជួបជុំគ្នា ពួកគេទូលព្រះបាទរេហូបោមថា៖
4. «បិតារបស់ព្រះករុណាបានដាក់នឹមយ៉ាងធ្ងន់លើយើងខ្ញុំ។ ឥឡូវនេះ សូមព្រះករុណាមេត្តាសម្រាលនឹមដ៏ធ្ងន់ ដែលបិតារបស់ព្រះករុណាបានដាក់លើយើងខ្ញុំផង នោះយើងខ្ញុំនឹងបម្រើព្រះករុណា»។
5. ព្រះរាជាមានរាជឱង្ការថា៖ «ចូរត្រឡប់ទៅសិនចុះ ចាំបីថ្ងៃទៀត សឹមវិលមកជួបយើងវិញ»។ ប្រជាជនក៏នាំគ្នាចាកចេញទៅ។
6. ព្រះបាទរេហូបោមបានពិភាក្សាជាមួយក្រុមព្រឹទ្ធាចារ្យ ដែលជាទីប្រឹក្សារបស់ព្រះបាទសាឡូម៉ូន ជាបិតា ក្នុងគ្រាដែលស្ដេចនៅមានព្រះជន្មនៅឡើយ ដោយសួរថា៖ «តាមយោបល់របស់អស់លោក តើយើងត្រូវឆ្លើយយ៉ាងដូចម្ដេចចំពោះប្រជាជននេះ?»។