10. សូមប្រោសប្រទានឲ្យទូលបង្គំមានប្រាជ្ញា និងការយល់ដឹង ដើម្បីឲ្យទូលបង្គំចេះដឹកនាំប្រជារាស្ត្រនេះ។ បើមិនដូច្នោះទេ តើនរណាអាចគ្រប់គ្រងលើប្រជារាស្ត្រដ៏ច្រើនរបស់ព្រះអង្គបាន?»។
11. ព្រះជាម្ចាស់មានព្រះបន្ទូលមកកាន់ព្រះបាទសាឡូម៉ូនថា៖ «អ្នកមិនបានទូលសូមឲ្យមានទ្រព្យសម្បត្តិស្ដុកស្ដម្ភ ភាពថ្កុំថ្កើងរុងរឿង ឬឲ្យបច្ចាមិត្តរបស់អ្នកត្រូវស្លាប់ ហើយក៏មិនបានទូលសូមឲ្យមានអាយុវែងដែរ តែអ្នកទូលសូមឲ្យមានប្រាជ្ញា និងការយល់ដឹង ដើម្បីគ្រប់គ្រងលើប្រជារាស្ត្រ ដែលយើងបានតែងតាំងអ្នកឲ្យគ្រងរាជ្យលើពួកគេ។ ដោយអ្នកមានបំណងដូច្នេះ
12. យើងឲ្យអ្នកមានប្រាជ្ញា និងការយល់ដឹង។ លើសពីនេះ យើងក៏ផ្ដល់ឲ្យអ្នកមានទ្រព្យសម្បត្តិស្ដុកស្ដម្ភ ភាពថ្កុំថ្កើងរុងរឿង គ្មានស្ដេចណាម្នាក់អាចប្រៀបស្មើនឹងអ្នកបានឡើយ ទោះបីពីមុនក្ដី ឬទៅអនាគតក្ដី»។
13. ព្រះបាទសាឡូម៉ូនយាងពីកន្លែងសក្ការៈតាមទួលខ្ពស់ នៅគីបៀន គឺត្រង់ពន្លាជួបព្រះអម្ចាស់ វិលត្រឡប់មកក្រុងយេរូសាឡឹមវិញ ហើយគ្រងរាជ្យលើស្រុកអ៊ីស្រាអែល។
14. ព្រះបាទសាឡូម៉ូនប្រមូលរទេះចំបាំង និងពលទ័ពសេះទាំងអស់មក ឃើញមានរទេះចំបាំងចំនួនមួយពាន់បួនរយ និងពលទ័ពសេះចំនួនមួយម៉ឺនពីរពាន់នាក់។ ស្ដេចទុកមួយចំនួនឲ្យនៅជាមួយស្ដេច ក្នុងក្រុងយេរូសាឡឹម និងមួយចំនួនទៀតឲ្យទៅនៅតាមក្រុងនានា ដែលស្ដេចបម្រុងសម្រាប់ទ័ពទាំងនោះ។
15. ព្រះរាជាបានធ្វើឲ្យក្រុងយេរូសាឡឹមមានប្រាក់ មាស សម្បូណ៌ដូចដុំថ្ម និងមានឈើតាត្រៅសម្បូណ៌ ដូចដើមរាំងដែលដុះនៅតាមវាលទំនាប។
16. ពួកឈ្មួញនាំគ្នាទៅទិញសេះពីស្រុកអេស៊ីប និងគីលីគា មកថ្វាយព្រះបាទសាឡូម៉ូន។
17. ពួកគេនាំរទេះមកពីស្រុកអេស៊ីប រទេះមួយមានតម្លៃជាប្រាក់សុទ្ធប្រាំមួយរយស្លឹង និងសេះមួយតម្លៃមួយរយហាសិបស្លឹង។ ពួកឈ្មួញក៏បាននាំសេះ និងរទេះទៅលក់ថ្វាយស្ដេចទាំងប៉ុន្មាននៃជនជាតិហេត និងស្ដេចនៃជនជាតិស៊ីរីដែរ។