1. ព្រះបាទសាឡូម៉ូន ជាបុត្ររបស់ព្រះបាទដាវីឌ មានអំណាចកាន់តែរឹងមាំឡើង។ ព្រះអម្ចាស់ ជាព្រះរបស់ស្ដេច គង់នៅជាមួយ ហើយប្រោសប្រទានឲ្យស្ដេចបានខ្ពង់ខ្ពស់ថ្កុំថ្កើងបំផុត។
2. ព្រះបាទសាឡូម៉ូនកោះហៅជនជាតិអ៊ីស្រាអែលទាំងមូល ពួកមេកង មេក្រុម ចៅក្រម អ្នកដឹកនាំជនជាតិអ៊ីស្រាអែលទាំងអស់ និងមេក្រុមគ្រួសារ។
3. ព្រះបាទសាឡូម៉ូន និងអង្គប្រជុំទាំងមូល នាំគ្នាទៅកាន់កន្លែងសក្ការៈទួលខ្ពស់នៅគីបៀន ដ្បិតព្រះពន្លាជួបព្រះជាម្ចាស់ ដែលលោកម៉ូសេ ជាអ្នកបម្រើរបស់ព្រះអង្គ បានសង់នៅវាលរហោស្ថាន ស្ថិតនៅទីនោះ។
4. រីឯហិបរបស់ព្រះជាម្ចាស់ ព្រះបាទដាវីឌដង្ហែពីក្រុងគាយ៉ាត់-យារីម មកតម្កល់នៅកន្លែងដែលស្ដេចត្រៀមទុក ក្នុងពន្លានៅក្រុងយេរូសាឡឹម។
5. អាសនៈលង្ហិនដែលលោកបេតសាលាល ជាកូនរបស់លោកយូរី និងជាចៅរបស់លោកហើរ បានធ្វើ ក៏ស្ថិតនៅមុខព្រះពន្លានៅគីបៀនដែរ។ នៅទីនោះ ព្រះបាទសាឡូម៉ូន និងអង្គប្រជុំទាំងមូល នាំគ្នាទូលសួរព្រះអម្ចាស់។
6. ព្រះបាទសាឡូម៉ូនឡើងទៅកាន់អាសនៈលង្ហិន នៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ ត្រង់ពន្លាជួបជាមួយព្រះអង្គ ហើយថ្វាយតង្វាយដុតទាំងមូលចំនួនមួយពាន់។