1. បងប្អូនជាទីស្រឡាញ់អើយ នេះជាសំបុត្រទីពីរ ដែលខ្ញុំសរសេរផ្ញើមកជូនបងប្អូន។ សេចក្ដីក្នុងសំបុត្រទាំងពីរនេះ ខ្ញុំបានរំឭកដាស់តឿនបងប្អូន ឲ្យមានចិត្តគំនិតត្រឹមត្រូវជានិច្ច។
2. សូមបងប្អូនកុំភ្លេចសេចក្ដីដែលអស់លោកព្យាការី*ដ៏វិសុទ្ធ*បានថ្លែងទុកមក និងបទបញ្ជាដែលព្រះអម្ចាស់ជាព្រះសង្គ្រោះបានបង្រៀន តាមរយៈសាវ័កនានារបស់បងប្អូន។
3. ជាបឋម សូមជ្រាបថា នៅគ្រាចុងក្រោយបំផុត នឹងមានពួកអ្នកដែលរស់នៅតាមចិត្តលោភលន់របស់ខ្លួន ហើយចំអកឡកឡឺយដាក់បងប្អូន
4. គេនឹងពោលថា: «បើព្រះអង្គសន្យាថាយាងមកមែននោះ តើឥឡូវទ្រង់នៅឯណា? តាំងពីបុព្វបុរស*របស់យើងស្លាប់អស់ទៅ គ្មានអ្វីផ្លាស់ប្ដូរទេ គឺនៅតែដដែល ដូចកាលពីព្រះអង្គបង្កើតពិភពលោក!»។
5. គេនិយាយដូច្នេះ មកពីគេធ្វើជាភ្លេចថា កាលពីបុរាណ ផ្ទៃមេឃ និងផែនដី កកើតចេញពីទឹក ហើយផ្សំឡើងពីធាតុទឹក ដោយសារព្រះបន្ទូលរបស់ព្រះជាម្ចាស់។
6. បន្ទាប់មក ដោយទឹកដដែល ពិភពលោកបានលិចលង់ នៅគ្រាទឹកជំនន់ធំ។
7. មួយវិញទៀត ព្រះបន្ទូលដដែលនេះបានថ្លែងថា ផ្ទៃមេឃ និងផែនដីនាបច្ចុប្បន្នកាល នឹងត្រូវបម្រុងទុកឲ្យភ្លើងឆេះរំលាយ នៅថ្ងៃដែលព្រះជាម្ចាស់វិនិច្ឆ័យទោសមនុស្សទុច្ចរិតឲ្យវិនាសអន្តរាយ។
8. បងប្អូនជាទីស្រឡាញ់អើយ សូមបងប្អូនកុំភ្លេចចំណុចមួយនេះថា នៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ មួយថ្ងៃប្រៀបបាននឹងមួយពាន់ឆ្នាំហើយមួយពាន់ឆ្នាំក៏ប្រៀបបាននឹងមួយថ្ងៃដូច្នោះដែរ។
9. ព្រះអម្ចាស់នឹងយាងមក តាមព្រះបន្ទូលសន្យារបស់ព្រះអង្គ ឥតបង្អែបង្អង់ ដូចអ្នកខ្លះនឹកស្មាននោះឡើយ។ ព្រះអង្គសម្តែងព្រះហឫទ័យអត់ធ្មត់ចំពោះបងប្អូន ព្រោះទ្រង់មិនសព្វព្រះហឫទ័យឲ្យនរណាម្នាក់ត្រូវវិនាសទេ គឺទ្រង់សព្វព្រះហឫទ័យឲ្យមនុស្សលោកគ្រប់ៗរូបកែប្រែចិត្តគំនិតវិញ។
10. ថ្ងៃដែលព្រះអម្ចាស់យាងមកប្រៀបបានទៅនឹងពេលចោរចូលលួចដូច្នោះដែរ។ នៅគ្រានោះ ផ្ទៃមេឃនឹងរលាយសូន្យទៅ ដោយសន្ធឹកខ្ទរខ្ទារ ធាតុនានានឹងឆេះរលាយសូន្យអស់ទៅ ហើយព្រះជាម្ចាស់នឹងវិនិច្ឆ័យទោស ទាំងផែនដី ទាំងអ្វីៗដែលនៅលើផែនដីដែរ។
11. បើអ្វីៗទាំងនោះមុខតែរលាយសូន្យយ៉ាងនេះទៅហើយ បងប្អូនត្រូវមានចរិយាដ៏វិសុទ្ធ និងគោរពកោតខ្លាចព្រះជាម្ចាស់ ឲ្យមែនទែន!។
12. ចូរទន្ទឹងរង់ចាំ និងខ្នះខ្នែង ធ្វើឲ្យថ្ងៃដែលព្រះជាម្ចាស់ត្រូវយាងមកនោះ កាន់តែឆាប់មកដល់ គឺជាថ្ងៃដែលផ្ទៃមេឃនឹងត្រូវឆេះរលាយ ហើយធាតុនានានឹងឆេះរលាយសូន្យអស់ទៅដែរ។
13. យើងទន្ទឹងរង់ចាំផ្ទៃមេឃថ្មី និងផែនដីថ្មី ដែលប្រកបដោយសេចក្ដីសុចរិត តាមព្រះបន្ទូលសន្យា។