6. ព្រះអង្គបានដាក់ទោសក្រុងសូដុម និងក្រុងកូម៉ូរ៉ា ឲ្យរលាយទៅជាផេះ ទុកជាការព្រមានដល់មនុស្សទុច្ចរិតទៅថ្ងៃក្រោយ។
7. ព្រះអង្គបានដោះលែងតែលោកឡុតជាមនុស្សសុចរិត* ព្រោះគាត់ព្រួយចិត្តដោយឃើញមនុស្សអាក្រក់នៅជំនាន់នោះ វក់វីនឹងកាមគុណដ៏ថោកទាប។
8. រៀងរាល់ថ្ងៃ លោកឡុតជាមនុស្សសុចរិត ដែលរស់នៅកណ្ដាលចំណោមមនុស្សអាក្រក់ទាំងនោះ បានគ្រាំគ្រាក្នុងចិត្តដ៏សុចរិតរបស់គាត់ ព្រោះឃើញ ហើយឮនូវអំពើទុច្ចរិតទាំងប៉ុន្មានរបស់ពួកគេ។
9. យ៉ាងនេះហើយដែលព្រះអម្ចាស់អាចដោះលែងអស់អ្នកគោរពប្រណិប័តន៍ព្រះអង្គ ឲ្យរួចពីទុក្ខលំបាក តែព្រះអង្គទុកមនុស្សទុច្ចរិត សម្រាប់ដាក់ទណ្ឌកម្ម នៅថ្ងៃដែលព្រះអង្គនឹងវិនិច្ឆ័យទោសមនុស្សលោក
10. ជាពិសេស ព្រះអង្គដាក់ទណ្ឌកម្មអស់អ្នកដែលប្រព្រឹត្តអំពើថោកទាប បំពេញតាមតណ្ហារបស់និស្ស័យលោកីយ៍ ហើយមាក់ងាយអំណាចរបស់ព្រះជាម្ចាស់។ គ្រូក្លែងក្លាយទាំងនោះវាយឫកខ្ពស់ ព្រហើនក្អេងក្អាង មិនញញើតនឹងជេរប្រមាថពួកទេវតា ដែលប្រកបដោយសិរីរុងរឿងឡើយ។
11. សូម្បីតែទេវតា*ដែលមានកម្លាំង និងឫទ្ធានុភាពខ្លាំងជាងអ្នកទាំងនោះ ក៏ពុំដែលចោទប្រកាន់ប្រមាថទេវតា នៅមុខព្រះជាម្ចាស់ដែរ។
12. រីឯអ្នកទាំងនោះវិញ ពួកគេប្រៀបបាននឹងសត្វតិរច្ឆានដែលកើតមកសម្រាប់តែជាប់អន្ទាក់ និងត្រូវវិនាសអន្តរាយ ពួកគេនាំគ្នាជេរប្រមាថអ្វីៗដែលគេពុំស្គាល់។ ពួកគេមុខជាត្រូវវិនាសសូន្យទៅ ដូចសត្វតិរច្ឆានដែរ។
13. អ្នកប្រព្រឹត្តអំពើទុច្ចរិតនឹងទទួលផលពីអំពើទុច្ចរិតដែលខ្លួនបានប្រព្រឹត្ត។ អ្នកទាំងនោះត្រេកត្រអាលនឹងការស្រើបស្រាលរបស់ខ្លួនទាំងថ្ងៃ ពួកគេជាមនុស្សមានចិត្តកខ្វក់ថោកទាប ហើយនៅពេលបរិភោគអាហាររួមជាមួយបងប្អូន គេសប្បាយចិត្តចំពោះការបោកប្រាស់របស់ខ្លួនបែបនេះណាស់។
14. គេគិតតែពីរំពៃមើលស្រីៗដោយចិត្តស្រើបស្រាល និងប្រព្រឹត្តអំពើបាបមិនចេះស្កប់ឡើយ។ ពួកគេតែងទាក់ទាញចិត្តអស់អ្នកដែលមានជំនឿទន់ខ្សោយ ហើយពួកគេពូកែខាងលោភលន់ចង់បានប្រាក់។ អ្នកទាំងនោះសុទ្ធតែជាមនុស្សត្រូវបណ្ដាសា!។
15. ពួកគេបានបោះបង់មាគ៌ាត្រឹមត្រូវចោល ងាកទៅដើរតាមផ្លូវលោកបាឡាម ជាកូនរបស់លោកបេអ៊រ និងជាអ្នកស្រឡាញ់ប្រាក់ ដែលគេជួលឲ្យប្រព្រឹត្តអំពើទុច្ចរិត។
16. ប៉ុន្តែ ព្យាការី*នេះបានទទួលការស្ដីប្រដៅ ព្រោះគាត់ប្រព្រឹត្តល្មើសវិន័យ* គឺសត្វពាហនៈដែលមិនចេះនិយាយ បែរជានិយាយភាសាមនុស្ស ឃាត់គាត់កុំឲ្យប្រព្រឹត្តអំពើលេលាយ៉ាងនោះឡើយ។
17. អ្នកទាំងនោះប្រៀបបាននឹងប្រភពទឹកហួតហែង ឬពពកដែលត្រូវខ្យល់ព្យុះផាត់ គេនឹងត្រូវធ្លាក់ទៅក្នុងទីងងឹតសូន្យសុងជាមិនខាន។
18. គេព្រោកប្រាជ្ញអំពីរឿងសម្បើមអស្ចារ្យ តែគ្មានខ្លឹមសារអ្វីសោះ ហើយប្រើតណ្ហាលោភលន់តាមនិស្ស័យលោកីយ៍ មកទាក់ទាញអស់អ្នកដែលទើបនឹងរួចពីចំណោមពួកវង្វេង។
19. ពួកគេសន្យាថានឹងផ្ដល់សេរីភាពឲ្យអ្នកទាំងនោះ តែខ្លួនឯងផ្ទាល់ជាខ្ញុំកញ្ជះនៃសេចក្ដីអន្តរាយ ដ្បិតម្នាក់ៗជាខ្ញុំកញ្ជះនៃអ្វីៗដែលមានអំណាចលើខ្លួន។
20. ប្រសិនបើអ្នកណាបានលះបង់អំពើសៅហ្មងនៃលោកីយ៍ ដោយបានស្គាល់ព្រះយេស៊ូគ្រិស្ដ* ជាព្រះអម្ចាស់ និងជាព្រះសង្គ្រោះយ៉ាងច្បាស់ហើយ តែបែរជាបណ្ដោយឲ្យអំពើសៅហ្មងនេះ មានអំណាចរួបរឹត និងដឹកនាំសាជាថ្មី ជីវិតរបស់អ្នកនោះនឹងក្លាយទៅជាអាក្រក់ជាងមុនទៅទៀត។
21. គួរកុំឲ្យអ្នកនោះស្គាល់មាគ៌ាសុចរិត ជាជាងឲ្យស្គាល់ ហើយបែរជាងាកចេញពីបទបញ្ជាដ៏វិសុទ្ធដែលខ្លួនបានទទួល។
22. ហេតុការណ៍ដែលកើតមានដល់គេនេះ សឲ្យឃើញថា សេចក្ដីដែលសុភាសិតចែងទុកមកនោះពិតជាត្រឹមត្រូវមែន គឺ«ឆ្កែតែងតែវិលទៅរកកំអួតរបស់វាវិញ ជ្រូកដែលទើបនឹងលាងស្អាតក៏តែងតែវិលទៅននៀលភក់វិញដែរ»។