10. ហេតុនេះ បងប្អូនអើយ ចូរខំប្រឹងយកចិត្តទុកដាក់ធ្វើឲ្យការត្រាស់ហៅ និងការជ្រើសរើសរបស់ព្រះជាម្ចាស់ បានកាន់តែខ្ជាប់ខ្ជួនឡើងថែមទៀត។ ធ្វើយ៉ាងនេះ បងប្អូនមុខជាមិនជំពប់ដួលឡើយ។
11. ដូច្នេះ បងប្អូននឹងទទួលសិទ្ធិដ៏ធំទូលំទូលាយ អាចចូលទៅក្នុងព្រះរាជ្យ* ដែលនៅស្ថិតស្ថេរអស់កល្បជានិច្ច គឺព្រះរាជ្យរបស់ព្រះយេស៊ូគ្រិស្ដជាព្រះអម្ចាស់ និងជាព្រះសង្គ្រោះរបស់យើង។
12. ហេតុនេះ ខ្ញុំនឹងរំឭកដាស់តឿនបងប្អូនអំពីសេចក្ដីទាំងនោះជានិច្ច ទោះបីបងប្អូនបានដឹង និងនៅតែកាន់តាមសេចក្ដីពិត ដែលបងប្អូនបានទទួលយ៉ាងខ្ជាប់ខ្ជួនហើយក៏ដោយ។
13. ដរាបណាខ្ញុំនៅមានជីវិតរស់ក្នុងលោកីយ៍នេះនៅឡើយ ខ្ញុំយល់ឃើញថា ត្រូវតែរំឭកបងប្អូនឲ្យភ្ញាក់ស្មារតី។
14. ខ្ញុំដឹងថា ខ្ញុំនឹងត្រូវលាចាកលោកនេះ ក្នុងពេលឆាប់ៗខាងមុខ ដូចព្រះយេស៊ូគ្រិស្ដជាព្រះអម្ចាស់នៃយើងបានសម្តែងឲ្យខ្ញុំដឹងស្រាប់។
15. ប៉ុន្តែ ខ្ញុំនឹងខ្នះខ្នែងធ្វើយ៉ាងណា ឲ្យបងប្អូនអាចនឹកឃើញសេចក្ដីទាំងនោះ គ្រប់កាលៈទេសៈទាំងអស់ ក្រោយពេលខ្ញុំចាកលោកនេះទៅ។
16. យើងពុំបានយករឿងប្រឌិតផ្សេងៗមកណែនាំបងប្អូន ឲ្យស្គាល់ឫទ្ធានុភាពរបស់ព្រះយេស៊ូគ្រិស្ដ*ជាព្រះអម្ចាស់នៃយើង និងឲ្យដឹងថា ព្រះអង្គត្រូវយាងមកនោះឡើយ គឺយើងបានឃើញភាពថ្កុំថ្កើងរុងរឿងរបស់ព្រះអង្គ ផ្ទាល់នឹងភ្នែកតែម្ដង