5. កាលទៅដល់ គាត់ឃើញពួកមេទ័ពកំពុងអង្គុយជុំគ្នា។ គាត់ពោលឡើងថា៖ «លោកមេទ័ព ខ្ញុំប្របាទមានកិច្ចការមួយជម្រាបលោក!»។ លោកយេហ៊ូវសួរថា៖ «ក្នុងចំណោមពួកយើង តើអ្នកចង់ជួបនរណា?»។ គាត់ជម្រាបថា៖ «បាទ! គឺលោកហ្នឹងហើយ!»។
6. លោកយេហ៊ូវក្រោកឡើង ហើយចូលទៅក្នុងផ្ទះ។ យុវបុរសនោះក៏យកប្រេងចាក់បង្ហូរលើក្បាលលោក ទាំងពោលថា៖ «ព្រះអម្ចាស់ ជាព្រះរបស់ជនជាតិអ៊ីស្រាអែល មានព្រះបន្ទូលដូចតទៅ: “យើងចាក់ប្រេងអភិសេកអ្នកជាស្ដេចលើជនជាតិអ៊ីស្រាអែល ជាប្រជារាស្ត្ររបស់យើង។
7. អ្នកត្រូវប្រហារពូជពង្សអហាប់ជាម្ចាស់របស់អ្នក ហើយយើងនឹងសងបំណុលឈាមឲ្យពួកព្យាការី ជាអ្នកបម្រើរបស់យើង និងសងបំណុលឈាមពួកអ្នកបម្រើឯទៀតៗរបស់យើង ដែលយេសិបិលបានសម្លាប់។
8. ពូជពង្សអហាប់ទាំងមូលនឹងត្រូវវិនាស ហើយយើងនឹងប្រហារកូនប្រុសៗនៅក្នុងក្រុមគ្រួសារអហាប់ ទាំងអ្នកជា ទាំងអ្នកងារ ឲ្យអស់ពីស្រុកអ៊ីស្រាអែល។
9. យើងនឹងប្រព្រឹត្តចំពោះក្រុមគ្រួសារអហាប់ ដូចយើងបានប្រព្រឹត្តចំពោះក្រុមគ្រួសារយេរ៉ូបោម ជាកូនរបស់នេបាត និងក្រុមគ្រួសារបាសា ជាកូនរបស់អហ៊ីយ៉ា។
10. ឆ្កែនឹងហែកសាច់យេសិបិលស៊ី នៅក្នុងចម្ការយេសិបិល ហើយគ្មាននរណាកប់សពនាងទេ”»។ យុវបុរសជាព្យាការីក៏បើកទ្វារ ហើយរត់ចេញទៅ។
11. ពេលលោកយេហ៊ូវចេញមកជួបពួកមេទ័ពរបស់ស្ដេចវិញ គេសួរលោកថា៖ «តើមានការអ្វី? ហេតុដូចម្ដេចបានជាមនុស្សចំកួតនេះមករកលោក?»។ លោកយេហ៊ូវឆ្លើយថា៖ «អស់លោកធ្លាប់ដឹងថាព្យាការីចំពូកនេះតែងតែថ្លែងពីរឿងអ្វីស្រាប់ហើយ»។
12. ពួកមេទ័ពតបថា៖ «លោកនិយាយមិនពិតទេ! សូមប្រាប់ពួកយើងឲ្យត្រង់មក!»។ លោកឆ្លើយថា៖ «ព្យាការីនោះប្រាប់ខ្ញុំថា ព្រះអម្ចាស់មានព្រះបន្ទូលដូចតទៅ: “យើងចាក់ប្រេងអភិសេកអ្នកជាស្ដេចលើជនជាតិអ៊ីស្រាអែល”»។
13. ពួកមេទ័ពប្រញាប់ប្រញាល់ដោះអាវរៀងៗខ្លួន ក្រាលលើក្បាលជណ្ដើរ ជូនលោកយេហ៊ូវអង្គុយ រួចនាំគ្នាផ្លុំស្នែងឡើង ហើយស្រែកថា៖ «ជយោ! ព្រះបាទយេហ៊ូវ!»។