6. ស្ដេចមានរាជឱង្ការសួរនាង ហើយនាងក៏រៀបរាប់ទូលស្ដេចតាមដំណើររឿង។ ពេលនោះ ស្ដេចបញ្ជាទៅមន្ត្រីម្នាក់ថា៖ «ចូរប្រគល់ទ្រព្យសម្បត្តិទាំងប៉ុន្មានរបស់នាងឲ្យនាងវិញ ព្រមទាំងប្រគល់ភោគផលពីស្រែចម្ការរបស់នាង តាំងពីពេលនាងចាកចេញពីស្រុក រហូតមកដល់ពេលនេះផង»។
7. លោកអេលីសេធ្វើដំណើរទៅក្រុងដាម៉ាស។ ពេលនោះ ព្រះបាទបេនហាដាដជាស្ដេចស្រុកស៊ីរី កំពុងតែប្រឈួន។ គេទូលស្ដេចថា៖ «អ្នកជំនិតរបស់ព្រះជាម្ចាស់ អញ្ជើញមកដល់ហើយ»។
8. ស្ដេចមានរាជឱង្ការទៅកាន់លោកហាសែលថា៖ «ចូរនាំយកជំនូនទៅជូនអ្នកជំនិតរបស់ព្រះជាម្ចាស់ រួចទូលសួរព្រះអម្ចាស់តាមរយៈលោកថា តើយើងនឹងបានជាសះស្បើយពីជំងឺនេះឬទេ?»។
9. លោកហាសែលក៏ទៅជួបលោកអេលីសេ ដោយនាំយកជំនូនដ៏ល្អៗបំផុតដែលមាននៅក្រុងដាម៉ាស ផ្ទុកលើអូដ្ឋសែសិបក្បាល ដឹកទៅជូន។ ពេលទៅដល់ លោកហាសែលចូលជួបលោកអេលីសេ ជម្រាបថា៖ «ព្រះបាទបេនហាដាដ ជាស្ដេចស្រុកស៊ីរី ជាកូនរបស់លោក ចាត់ខ្ញុំប្របាទឲ្យមកជម្រាបសួរលោកថា តើស្ដេចនឹងជាសះស្បើយពីជំងឺឬទេ?»។
10. លោកអេលីសេឆ្លើយថា៖ «ចូរទៅទូលព្រះករុណាវិញថា ស្ដេចនឹងបានជាសះស្បើយពិតមែន! ប៉ុន្តែ ព្រះអម្ចាស់សម្តែងឲ្យខ្ញុំដឹងថា ព្រះករុណាមុខជាសោយទិវង្គតជាក់ជាមិនខាន»។
11. អ្នកជំនិតរបស់ព្រះជាម្ចាស់ សម្លឹងមុខលោកហាសែលមិនដាក់ភ្នែក រួចលោកយំ។
12. លោកហាសែលសួរព្យាការីថា៖ «ហេតុអ្វីបានជាលោកម្ចាស់យំ?»។ លោកអេលីសេឆ្លើយថា៖ «ខ្ញុំយំ ព្រោះខ្ញុំដឹងពីអំពើអាក្រក់ ដែលលោកនឹងប្រព្រឹត្តទៅលើជនជាតិអ៊ីស្រាអែល គឺលោកនឹងដុតបំផ្លាញទីក្រុងរបស់គេ លោកនឹងសម្លាប់ពួកយុវជនដោយមុខដាវ លោកនឹងបោកសម្លាប់កូនក្មេង ព្រមទាំងវះពោះស្ត្រីមានគភ៌ផង»។
13. លោកហាសែលតបថា៖ «ខ្ញុំប្របាទនេះប្រៀបដូចជាឆ្កែ តើខ្ញុំប្របាទអាចធ្វើកិច្ចការដ៏សម្បើមបែបនេះកើតឬ?»។ លោកអេលីសេឆ្លើយថា៖ «ព្រះអម្ចាស់បានសម្តែងឲ្យខ្ញុំដឹងថា លោកនឹងឡើងធ្វើជាស្ដេចលើស្រុកស៊ីរី»។
14. លោកហាសែលចាកចេញពីលោកអេលីសេ វិលត្រឡប់ទៅរកម្ចាស់របស់ខ្លួនវិញ។ ស្ដេចមានរាជឱង្ការសួរថា៖ «តើលោកអេលីសេមានប្រសាសន៍ដូចម្ដេច»។ លោកហាសែលឆ្លើយថា៖ «លោកប្រាប់ទូលបង្គំថា ព្រះករុណានឹងជាសះស្បើយពិតមែន»។
15. ស្អែកឡើង លោកហាសែលយកភួយជ្រលក់ទឹក រួចយកទៅខ្ទប់ព្រះភ័ក្ត្រស្ដេច។ ស្ដេចសោយទិវង្គត ហើយលោកហាសែលក៏ឡើងសោយរាជ្យជំនួសវិញ។
16. នៅឆ្នាំទីប្រាំនៃរជ្ជកាលព្រះបាទយ៉ូរ៉ាម ជាបុត្ររបស់ព្រះបាទអហាប់ និងជាស្ដេចស្រុកអ៊ីស្រាអែល ព្រះបាទយ៉ូរ៉ាម ជាបុត្រព្រះបាទយ៉ូសាផាត បានឡើងសោយរាជ្យនៅស្រុកយូដា