15. ស្អែកឡើង លោកហាសែលយកភួយជ្រលក់ទឹក រួចយកទៅខ្ទប់ព្រះភ័ក្ត្រស្ដេច។ ស្ដេចសោយទិវង្គត ហើយលោកហាសែលក៏ឡើងសោយរាជ្យជំនួសវិញ។
16. នៅឆ្នាំទីប្រាំនៃរជ្ជកាលព្រះបាទយ៉ូរ៉ាម ជាបុត្ររបស់ព្រះបាទអហាប់ និងជាស្ដេចស្រុកអ៊ីស្រាអែល ព្រះបាទយ៉ូរ៉ាម ជាបុត្រព្រះបាទយ៉ូសាផាត បានឡើងសោយរាជ្យនៅស្រុកយូដា
17. ក្នុងព្រះជន្មាយុសាមសិបពីរវស្សា ទ្រង់សោយរាជ្យបានប្រាំបីឆ្នាំ នៅក្រុងយេរូសាឡឹម។
18. ព្រះបាទយ៉ូរ៉ាមដើរតាមមាគ៌ារបស់ស្ដេចទាំងឡាយនៅស្រុកអ៊ីស្រាអែល និងប្រព្រឹត្តដូចរាជវង្សរបស់ព្រះបាទអហាប់ដែរ ព្រោះទ្រង់បានរៀបអភិសេកជាមួយបុត្រីរបស់ព្រះបាទអហាប់ ហើយទ្រង់ប្រព្រឹត្តអំពើអាក្រក់ មិនគាប់ព្រះហឫទ័យព្រះអម្ចាស់។
19. ប៉ុន្តែ ព្រះអម្ចាស់មិនសព្វព្រះហឫទ័យលុបបំបាត់រាជាណាចក្រយូដាទេ ព្រោះព្រះអង្គបានសន្យានឹងព្រះបាទដាវីឌ ជាអ្នកបម្រើរបស់ព្រះអង្គថា ព្រះអង្គប្រោសប្រទានឲ្យពូជពង្សរបស់ព្រះបាទដាវីឌ ឡើងសោយរាជ្យរហូតតទៅ។
20. ក្នុងរជ្ជកាលព្រះបាទយ៉ូរ៉ាម ជនជាតិអេដុមបានបះបោរប្រឆាំងនឹងការត្រួតត្រារបស់ជនជាតិយូដា ហើយនាំគ្នាតែងតាំងស្ដេចមួយអង្គឲ្យឡើងគ្រងរាជ្យលើពួកគេ។
21. ពេលនោះ ព្រះបាទយ៉ូរ៉ាមយាងចេញទៅក្រុងសាអ៊ារ ដោយនាំរទេះចំបាំងទាំងអស់ទៅជាមួយផង។ កងទ័ពអេដុមបានឡោមព័ទ្ធស្ដេច និងពួកមេបញ្ជាការកងរទេះចំបាំង។ ស្ដេចក៏តើនឡើងនៅពេលយប់ ហើយវាយបើកផ្លូវ រីឯពលទាហានយូដាបាក់ទ័ព រត់ទៅកាន់ទីលំនៅរៀងៗខ្លួនវិញ។
22. តាំងពីពេលនោះមក ជនជាតិអេដុមបានរំដោះខ្លួនពីការត្រួតត្រារបស់ជនជាតិយូដា រហូតមកដល់សព្វថ្ងៃ។ នៅគ្រានោះ ក្រុងលីបណាក៏បះបោរដែរ។
23. រាជកិច្ចផ្សេងៗទៀតរបស់ព្រះបាទយ៉ូរ៉ាម និងអ្វីៗទាំងអស់ដែលទ្រង់បានធ្វើ សុទ្ធតែមានកត់ត្រាទុកក្នុងសៀវភៅប្រវត្តិសាស្ត្ររបស់ស្ដេចស្រុកយូដា។
24. លុះព្រះបាទយ៉ូរ៉ាមសោយទិវង្គត គេបានយកសពទៅបញ្ចុះក្នុងផ្នូររបស់រាជវង្ស នៅបុរីព្រះបាទដាវីឌ ហើយព្រះបាទអហាស៊ីយ៉ា ជាបុត្រ បានឡើងស្នងរាជ្យ។
25. នៅឆ្នាំទីពីរនៃរជ្ជកាលព្រះបាទយ៉ូរ៉ាម ជាបុត្ររបស់ព្រះបាទអហាប់ និងជាស្ដេចស្រុកអ៊ីស្រាអែល ព្រះបាទអហាស៊ីយ៉ា ជាបុត្ររបស់ព្រះបាទយ៉ូរ៉ាម ឡើងសោយរាជ្យលើស្រុកយូដា
26. ក្នុងព្រះជន្មាយុម្ភៃពីរវស្សា ទ្រង់សោយរាជ្យបានមួយឆ្នាំនៅក្រុងយេរូសាឡឹម។ មាតារបស់ស្ដេចមាននាមថា អថាលា ជាចៅរបស់ព្រះបាទអូមរី ស្ដេចស្រុកអ៊ីស្រាអែល។
27. ព្រះបាទអហាស៊ីយ៉ាដើរតាមមាគ៌ារបស់រាជវង្សព្រះបាទអហាប់ ហើយប្រព្រឹត្តអំពើអាក្រក់ មិនគាប់ព្រះហឫទ័យព្រះអម្ចាស់ ដូចរាជវង្សព្រះបាទអហាប់ដែរ ព្រោះទ្រង់បានរៀបអភិសេកជាមួយញាតិវង្សរបស់ព្រះបាទអហាប់។
28. ព្រះបាទអហាស៊ីយ៉ាយាងចេញទៅច្បាំងនឹងព្រះបាទហាសែល ជាស្ដេចស្រុកស៊ីរី នៅក្រុងរ៉ាម៉ូត ក្នុងស្រុកកាឡាដ ដោយមានព្រះបាទយ៉ូរ៉ាម ជាស្ដេចស្រុកអ៊ីស្រាអែលយាងទៅជាមួយផង។ នៅពេលប្រយុទ្ធ កងទ័ពស៊ីរីវាយព្រះបាទយ៉ូរ៉ាមឲ្យរបួស។
29. ព្រះបាទយ៉ូរ៉ាមត្រឡប់មកក្រុងយេសរាលវិញ ដើម្បីព្យាបាលរបួសដែលកងទ័ពស៊ីរីបានវាយនៅភូមិរ៉ាម៉ា ក្នុងពេលស្ដេចប្រយុទ្ធជាមួយព្រះបាទហាសែល ជាស្ដេចស្រុកស៊ីរី។ ពេលនោះ ព្រះបាទអហាស៊ីយ៉ា ជាបុត្រព្រះបាទយ៉ូរ៉ាម ស្ដេចស្រុកយូដា យាងចុះទៅក្រុងយេសរាល សួរសុខទុក្ខព្រះបាទយ៉ូរ៉ាម ជាបុត្រព្រះបាទអហាប់ ដែលកំពុងតែប្រឈួនយ៉ាងខ្លាំង។