12. លោកហាសែលសួរព្យាការីថា៖ «ហេតុអ្វីបានជាលោកម្ចាស់យំ?»។ លោកអេលីសេឆ្លើយថា៖ «ខ្ញុំយំ ព្រោះខ្ញុំដឹងពីអំពើអាក្រក់ ដែលលោកនឹងប្រព្រឹត្តទៅលើជនជាតិអ៊ីស្រាអែល គឺលោកនឹងដុតបំផ្លាញទីក្រុងរបស់គេ លោកនឹងសម្លាប់ពួកយុវជនដោយមុខដាវ លោកនឹងបោកសម្លាប់កូនក្មេង ព្រមទាំងវះពោះស្ត្រីមានគភ៌ផង»។
13. លោកហាសែលតបថា៖ «ខ្ញុំប្របាទនេះប្រៀបដូចជាឆ្កែ តើខ្ញុំប្របាទអាចធ្វើកិច្ចការដ៏សម្បើមបែបនេះកើតឬ?»។ លោកអេលីសេឆ្លើយថា៖ «ព្រះអម្ចាស់បានសម្តែងឲ្យខ្ញុំដឹងថា លោកនឹងឡើងធ្វើជាស្ដេចលើស្រុកស៊ីរី»។
14. លោកហាសែលចាកចេញពីលោកអេលីសេ វិលត្រឡប់ទៅរកម្ចាស់របស់ខ្លួនវិញ។ ស្ដេចមានរាជឱង្ការសួរថា៖ «តើលោកអេលីសេមានប្រសាសន៍ដូចម្ដេច»។ លោកហាសែលឆ្លើយថា៖ «លោកប្រាប់ទូលបង្គំថា ព្រះករុណានឹងជាសះស្បើយពិតមែន»។
15. ស្អែកឡើង លោកហាសែលយកភួយជ្រលក់ទឹក រួចយកទៅខ្ទប់ព្រះភ័ក្ត្រស្ដេច។ ស្ដេចសោយទិវង្គត ហើយលោកហាសែលក៏ឡើងសោយរាជ្យជំនួសវិញ។
16. នៅឆ្នាំទីប្រាំនៃរជ្ជកាលព្រះបាទយ៉ូរ៉ាម ជាបុត្ររបស់ព្រះបាទអហាប់ និងជាស្ដេចស្រុកអ៊ីស្រាអែល ព្រះបាទយ៉ូរ៉ាម ជាបុត្រព្រះបាទយ៉ូសាផាត បានឡើងសោយរាជ្យនៅស្រុកយូដា
17. ក្នុងព្រះជន្មាយុសាមសិបពីរវស្សា ទ្រង់សោយរាជ្យបានប្រាំបីឆ្នាំ នៅក្រុងយេរូសាឡឹម។
18. ព្រះបាទយ៉ូរ៉ាមដើរតាមមាគ៌ារបស់ស្ដេចទាំងឡាយនៅស្រុកអ៊ីស្រាអែល និងប្រព្រឹត្តដូចរាជវង្សរបស់ព្រះបាទអហាប់ដែរ ព្រោះទ្រង់បានរៀបអភិសេកជាមួយបុត្រីរបស់ព្រះបាទអហាប់ ហើយទ្រង់ប្រព្រឹត្តអំពើអាក្រក់ មិនគាប់ព្រះហឫទ័យព្រះអម្ចាស់។
19. ប៉ុន្តែ ព្រះអម្ចាស់មិនសព្វព្រះហឫទ័យលុបបំបាត់រាជាណាចក្រយូដាទេ ព្រោះព្រះអង្គបានសន្យានឹងព្រះបាទដាវីឌ ជាអ្នកបម្រើរបស់ព្រះអង្គថា ព្រះអង្គប្រោសប្រទានឲ្យពូជពង្សរបស់ព្រះបាទដាវីឌ ឡើងសោយរាជ្យរហូតតទៅ។
20. ក្នុងរជ្ជកាលព្រះបាទយ៉ូរ៉ាម ជនជាតិអេដុមបានបះបោរប្រឆាំងនឹងការត្រួតត្រារបស់ជនជាតិយូដា ហើយនាំគ្នាតែងតាំងស្ដេចមួយអង្គឲ្យឡើងគ្រងរាជ្យលើពួកគេ។
21. ពេលនោះ ព្រះបាទយ៉ូរ៉ាមយាងចេញទៅក្រុងសាអ៊ារ ដោយនាំរទេះចំបាំងទាំងអស់ទៅជាមួយផង។ កងទ័ពអេដុមបានឡោមព័ទ្ធស្ដេច និងពួកមេបញ្ជាការកងរទេះចំបាំង។ ស្ដេចក៏តើនឡើងនៅពេលយប់ ហើយវាយបើកផ្លូវ រីឯពលទាហានយូដាបាក់ទ័ព រត់ទៅកាន់ទីលំនៅរៀងៗខ្លួនវិញ។
22. តាំងពីពេលនោះមក ជនជាតិអេដុមបានរំដោះខ្លួនពីការត្រួតត្រារបស់ជនជាតិយូដា រហូតមកដល់សព្វថ្ងៃ។ នៅគ្រានោះ ក្រុងលីបណាក៏បះបោរដែរ។
23. រាជកិច្ចផ្សេងៗទៀតរបស់ព្រះបាទយ៉ូរ៉ាម និងអ្វីៗទាំងអស់ដែលទ្រង់បានធ្វើ សុទ្ធតែមានកត់ត្រាទុកក្នុងសៀវភៅប្រវត្តិសាស្ត្ររបស់ស្ដេចស្រុកយូដា។
24. លុះព្រះបាទយ៉ូរ៉ាមសោយទិវង្គត គេបានយកសពទៅបញ្ចុះក្នុងផ្នូររបស់រាជវង្ស នៅបុរីព្រះបាទដាវីឌ ហើយព្រះបាទអហាស៊ីយ៉ា ជាបុត្រ បានឡើងស្នងរាជ្យ។