8. ក្រោយពីដើរមើលជុំវិញកន្លែងបោះទ័ពរួចហើយ មនុស្សឃ្លង់ទាំងនោះក៏ចូលទៅក្នុងតង់ត៍មួយ នាំគ្នាស៊ីផឹក រួចជញ្ជូនយកមាសប្រាក់ និងសម្លៀកបំពាក់ទៅលាក់ទុក។ លុះត្រឡប់មកវិញ ពួកគេចូលទៅក្នុងតង់ត៍មួយទៀត ប្រមូលរបស់របរ ដែលមាននៅទីនោះយកទៅលាក់ទៀត។
9. មនុស្សឃ្លង់ទាំងបួននាក់និយាយគ្នាថា៖ «ពួកយើងធ្វើដូច្នេះមិនសមទេ ដ្បិតថ្ងៃនេះ ពួកយើងដឹងដំណឹងល្អ ប្រសិនបើយើងនៅស្ងៀមរង់ចាំរហូតដល់ភ្លឺ ព្រះជាម្ចាស់ពិតជាដាក់ទោសយើងមិនខាន។ ដូច្នេះ ចូរយើងនាំដំណឹងល្អនេះទៅប្រាប់អ្នកនៅក្នុងវាំង»។
10. មនុស្សឃ្លង់ទាំងបួននាក់នាំគ្នាទៅហៅអ្នកយាមទ្វារក្រុង ហើយប្រាប់ថា៖ «ពួកយើងបានចូលទៅក្នុងទីតាំងទ័ពរបស់ពួកស៊ីរី តែពុំប្រទះឃើញនរណាម្នាក់ ឬក៏ឮសូរសំឡេងមនុស្សណាសោះឡើយ។ ពួកយើងឃើញមានតែសេះ លា ដែលគេចងទុក និងតង់ត៍ដែលគេបោះបង់ចោលប៉ុណ្ណោះ»។
11. អ្នកយាមទ្វារស្រែកប្រាប់អ្នកនៅខាងក្នុង ឲ្យនាំដំណឹងនេះទៅប្រាប់អ្នកនៅក្នុងវាំង។
12. ស្ដេចតើនឡើងទាំងយប់ រួចមានរាជឱង្ការទៅកាន់ពួកមន្ត្រីថា៖ «សូមអស់លោកជ្រាបថា នេះជាឧបាយកលរបស់ពួកស៊ីរីប្រឆាំងនឹងយើង។ ពួកគេដឹងថា យើងទាំងអស់គ្នាកំពុងតែអត់ឃ្លាន ដូច្នេះ ពួកគេចេញពីទីតាំងទ័ពទៅលាក់ខ្លួននៅឯវាល ដោយនឹកគិតថា កាលណាពួកយើងចេញពីទីក្រុង នោះពួកគេនឹងចាប់ពួកយើងទាំងរស់ រួចចូលមកក្នុងក្រុង»។
13. មានមន្ត្រីម្នាក់ទូលស្ដេចថា៖ «សូមឲ្យគេយកសេះប្រាំក្បាល ដែលនៅសល់ក្នុងទីក្រុងមក ហើយចាត់អ្នកខ្លះឲ្យទៅជាមួយសេះទាំងនោះ ដើម្បីពិនិត្យមើលហេតុការណ៍។ ទោះបីយ៉ាងណាក្ដី ក៏សេះទាំងនេះមុខជាងាប់ ដូចប្រជាជនអ៊ីស្រាអែលទាំងប៉ុន្មានដែលនៅក្នុងក្រុងដែរ»។
14. គេយករទេះចំបាំងពីរគ្រឿងទឹមដោយសេះ មកថ្វាយស្ដេច ហើយស្ដេចក៏ចាត់មនុស្សចេញទៅតាមកងទ័ពស៊ីរី ដោយមានរាជឱង្ការថា៖ «ចូរចេញទៅពិនិត្យមើលហេតុការណ៍នោះចុះ!»។
15. ពួកគេចេញទៅតាមកងទ័ពស៊ីរីរហូតដល់ទន្លេយ័រដាន់ ហើយនៅតាមផ្លូវឃើញមានសុទ្ធតែខោអាវ និងរបស់របរដែលកងទ័ពស៊ីរីដោះបោះចោលរប៉ាត់រប៉ាយ ព្រោះប្រញាប់រត់យករួចជីវិត។ អ្នកដែលស្ដេចចាត់ឲ្យទៅ ក៏វិលមកវិញរាយការណ៍ថ្វាយស្ដេច។
16. ពេលនោះ ប្រជាជននាំគ្នាចេញពីទីក្រុង ទៅដណ្ដើមយករបស់របរនៅក្នុងទីតាំងទ័ពស៊ីរី។ ដូច្នេះ អង្ករមួយតៅថ្លៃតែមួយកាក់ ហើយពោតមួយថាំងក៏ថ្លៃតែមួយកាក់ ស្របតាមព្រះបន្ទូលរបស់ព្រះអម្ចាស់។