1. លោកអេលីសេមានប្រសាសន៍ថា៖ «ចូរស្ដាប់ព្រះបន្ទូលរបស់ព្រះអម្ចាស់! ព្រះអម្ចាស់មានព្រះបន្ទូលដូចតទៅ: ស្អែកពេលថ្មើរនេះ នៅមាត់ទ្វារក្រុងសាម៉ារី អង្ករមួយតៅថ្លៃតែមួយកាក់ ហើយពោតមួយថាំងក៏ថ្លៃតែមួយកាក់ដែរ»។
2. អង្គរក្សរបស់ស្ដេចឆ្លើយទៅអ្នកជំនិតរបស់ព្រះជាម្ចាស់វិញថា៖ «ទោះបីព្រះអម្ចាស់បើកទ្វារមេឃក្ដី ក៏ហេតុការណ៍នោះមិនអាចកើតមានដែរ?»។ លោកអេលីសេមានប្រសាសន៍ថា៖ «ចាំមើលចុះ លោកមុខជាឃើញផ្ទាល់នឹងភ្នែក តែលោកពុំបានបរិភោគទេ»។
3. នៅមាត់ទ្វារក្រុង មានមនុស្សឃ្លង់បួននាក់ជជែកគ្នាថា៖ «ហេតុដូចម្ដេចបានជាយើងនាំគ្នាអង្គុយរង់ចាំសេចក្ដីស្លាប់នៅទីនេះ?
4. ប្រសិនបើយើងសម្រេចគ្នាថាចូលទៅក្នុងក្រុង យើងមុខជាអត់បាយស្លាប់ ព្រោះនៅក្នុងក្រុង គ្មានអ្វីបរិភោគឡើយ។ ប្រសិនបើយើងនៅទីនេះ យើងក៏ស្លាប់ដែរ។ ដូច្នេះ យើងគួរនាំគ្នារត់ទៅចុះចូលនឹងកងទ័ពស៊ីរីទៅ ក្រែងលោគេទុកជីវិតឲ្យយើង ហើយយើងនឹងបានរស់រានមានជីវិត! ប្រសិនបើពួកគេសម្លាប់ យើងក៏ស្លាប់ដូចតែគ្នា!»។
5. នៅពេលថ្ងៃលិច ពួកគេក្រោកឡើង នាំគ្នាដើរឆ្ពោះទៅទីតាំងទ័ពស៊ីរី។ កាលមនុស្សឃ្លង់ទាំងបួននាក់ទៅជិតដល់ទីតាំងទ័ព ពួកគេពុំប្រទះឃើញមាននរណាម្នាក់សោះ។
6. ពីមុននោះ ព្រះអម្ចាស់បានធ្វើឲ្យកងពលស៊ីរីនៅក្នុងទីតាំងទ័ព ឮស្នូរសន្ធឹករទេះចំបាំង និងទ័ពសេះ ព្រមទាំងកងទ័ពមួយយ៉ាងធំ។ ពួកគេនិយាយគ្នាថា៖ «ពិតជាស្ដេចស្រុកអ៊ីស្រាអែលទៅពឹងទ័ពរបស់ស្ដេចជនជាតិហេត និងទ័ពរបស់ស្ដេចស្រុកអេស៊ីប ឲ្យមកច្បាំងនឹងយើងហើយ!»។
7. នៅពេលថ្ងៃលិច កងទ័ពស៊ីរីនាំគ្នាក្រោកឡើង រត់ប្រាសអាយុ ដោយបោះបង់ចោលតង់ត៍ ព្រមទាំងសេះ និងលាផង។ ពួកគេទុកអ្វីៗទាំងអស់ចោលនៅក្នុងជំរំ ហើយរត់យកតែរួចខ្លួនប៉ុណ្ណោះ។
8. ក្រោយពីដើរមើលជុំវិញកន្លែងបោះទ័ពរួចហើយ មនុស្សឃ្លង់ទាំងនោះក៏ចូលទៅក្នុងតង់ត៍មួយ នាំគ្នាស៊ីផឹក រួចជញ្ជូនយកមាសប្រាក់ និងសម្លៀកបំពាក់ទៅលាក់ទុក។ លុះត្រឡប់មកវិញ ពួកគេចូលទៅក្នុងតង់ត៍មួយទៀត ប្រមូលរបស់របរ ដែលមាននៅទីនោះយកទៅលាក់ទៀត។
9. មនុស្សឃ្លង់ទាំងបួននាក់និយាយគ្នាថា៖ «ពួកយើងធ្វើដូច្នេះមិនសមទេ ដ្បិតថ្ងៃនេះ ពួកយើងដឹងដំណឹងល្អ ប្រសិនបើយើងនៅស្ងៀមរង់ចាំរហូតដល់ភ្លឺ ព្រះជាម្ចាស់ពិតជាដាក់ទោសយើងមិនខាន។ ដូច្នេះ ចូរយើងនាំដំណឹងល្អនេះទៅប្រាប់អ្នកនៅក្នុងវាំង»។