3. មានម្នាក់ក្នុងចំណោមព្យាការីពោលថា៖ «សូមលោកអញ្ជើញទៅជាមួយយើងខ្ញុំផង!»។ លោកឆ្លើយថា៖ «ខ្ញុំយល់ព្រមទៅជាមួយ»។
4. លោកធ្វើដំណើរទៅជាមួយពួកគេ។ លុះទៅដល់ទន្លេយ័រដាន់ ពួកគេនាំគ្នាកាប់ដើមឈើ។
5. ពេលនោះ មានម្នាក់ក្នុងចំណោមពួកគេបានកាប់ដើមឈើ ហើយផ្លែពូថៅរបស់គាត់របូតធ្លាក់ទៅក្នុងទឹក។ គាត់ស្រែកឡើងថា៖ «វីវរហើយលោកម្ចាស់! ពូថៅនេះខ្ញុំខ្ចីគេផង!»។
6. អ្នកជំនិតរបស់ព្រះជាម្ចាស់សួរថា៖ «តើផ្លែពូថៅនោះធ្លាក់នៅកន្លែងណា?»។ គាត់ចង្អុលបង្ហាញកន្លែងដែលផ្លែពូថៅធ្លាក់។ លោកអេលីសេកាត់ឈើមួយកង់បោះទៅក្នុងទឹក ផ្លែពូថៅក៏ផុសពីទឹកអណ្ដែតឡើង។
7. លោកបង្គាប់ថា៖ «ចូរស្រង់មក!»។ បុរសនោះលូកដៃទៅចាប់ផ្លែពូថៅស្រង់ឡើង។
8. ក្នុងពេលស្ដេចស្រុកស៊ីរីកំពុងតែធ្វើសង្គ្រាមជាមួយជនជាតិអ៊ីស្រាអែល ទ្រង់កោះហៅពួកមេទ័ពមករួមប្រជុំពិភាក្សាគ្នា រួចមានរាជឱង្ការថា៖ «យើងនឹងបោះទ័ពនៅកន្លែងមួយនោះ»។
9. អ្នកជំនិតរបស់ព្រះជាម្ចាស់ ចាត់គេឲ្យទៅទូលស្ដេចស្រុកអ៊ីស្រាអែលថា៖ «សូមព្រះករុណាប្រុងប្រយ័ត្ន កុំយាងកាត់តាមកន្លែងមួយនោះឲ្យសោះ ដ្បិតកងទ័ពស៊ីរីចុះមកតាមនោះហើយ!»។
10. ស្ដេចស្រុកអ៊ីស្រាអែលចាត់មនុស្សឲ្យទៅស៊ើបការណ៍ នៅកន្លែង ដែលអ្នកជំនិតរបស់ព្រះជាម្ចាស់ប្រាប់។ ហេតុការណ៍កើតមានជាច្រើនលើកច្រើនសា ដូចពាក្យលោកអេលីសេទូលស្ដេចឲ្យប្រុងប្រយ័ត្នជាមុន។
11. ស្ដេចស្រុកស៊ីរីមានព្រះហឫទ័យខ្វល់ខ្វាយជាខ្លាំងចំពោះហេតុការណ៍នេះ ទ្រង់កោះហៅពួកមេទ័ពមក ហើយមានរាជឱង្ការថា៖ «ហេតុអ្វីបានជាអស់លោកមិនប្រាប់ឲ្យខ្ញុំដឹងថា ក្នុងចំណោមពួកយើង មានម្នាក់ចូលដៃជាមួយស្ដេចស្រុកអ៊ីស្រាអែល?»។
12. មានមេទ័ពម្នាក់ទូលថា៖ «បពិត្រព្រះករុណាជាអម្ចាស់! គ្មាននរណាក្បត់ទេ! ប៉ុន្តែ អ្វីៗដែលព្រះករុណាមានរាជឱង្ការក្នុងក្រឡាបន្ទំ ព្យាការីអេលីសេនៅស្រុកអ៊ីស្រាអែល យកទៅទូលស្ដេចស្រុកអ៊ីស្រាអែលទាំងអស់»។
13. ស្ដេចស្រុកស៊ីរីមានរាជឱង្ការថា៖ «ចូរទៅរកមើលកន្លែងដែលគាត់នៅ យើងនឹងចាត់មនុស្សឲ្យទៅចាប់!»។ គេទូលស្ដេចថា៖ «លោកនៅក្រុងដូថាន់»។
14. ស្ដេចស្រុកស៊ីរីចាត់ពលទាហានយ៉ាងច្រើន មានទាំងពលសេះ និងរទេះចំបាំងផង។ កងទ័ពស៊ីរីទៅដល់ក្នុងពេលយប់នោះ ហើយឡោមព័ទ្ធទីក្រុង។
15. លុះព្រឹកឡើង អ្នកបម្រើរបស់អ្នកជំនិតព្រះជាម្ចាស់បានភ្ញាក់ពីព្រលឹម ចេញមកក្រៅ ឃើញមានពលទាហាន មានទ័ពសេះ និងរទេះចំបាំងឡោមព័ទ្ធទីក្រុង។ អ្នកបម្រើនោះជម្រាបអ្នកជំនិតរបស់ព្រះជាម្ចាស់ថា៖ «លោកម្ចាស់អើយ! តើយើងត្រូវធ្វើដូចម្ដេច?»។
16. លោកឆ្លើយថា៖ «កុំខ្លាចអ្វីឡើយ! ដ្បិតអ្នកដែលនៅខាងយើង មានគ្នាច្រើនជាងពួកគេទៅទៀត»។
17. លោកអេលីសេអធិស្ឋានថា៖ «បពិត្រព្រះអម្ចាស់! សូមមេត្តាបើកភ្នែកគេឲ្យមើលឃើញផង!»។ ព្រះអម្ចាស់បើកភ្នែកអ្នកបម្រើនោះ ហើយគេក៏មើលឃើញ នៅលើភ្នំ មានសុទ្ធតែទ័ពសេះ និងរទេះចំបាំងជាភ្លើង ជុំវិញលោកអេលីសេ។