២ ពង្សា‌វតារ‌ក្សត្រ 6:20-24 Khmer Standard Version (KHSV)

20. លុះ​ពួក​គេ​ចូល​ក្នុង​ក្រុង​សាម៉ារី​ហើយ លោក​អេលីសេ​អធិស្ឋាន​ថា៖ «បពិត្រ​ព្រះ‌អម្ចាស់! សូម​មេត្តា​ប្រោស​ឲ្យ​ភ្នែក​របស់​អ្នក​ទាំង​នេះ​ភ្លឺ​ផង!»។ ព្រះ‌អម្ចាស់​ធ្វើ​ឲ្យ​ភ្នែក​របស់​ពួក​គេ​ភ្លឺ ហើយ​ពួក​គេ​ឃើញ​ថា ខ្លួន​កំពុង​ស្ថិត​នៅ​កណ្ដាល​ក្រុង​សាម៉ារី។

21. ពេល​ស្ដេច​ស្រុក​អ៊ីស្រា‌អែល​ទត​ឃើញ​ទាហាន​ស៊ីរី ស្ដេច​មាន​រាជ‌ឱង្ការ​សួរ​លោក​អេលីសេ​ថា៖ «លោក​ឪពុក! តើ​យើង​ត្រូវ​ប្រហារ​ជីវិត​ពួក​គេ​ឬ?»។

22. លោក​ទូល​ស្ដេច​ថា៖ «សូម​កុំ​ប្រហារ​ជីវិត​ពួក​គេ​ធ្វើ​អ្វី តើ​ព្រះ‌ករុណា​គួរ​ប្រហារ​ជីវិត​ឈ្លើយ​សឹក​ដោយ​មុខ​ដាវ ឬ​ដោយ​ព្រួញ? សូម​ព្រះ‌ករុណា​ប្រទាន​នំបុ័ង និង​ទឹក​ឲ្យ​ពួក​គេ​បរិភោគ រួច​លែង​ពួក​គេ​ឲ្យ​វិល​ទៅ​ជួប​ម្ចាស់​របស់​ខ្លួន​វិញ​ចុះ»។

23. ស្ដេច​ស្រុក​អ៊ីស្រា‌អែល​រៀប‌ចំ​ពិធី​ជប់‌លៀង​មួយ​យ៉ាង​ធំ ទទួល​ទាហាន​ស៊ីរី​ទាំង​នោះ។ កាល​ពួក​គេ​បរិភោគ​រួច​ហើយ ស្ដេច​ឲ្យ​ពួក​គេ​វិល​ទៅ​រក​ម្ចាស់​របស់​ខ្លួន​វិញ។ ចាប់​តាំង​ពី​ពេល​នោះ​មក ទាហាន​ស៊ីរី​លែង​ឈ្លាន‌ពាន​ចូល​មក​ក្នុង​ទឹក​ដី​អ៊ីស្រា‌អែល​ទៀត។

24. លុះ​ក្រោយ​មក ព្រះ‌បាទ​បេនហា‌ដាដ ជា​ស្ដេច​ស្រុក​ស៊ីរី ប្រមូល​កង‌ទ័ព​ទាំង​អស់ ឡើង​ទៅ​ឡោម‌ព័ទ្ធ​ក្រុង​សាម៉ារី។

២ ពង្សា‌វតារ‌ក្សត្រ 6