6. លោកយកសំបុត្ររបស់ស្ដេចស្រុកស៊ីរីថ្វាយស្ដេចអ៊ីស្រាអែល សំបុត្រនោះមានសេចក្ដីដូចតទៅ៖ «សូមព្រះករុណាជ្រាបថា អ្នកដែលនាំសំបុត្រនេះមកថ្វាយ គឺលោកណាម៉ាន់ ជាមន្ត្រីរបស់ទូលបង្គំ សូមព្រះករុណាមេត្តាជួយព្យាបាលលោក ឲ្យជាសះស្បើយពីរោគឃ្លង់ផង»។
7. កាលស្ដេចស្រុកអ៊ីស្រាអែលអានសំបុត្រនេះចប់ ទ្រង់ហែកព្រះភូសាហើយមានរាជឱង្ការថា៖ «តើយើងនេះជាព្រះដែលអាចធ្វើឲ្យមនុស្សស្លាប់ និងរស់កើតឬ បានជាស្ដេចបញ្ជូនមនុស្សឃ្លង់មកឲ្យយើងព្យាបាលដូច្នេះ? សូមជួយពិចារណាមើលចុះ! ស្ដេចស្រុកស៊ីរីពិតជារកលេស បង្កជម្លោះជាមួយយើងហើយ!»។
8. កាលព្យាការីអេលីសេជាអ្នកជំនិតរបស់ព្រះជាម្ចាស់ជ្រាបថា ស្ដេចស្រុកអ៊ីស្រាអែលហែកព្រះភូសា លោកក៏ចាត់គេឲ្យទៅទូលសួរស្ដេចថា៖ «ហេតុអ្វីបានជាព្រះករុណាហែកព្រះភូសាដូច្នេះ? សូមប្រាប់ឲ្យលោកណាម៉ាន់មកជួបនឹងទូលបង្គំចុះ នោះគាត់នឹងដឹងថា នៅស្រុកអ៊ីស្រាអែលមានព្យាការីម្នាក់មែន!»។
9. លោកណាម៉ាន់ជិះរទេះសេះមកឈប់នៅមុខផ្ទះលោកអេលីសេ។
10. ព្យាការីអេលីសេចាត់គេឲ្យទៅជម្រាបលោកថា៖ «សូមអញ្ជើញទៅមុជទឹកទន្លេយ័រដាន់ឲ្យបានចំនួនប្រាំពីរដងចុះ នោះស្បែករបស់លោកនឹងជាសះស្បើយ ហើយលោកនឹងបានបរិសុទ្ធមិនខាន»។
11. លោកណាម៉ាន់ក៏ខឹង ហើយដើរចេញទៅ ទាំងរអ៊ូថា៖ «ខ្ញុំនឹកស្មានថាព្យាការីមុខជាចេញមកទទួលខ្ញុំ ហើយឈរទូលអង្វរព្រះអម្ចាស់ ជាព្រះរបស់លោក រួចដាក់ដៃលើដំបៅរបស់ខ្ញុំឲ្យជាសះស្បើយ។
12. នៅក្រុងដាម៉ាសក៏មានទន្លេដែរ គឺទន្លេអាបាណា និងទន្លេផើផើរ បើគ្រាន់តែមុជទឹក ហើយខ្ញុំបានជាសះស្បើយនោះ ខ្ញុំទៅមុជទឹកទន្លេនៅស្រុកខ្ញុំ ប្រសើរជាងមុជទឹកក្នុងទន្លេទាំងប៉ុន្មាន នៅស្រុកអ៊ីស្រាអែលនេះ!»។ លោកណាម៉ាន់ចាកចេញទៅ ទាំងក្រេវក្រោធ។
13. ប៉ុន្តែ អ្នកបម្រើរបស់លោកចូលទៅជិតលោក ជម្រាបថា៖ «លោកឪពុក! ប្រសិនបើព្យាការីបង្គាប់ឲ្យធ្វើកិច្ចការអ្វីពិបាក នោះលោកប្រាកដជាធ្វើតាមមិនខាន ពេលនេះ ព្យាការីគ្រាន់តែសុំឲ្យលោកមុជទឹក ដើម្បីជាស្អាតបរិសុទ្ធ ម្ដេចក៏លោកមិនធ្វើតាម?»។
14. លោកណាម៉ាន់ក៏ចុះទៅក្នុងទន្លេយ័រដាន់ ហើយមុជក្នុងទឹកចំនួនប្រាំពីរដង តាមពាក្យដែលអ្នកជំនិតរបស់ព្រះជាម្ចាស់បានប្រាប់ ស្រាប់តែសាច់របស់លោកឡើងស្អាត ដូចសាច់កូនក្មេង លោកក៏ជាស្អាតបរិសុទ្ធ។
15. លោកត្រឡប់មកជួបអ្នកជំនិតរបស់ព្រះជាម្ចាស់ ជាមួយពួកបម្រើរបស់លោក។ ពេលទៅដល់ លោកឈរនៅមុខព្យាការី ជម្រាបថា៖ «ខ្ញុំប្របាទដឹងច្បាស់ថា នៅលើផែនដីទាំងមូល ក្រៅពីព្រះរបស់ជនជាតិអ៊ីស្រាអែល គ្មានព្រះណាផ្សេងទៀតឡើយ! ឥឡូវនេះ សូមលោកមេត្តាទទួលជំនូនពីខ្ញុំប្របាទផងចុះ»។
16. លោកអេលីសេមានប្រសាសន៍តបវិញថា៖ «ខ្ញុំសូមស្បថ ក្នុងនាមព្រះអម្ចាស់ដែលមានព្រះជន្មគង់នៅ ហើយដែលខ្ញុំគោរពបម្រើថា ខ្ញុំមិនទទួលជំនូនអ្វីពីលោកទេ!»។ លោកណាម៉ាន់ទទូចអង្វរសូមឲ្យព្យាការីទទួល តែលោកមិនព្រមទទួលជាដាច់ខាត។
17. លោកណាម៉ាន់ក៏មានប្រសាសន៍ថា៖ «បើលោកមិនព្រមទេនោះ សូមមេត្តាអនុញ្ញាត ឲ្យខ្ញុំប្របាទយកដី ផ្ទុកលើខ្នងលាពីរ ដឹកទៅផង ដ្បិតពីពេលនេះតទៅ ខ្ញុំប្របាទមិនថ្វាយតង្វាយដុតទាំងមូល ឬយញ្ញបូជាចំពោះព្រះដទៃ ក្រៅពីព្រះអម្ចាស់ឡើយ។
18. ប៉ុន្តែ សូមព្រះអម្ចាស់មេត្តាអត់ទោសឲ្យខ្ញុំប្របាទ នៅពេលណាព្រះរាជារបស់ខ្ញុំប្របាទយាងចូលទៅថ្វាយបង្គំព្រះរីម៉ូនក្នុងព្រះវិហារ ស្ដេចតែងតែទប់ព្រះកាយលើដៃរបស់ខ្ញុំប្របាទ នោះខ្ញុំប្របាទត្រូវតែក្រាបនៅចំពោះមុខព្រះរីម៉ូនដែរ។ ដូច្នេះ កាលណាខ្ញុំប្របាទក្រាបនៅចំពោះមុខព្រះរីម៉ូន សូមព្រះអម្ចាស់មេត្តាអត់ទោសឲ្យខ្ញុំប្របាទផង»។
19. ព្យាការីអេលីសេមានប្រសាសន៍ថា៖ «សូមលោកអញ្ជើញទៅដោយសុខសាន្តចុះ»។កាលលោកណាម៉ាន់ចាកចេញពីព្យាការីអេលីសេបានឆ្ងាយបន្តិច
20. កេហាស៊ី ជាអ្នកបម្រើរបស់លោកអេលីសេ អ្នកជំនិតរបស់ព្រះជាម្ចាស់ នឹកគិតថា៖ «ម្ចាស់របស់ខ្ញុំប្រកែកមិនព្រមទទួលជំនូនពីលោកណាម៉ាន់ ជាជនជាតិស៊ីរីសោះ។ ខ្ញុំសូមស្បថ ក្នុងនាមព្រះអម្ចាស់ដែលមានព្រះជន្មគង់នៅថា ខ្ញុំនឹងរត់ដេញតាមលោកណាម៉ាន់ ដើម្បីសុំរបស់ខ្លះពីគាត់!»។
21. កេហាស៊ីក៏រត់តាមលោកណាម៉ាន់។ កាលលោកណាម៉ាន់ឃើញកេហាស៊ីរត់មកតាមលោក លោកក៏ប្រញាប់ចុះពីលើរទេះមកទទួល ហើយសួរថា៖ «តើមានហេតុការណ៍អ្វី?»។
22. កេហាស៊ីឆ្លើយថា៖ «គ្មានហេតុការណ៍អ្វីទេ! ប៉ុន្តែ ម្ចាស់របស់ខ្ញុំប្របាទចាត់ខ្ញុំប្របាទឲ្យមកជម្រាបលោកថា “មានសមាជិកនៃក្រុមព្យាការីពីររូបមកពីតំបន់ភ្នំអេប្រាអ៊ីម ទើបនឹងមកដល់ផ្ទះខ្ញុំ សូមលោកមេត្តាជួយផ្ដល់ប្រាក់មួយហាប និងសម្លៀកបំពាក់ពីរបន្លាស់សម្រាប់គេទាំងពីរផង”»។
23. លោកណាម៉ាន់មានប្រសាសន៍ថា៖ «សូមទទួលយកប្រាក់ពីរហាបចុះ»។ លោកបង្ខំកេហាស៊ីឲ្យទទួលប្រាក់ពីរហាប ព្រមទាំងសម្លៀកបំពាក់ពីរបន្លាស់ដាក់ក្នុងថង់ពីរ រួចចាត់អ្នកបម្រើពីរនាក់ឲ្យលីទៅជាមួយកេហាស៊ី។