16. លោកអេលីសេមានប្រសាសន៍តបវិញថា៖ «ខ្ញុំសូមស្បថ ក្នុងនាមព្រះអម្ចាស់ដែលមានព្រះជន្មគង់នៅ ហើយដែលខ្ញុំគោរពបម្រើថា ខ្ញុំមិនទទួលជំនូនអ្វីពីលោកទេ!»។ លោកណាម៉ាន់ទទូចអង្វរសូមឲ្យព្យាការីទទួល តែលោកមិនព្រមទទួលជាដាច់ខាត។
17. លោកណាម៉ាន់ក៏មានប្រសាសន៍ថា៖ «បើលោកមិនព្រមទេនោះ សូមមេត្តាអនុញ្ញាត ឲ្យខ្ញុំប្របាទយកដី ផ្ទុកលើខ្នងលាពីរ ដឹកទៅផង ដ្បិតពីពេលនេះតទៅ ខ្ញុំប្របាទមិនថ្វាយតង្វាយដុតទាំងមូល ឬយញ្ញបូជាចំពោះព្រះដទៃ ក្រៅពីព្រះអម្ចាស់ឡើយ។
18. ប៉ុន្តែ សូមព្រះអម្ចាស់មេត្តាអត់ទោសឲ្យខ្ញុំប្របាទ នៅពេលណាព្រះរាជារបស់ខ្ញុំប្របាទយាងចូលទៅថ្វាយបង្គំព្រះរីម៉ូនក្នុងព្រះវិហារ ស្ដេចតែងតែទប់ព្រះកាយលើដៃរបស់ខ្ញុំប្របាទ នោះខ្ញុំប្របាទត្រូវតែក្រាបនៅចំពោះមុខព្រះរីម៉ូនដែរ។ ដូច្នេះ កាលណាខ្ញុំប្របាទក្រាបនៅចំពោះមុខព្រះរីម៉ូន សូមព្រះអម្ចាស់មេត្តាអត់ទោសឲ្យខ្ញុំប្របាទផង»។
19. ព្យាការីអេលីសេមានប្រសាសន៍ថា៖ «សូមលោកអញ្ជើញទៅដោយសុខសាន្តចុះ»។កាលលោកណាម៉ាន់ចាកចេញពីព្យាការីអេលីសេបានឆ្ងាយបន្តិច
20. កេហាស៊ី ជាអ្នកបម្រើរបស់លោកអេលីសេ អ្នកជំនិតរបស់ព្រះជាម្ចាស់ នឹកគិតថា៖ «ម្ចាស់របស់ខ្ញុំប្រកែកមិនព្រមទទួលជំនូនពីលោកណាម៉ាន់ ជាជនជាតិស៊ីរីសោះ។ ខ្ញុំសូមស្បថ ក្នុងនាមព្រះអម្ចាស់ដែលមានព្រះជន្មគង់នៅថា ខ្ញុំនឹងរត់ដេញតាមលោកណាម៉ាន់ ដើម្បីសុំរបស់ខ្លះពីគាត់!»។