1. មានបុរសម្នាក់ឈ្មោះណាម៉ាន់ ជាមេទ័ពរបស់ស្ដេចស្រុកស៊ីរី។ ស្ដេចសព្វព្រះហឫទ័យនឹងលោកណាស់ ដ្បិតព្រះអម្ចាស់ប្រទានជ័យជំនះដល់ស្រុកស៊ីរី ព្រោះតែលោក។ ប៉ុន្តែ មេទ័ពដ៏ខ្លាំងពូកែនេះកើតរោគឃ្លង់។
2. គ្រានោះ កងទ័ពស៊ីរីបានចេញមកច្បាំងនឹងស្រុកអ៊ីស្រាអែល ហើយចាប់បានក្មេងស្រីម្នាក់នាំយកទៅជាឈ្លើយ។ ក្មេងស្រីនេះនៅបម្រើភរិយារបស់លោកណាម៉ាន់។
3. នាងជម្រាបម្ចាស់ស្រីថា៖ «ប្រសិនបើលោកម្ចាស់អាចទៅជួបព្យាការីនៅក្រុងសាម៉ារី លោកមុខជាជួយលោកម្ចាស់ឲ្យជាសះស្បើយពីរោគឃ្លង់ពុំខាន!»។
4. លោកណាម៉ាន់នាំយកពាក្យក្មេងស្រីពីស្រុកអ៊ីស្រាអែលនោះទៅទូលស្ដេចស្រុកស៊ីរី។
5. ស្ដេចមានរាជឱង្ការថា៖ «សូមលោកអញ្ជើញទៅក្រុងសាម៉ារីចុះ! យើងនឹងសរសេរសំបុត្រមួយផ្ញើទៅថ្វាយស្ដេចស្រុកអ៊ីស្រាអែល»។ លោកណាម៉ាន់ចេញដំណើរទៅ ដោយនាំយកប្រាក់ដប់ហាប មាសប្រាំមួយពាន់ស្លឹង និងសម្លៀកបំពាក់ដប់បន្លាស់ទៅជាមួយផង។
6. លោកយកសំបុត្ររបស់ស្ដេចស្រុកស៊ីរីថ្វាយស្ដេចអ៊ីស្រាអែល សំបុត្រនោះមានសេចក្ដីដូចតទៅ៖ «សូមព្រះករុណាជ្រាបថា អ្នកដែលនាំសំបុត្រនេះមកថ្វាយ គឺលោកណាម៉ាន់ ជាមន្ត្រីរបស់ទូលបង្គំ សូមព្រះករុណាមេត្តាជួយព្យាបាលលោក ឲ្យជាសះស្បើយពីរោគឃ្លង់ផង»។
7. កាលស្ដេចស្រុកអ៊ីស្រាអែលអានសំបុត្រនេះចប់ ទ្រង់ហែកព្រះភូសាហើយមានរាជឱង្ការថា៖ «តើយើងនេះជាព្រះដែលអាចធ្វើឲ្យមនុស្សស្លាប់ និងរស់កើតឬ បានជាស្ដេចបញ្ជូនមនុស្សឃ្លង់មកឲ្យយើងព្យាបាលដូច្នេះ? សូមជួយពិចារណាមើលចុះ! ស្ដេចស្រុកស៊ីរីពិតជារកលេស បង្កជម្លោះជាមួយយើងហើយ!»។
8. កាលព្យាការីអេលីសេជាអ្នកជំនិតរបស់ព្រះជាម្ចាស់ជ្រាបថា ស្ដេចស្រុកអ៊ីស្រាអែលហែកព្រះភូសា លោកក៏ចាត់គេឲ្យទៅទូលសួរស្ដេចថា៖ «ហេតុអ្វីបានជាព្រះករុណាហែកព្រះភូសាដូច្នេះ? សូមប្រាប់ឲ្យលោកណាម៉ាន់មកជួបនឹងទូលបង្គំចុះ នោះគាត់នឹងដឹងថា នៅស្រុកអ៊ីស្រាអែលមានព្យាការីម្នាក់មែន!»។
9. លោកណាម៉ាន់ជិះរទេះសេះមកឈប់នៅមុខផ្ទះលោកអេលីសេ។
10. ព្យាការីអេលីសេចាត់គេឲ្យទៅជម្រាបលោកថា៖ «សូមអញ្ជើញទៅមុជទឹកទន្លេយ័រដាន់ឲ្យបានចំនួនប្រាំពីរដងចុះ នោះស្បែករបស់លោកនឹងជាសះស្បើយ ហើយលោកនឹងបានបរិសុទ្ធមិនខាន»។
11. លោកណាម៉ាន់ក៏ខឹង ហើយដើរចេញទៅ ទាំងរអ៊ូថា៖ «ខ្ញុំនឹកស្មានថាព្យាការីមុខជាចេញមកទទួលខ្ញុំ ហើយឈរទូលអង្វរព្រះអម្ចាស់ ជាព្រះរបស់លោក រួចដាក់ដៃលើដំបៅរបស់ខ្ញុំឲ្យជាសះស្បើយ។
12. នៅក្រុងដាម៉ាសក៏មានទន្លេដែរ គឺទន្លេអាបាណា និងទន្លេផើផើរ បើគ្រាន់តែមុជទឹក ហើយខ្ញុំបានជាសះស្បើយនោះ ខ្ញុំទៅមុជទឹកទន្លេនៅស្រុកខ្ញុំ ប្រសើរជាងមុជទឹកក្នុងទន្លេទាំងប៉ុន្មាន នៅស្រុកអ៊ីស្រាអែលនេះ!»។ លោកណាម៉ាន់ចាកចេញទៅ ទាំងក្រេវក្រោធ។