4. ពេលមកដល់វិញ ត្រូវនាំគ្នាទាំងម្ដាយ ទាំងកូន ចូលទៅក្នុងផ្ទះ បិទទ្វារឲ្យជិត ហើយយកប្រេងចាក់ក្នុងដបទាំងនោះ។ ដបណាពេញត្រូវទុកដោយឡែក»។
5. នាងក៏ចាកចេញពីលោកទៅ ហើយនាំកូនចូលក្នុងផ្ទះបិទទ្វារជិត។ កូនទាំងពីរហុចដបមកឲ្យម្ដាយ រួចម្ដាយយកប្រេងមកចាក់ក្នុងដប។
6. លុះដបទាំងអស់ពេញហើយ នាងប្រាប់កូនថា៖ «ហុចដបមួយទៀតមក!»។ កូនឆ្លើយថា៖ «អស់ដបហើយម៉ែ!»។ ពេលនោះ ប្រេងក៏ឈប់ហូរ។
7. នាងនាំដំណឹងនេះទៅជម្រាបអ្នកជំនិតរបស់ព្រះជាម្ចាស់ លោកមានប្រសាសន៍មកកាន់នាងថា៖ «ចូរយកប្រេងនេះទៅលក់សងបំណុលគេ រីឯប្រាក់ដែលនៅសល់ ចូរទុកចិញ្ចឹមជីវិតម្ដាយ និងកូនចុះ»។
8. ថ្ងៃមួយ លោកអេលីសេដើរកាត់តាមភូមិស៊ូណែម។ ភូមិនោះ មានស្ត្រីម្នាក់ជាអភិជន បានឃាត់លោកឲ្យនៅពិសាបាយក្នុងផ្ទះរបស់នាង។ ចាប់តាំងពីពេលនោះមក កាលលោកធ្វើដំណើរកាត់ភូមិនេះ លោកតែងតែអញ្ជើញទៅពិសាបាយនៅផ្ទះរបស់នាង។
9. នាងបាននិយាយទៅកាន់ប្ដីថា៖ «ខ្ញុំដឹងច្បាស់ថាបុរសដែលតែងតែអញ្ជើញមកផ្ទះយើងជារឿយៗនោះ ពិតជាអ្នកជំនិតដ៏វិសុទ្ធរបស់ព្រះជាម្ចាស់។
10. ដូច្នេះ ចូរយើងរៀបចំបន្ទប់តូចមួយនៅជាន់ខាងលើ ព្រមទាំងដាក់គ្រែ តុ កៅអី និងចង្កៀង ទុកជូនលោកផង។ កាលណាលោកអញ្ជើញមកផ្ទះយើង លោកអាចសម្រាកក្នុងបន្ទប់នោះ»។
11. ថ្ងៃមួយ លោកអេលីសេបានអញ្ជើញមកផ្ទះនោះ លោកឡើងទៅសម្រាន្ដនៅបន្ទប់ខាងលើ។
12. លោកមានប្រសាសន៍ទៅកាន់កេហាស៊ី ជាក្មេងបម្រើថា៖ «ចូរទៅហៅស្ត្រីភូមិស៊ូណែមមក!»។ កេហាស៊ីចេញទៅហៅនាង ហើយនាងក៏មកឈរនៅមុខលោក។
13. លោកអេលីសេមានប្រសាសន៍ទៅអ្នកបម្រើថា៖ «ចូរប្រាប់នាងថា នាងបានទទួលយើងយ៉ាងរាក់ទាក់បំផុត តើយើងអាចតបស្នងអ្វីដល់នាងវិញ? តើចង់ឲ្យយើងទៅទូលព្រះរាជា ឬនិយាយជាមួយមេទ័ពជំនួសនាង?»។ នាងឆ្លើយថា៖ «នាងខ្ញុំមិនត្រូវការអ្វីទេ នាងខ្ញុំរស់នៅដោយសុខសាន្ត ក្នុងចំណោមញាតិមិត្តរបស់នាងខ្ញុំហើយ»។
14. លោកមានប្រសាសន៍ថា៖ «បើដូច្នេះ តើត្រូវតបស្នងអ្វីដល់នាង?»។ កេហាស៊ីឆ្លើយថា៖ «នាងគ្មានកូនទេ ហើយប្ដីនាងក៏ចាស់ដែរ»។
15. លោកមានប្រសាសន៍ថា៖ «ចូរហៅនាងមក»។ កេហាស៊ីក៏ហៅនាង ហើយនាងមកឈរនៅមាត់ទ្វារបន្ទប់។
16. លោកអេលីសេមានប្រសាសន៍ថា៖ «ឆ្នាំក្រោយ ក្នុងខែនេះ នាងនឹងមានកូនប្រុសពនៅក្នុងដៃ»។ នាងឆ្លើយថា៖ «ទេ លោកម្ចាស់ជាអ្នកជំនិតរបស់ព្រះជាម្ចាស់ សូមកុំធ្វើឲ្យនាងខ្ញុំខកចិត្តឡើយ»។
17. ស្ត្រីនោះក៏មានផ្ទៃពោះ ហើយសម្រាលបានកូនប្រុសមួយ នៅឆ្នាំបន្ទាប់ ក្នុងខែដដែលនោះ ដូចលោកអេលីសេប្រាប់នាង។
18. កូនប្រុសនោះមានវ័យចម្រើនធំឡើង។ ថ្ងៃមួយ កូននោះទៅលេងជាមួយឪពុក ដែលកំពុងត្រួតពិនិត្យអ្នកច្រូតស្រូវ។