២ ពង្សា‌វតារ‌ក្សត្រ 4:29-39 Khmer Standard Version (KHSV)

29. លោក​អេលីសេ​មាន​ប្រសាសន៍​ទៅ​កាន់​កេហា‌ស៊ី​ថា៖ «ចូរ​រៀបចំ​ខ្លួន ហើយ​យក​ដំបង​របស់​ខ្ញុំ​ចេញ​ដំណើរ​ទៅ​ចុះ!។ ប្រសិន​បើ​ជួប​អ្នក​ណា​ម្នាក់​តាម​ផ្លូវ ចូរ​កុំ​ជម្រាប​សួរ​គេ ហើយ​បើ​នរណា​ជម្រាប​សួរ​អ្នក កុំ​តប​វិញ​ឡើយ។ ត្រូវ​យក​ដំបង​របស់​ខ្ញុំ​ដាក់​លើ​មុខ​កូន​ក្មេង​នោះ»។

30. ប៉ុន្តែ ម្ដាយ​របស់​ក្មេង​នោះ​ពោល​ថា៖ «នាង​ខ្ញុំ​សូម​ស្បថ​ក្នុង​នាម​ព្រះ‌អម្ចាស់ ដែល​មាន​ព្រះ‌ជន្ម​គង់​នៅ និង​ក្នុង​នាម​លោក​ផ្ទាល់​ដែល​នៅ​មាន​ជីវិត​ថា នាង​ខ្ញុំ​មិន​ចាក​ចេញ​ពី​លោក​ទេ!»។ លោក​អេលីសេ​ក្រោក​ឡើង ដើរ​តាម​នាង​ទៅ។

31. កេហា‌ស៊ី​ទៅ​ដល់​មុន​គេ គាត់​យក​ដំបង​ទៅ​ដាក់​លើ​មុខ​ក្មេង​នោះ ប៉ុន្តែ ពុំ​មាន​ឮ​សូរ​សំឡេង ឬ​មាន​ចលនា​អ្វី​ឡើយ។ កេហា‌ស៊ី​វិល​មក​ជួប​លោក​អេលីសេ​ជម្រាប​ថា៖ «ក្មេង​នោះ​ពុំ​ភ្ញាក់​ទេ»។

32. កាល​លោក​អេលីសេ​ចូល​ទៅ​ក្នុង​ផ្ទះ ក្មេង​នោះ​ដេក​ស្លាប់​លើ​គ្រែ​ផុត​ទៅ​ហើយ។

33. លោក​អេលីសេ​ចូល​ទៅ​ក្នុង​បន្ទប់ ហើយ​បិទ​ទ្វារ​ជិត។ លោក​នៅ​តែ​ពីរ​នាក់​ជា​មួយ​ក្មេង​នោះ ដើម្បី​ទូល‌អង្វរ​ព្រះ‌អម្ចាស់។

34. បន្ទាប់​មក លោក​ក៏​ទ្រោប​លើ​ក្មេង​នោះ ដោយ​យក​មាត់​ដាក់​លើ​មាត់ ភ្នែក​ទល់​នឹង​ភ្នែក ហើយ​ដៃ​ដាក់​លើ​ដៃ​ដែរ។ លោក​ទ្រោប​លើ​ក្មេង​នោះ ធ្វើ​ឲ្យ​ខ្លួន​របស់​វា​មាន​កម្ដៅ​ឡើង​វិញ។

35. លោក​អេលីសេ​ចុះ​មក​វិញ ហើយ​ដើរ​ចុះ​ដើរ​ឡើង​នៅ​ក្នុង​ផ្ទះ រួច​ក៏​ឡើង​ទ្រោប​លើ​ខ្លួន​ក្មេង​នោះ​សា​ជា​ថ្មី។ ស្រាប់​តែ​ក្មេង​នោះ​កណ្ដាស់​ប្រាំ‌ពីរ​ដង រួច​បើក​ភ្នែក។

36. លោក​អេលីសេ​ហៅ​កេហា‌ស៊ី​មក ហើយ​មាន​ប្រសាសន៍​ថា៖ «ចូរ​ហៅ​ស្ត្រី​អ្នក​ភូមិ​ស៊ូ‌ណែម​មក!»។ គាត់​ក៏​ទៅ​ហៅ​នាង នាង​ចូល​មក​ជិត​លោក​អេលីសេ លោក​ប្រាប់​នាង​ថា៖ «ចូរ​យក​កូន​នាង​ទៅ​ចុះ!»។

37. នាង​ចូល​ទៅ​ជិត​លោក ហើយ​ក្រាប​ចុះ​ដល់​ដី​នៅ​ជើង​លោក រួច​យក​កូន​ចេញ​មក។

38. លោក​អេលីសេ​វិល​ត្រឡប់​ទៅ​គីល‌កាល់​វិញ ហើយ​ពេល​នោះ មាន​កើត​ទុរ្ភិក្ស​នៅ​ក្នុង​ស្រុក។ ក្រុម​ព្យាការី​អង្គុយ​នៅ​មុខ​លោក​អេលីសេ លោក​មាន​ប្រសាសន៍​ប្រាប់​អ្នក​បម្រើ​ថា៖ «ចូរ​ដាំ​បបរ​មួយ​ថ្លាង​ទទួល​ក្រុម​ព្យាការី»។

39. មាន​ម្នាក់​ក្នុង​ចំណោម​ពួក​គេ ចេញ​ទៅ​រក​បន្លែ​នៅ​ឯ​វាល។ គាត់​ប្រទះ​ឃើញ​វល្លិ​ព្រៃ​ម្យ៉ាង ក៏​បេះ​ផ្លែ​វា​បាន​ពេញ​មួយ​ថ្នក់។ លុះ​ត្រឡប់​វិញ គាត់​កាត់​ផ្លែ​នោះ​ជា​ដុំៗ បង់​ចូល​ក្នុង​ថ្លាង​បបរ ប៉ុន្តែ គ្មាន​នរណា​ម្នាក់​ស្គាល់​ផ្លែ​នោះ​ទេ។

២ ពង្សា‌វតារ‌ក្សត្រ 4