25. នាងក៏ចេញដំណើរទៅ ជួបអ្នកជំនិតរបស់ព្រះជាម្ចាស់នៅភ្នំកើមែល។ កាលអ្នកជំនិតរបស់ព្រះជាម្ចាស់ឃើញនាងពីចម្ងាយ លោកមានប្រសាសន៍ទៅកាន់កេហាស៊ី ជាក្មេងបម្រើថា៖ «មើល៍ស្ត្រីនៅភូមិស៊ូណែមទេតើ!
26. ចូររត់ទៅទទួលនាង ហើយសួរថា “នាងសុខសប្បាយឬទេ? ប្ដីរបស់នាងសុខសប្បាយឬទេ? កូនរបស់នាងសុខសប្បាយឬទេ?”»។ នាងឆ្លើយថា៖ «សុខសប្បាយជាទេ!»។
27. កាលនាងទៅដល់ភ្នំកើមែល ជួបអ្នកជំនិតរបស់ព្រះជាម្ចាស់ នាងក្រាបសំពះឱបជើងលោក។ កេហាស៊ីចង់ចូលទៅទាញនាងចេញ តែអ្នកជំនិតរបស់ព្រះជាម្ចាស់មានប្រសាសន៍ថា៖ «កុំរំខាននាងអី! ព្រោះនាងកំពុងតែព្រួយចិត្តយ៉ាងខ្លាំង។ ព្រះអម្ចាស់បានលាក់មិនឲ្យខ្ញុំដឹងហេតុការណ៍នោះឡើយ»។
28. នាងពោលឡើងថា៖ «លោកម្ចាស់! នាងខ្ញុំពុំបានសុំកូនពីលោកទេ នាងខ្ញុំជម្រាបលោកម្ចាស់ហើយថា សូមកុំធ្វើឲ្យនាងខ្ញុំខកចិត្តឡើយ»។
29. លោកអេលីសេមានប្រសាសន៍ទៅកាន់កេហាស៊ីថា៖ «ចូររៀបចំខ្លួន ហើយយកដំបងរបស់ខ្ញុំចេញដំណើរទៅចុះ!។ ប្រសិនបើជួបអ្នកណាម្នាក់តាមផ្លូវ ចូរកុំជម្រាបសួរគេ ហើយបើនរណាជម្រាបសួរអ្នក កុំតបវិញឡើយ។ ត្រូវយកដំបងរបស់ខ្ញុំដាក់លើមុខកូនក្មេងនោះ»។
30. ប៉ុន្តែ ម្ដាយរបស់ក្មេងនោះពោលថា៖ «នាងខ្ញុំសូមស្បថក្នុងនាមព្រះអម្ចាស់ ដែលមានព្រះជន្មគង់នៅ និងក្នុងនាមលោកផ្ទាល់ដែលនៅមានជីវិតថា នាងខ្ញុំមិនចាកចេញពីលោកទេ!»។ លោកអេលីសេក្រោកឡើង ដើរតាមនាងទៅ។
31. កេហាស៊ីទៅដល់មុនគេ គាត់យកដំបងទៅដាក់លើមុខក្មេងនោះ ប៉ុន្តែ ពុំមានឮសូរសំឡេង ឬមានចលនាអ្វីឡើយ។ កេហាស៊ីវិលមកជួបលោកអេលីសេជម្រាបថា៖ «ក្មេងនោះពុំភ្ញាក់ទេ»។
32. កាលលោកអេលីសេចូលទៅក្នុងផ្ទះ ក្មេងនោះដេកស្លាប់លើគ្រែផុតទៅហើយ។
33. លោកអេលីសេចូលទៅក្នុងបន្ទប់ ហើយបិទទ្វារជិត។ លោកនៅតែពីរនាក់ជាមួយក្មេងនោះ ដើម្បីទូលអង្វរព្រះអម្ចាស់។
34. បន្ទាប់មក លោកក៏ទ្រោបលើក្មេងនោះ ដោយយកមាត់ដាក់លើមាត់ ភ្នែកទល់នឹងភ្នែក ហើយដៃដាក់លើដៃដែរ។ លោកទ្រោបលើក្មេងនោះ ធ្វើឲ្យខ្លួនរបស់វាមានកម្ដៅឡើងវិញ។
35. លោកអេលីសេចុះមកវិញ ហើយដើរចុះដើរឡើងនៅក្នុងផ្ទះ រួចក៏ឡើងទ្រោបលើខ្លួនក្មេងនោះសាជាថ្មី។ ស្រាប់តែក្មេងនោះកណ្ដាស់ប្រាំពីរដង រួចបើកភ្នែក។
36. លោកអេលីសេហៅកេហាស៊ីមក ហើយមានប្រសាសន៍ថា៖ «ចូរហៅស្ត្រីអ្នកភូមិស៊ូណែមមក!»។ គាត់ក៏ទៅហៅនាង នាងចូលមកជិតលោកអេលីសេ លោកប្រាប់នាងថា៖ «ចូរយកកូននាងទៅចុះ!»។
37. នាងចូលទៅជិតលោក ហើយក្រាបចុះដល់ដីនៅជើងលោក រួចយកកូនចេញមក។
38. លោកអេលីសេវិលត្រឡប់ទៅគីលកាល់វិញ ហើយពេលនោះ មានកើតទុរ្ភិក្សនៅក្នុងស្រុក។ ក្រុមព្យាការីអង្គុយនៅមុខលោកអេលីសេ លោកមានប្រសាសន៍ប្រាប់អ្នកបម្រើថា៖ «ចូរដាំបបរមួយថ្លាងទទួលក្រុមព្យាការី»។
39. មានម្នាក់ក្នុងចំណោមពួកគេ ចេញទៅរកបន្លែនៅឯវាល។ គាត់ប្រទះឃើញវល្លិព្រៃម្យ៉ាង ក៏បេះផ្លែវាបានពេញមួយថ្នក់។ លុះត្រឡប់វិញ គាត់កាត់ផ្លែនោះជាដុំៗ បង់ចូលក្នុងថ្លាងបបរ ប៉ុន្តែ គ្មាននរណាម្នាក់ស្គាល់ផ្លែនោះទេ។
40. បន្ទាប់មក គេដួសបបរជូនក្រុមព្យាការីគ្រប់គ្នាៗ។ ពេលក្រុមព្យាការីភ្លក់បបរនោះ ពួកគេស្រែកឡើងថា៖ «អ្នកជំនិតរបស់ព្រះជាម្ចាស់អើយ! បបរនេះមានជាតិពុលហើយ!»។ ពួកគេពុំអាចបរិភោគទេ។
41. លោកអេលីសេប្រាប់គេឲ្យយកម្សៅមកជូនលោក លោកបង់ម្សៅនោះទៅក្នុងថ្លាង ហើយមានប្រសាសន៍ថា៖ «ចូរដួសបបរឲ្យអ្នកទាំងនេះបរិភោគចុះ!»។ ពេលនោះ គ្មានជាតិពុលនៅក្នុងបបរទៀតឡើយ។
42. មានបុរសម្នាក់មកពីស្រុកបាលសាលីសា ដោយយកនំបុ័ងធ្វើពីម្សៅថ្មីចំនួនម្ភៃដុំ ព្រមទាំងស្រូវថ្មីដាក់នៅក្នុងថង់ មកជូនអ្នកជំនិតរបស់ព្រះជាម្ចាស់។ លោកមានប្រសាសន៍ថា៖ «ចូរយកទៅចែកឲ្យអ្នកទាំងនោះបរិភោគចុះ»។
43. ប៉ុន្តែ អ្នកបម្រើរបស់លោកឆ្លើយថា៖ «តើខ្ញុំអាចយកអាហារតែប៉ុណ្ណេះចែកជូនមនុស្សដល់ទៅមួយរយនាក់គ្រាន់ឬ?»។ លោកមានប្រសាសន៍ថា៖ «ចូរយកចែកឲ្យពួកគេបរិភោគចុះ ដ្បិតព្រះអម្ចាស់មានព្រះបន្ទូលថា “ពួកគេនឹងបរិភោគឆ្អែត ហើយនៅសេសសល់ទៀតផង”»។