16. លោកអេលីសេមានប្រសាសន៍ថា៖ «ឆ្នាំក្រោយ ក្នុងខែនេះ នាងនឹងមានកូនប្រុសពនៅក្នុងដៃ»។ នាងឆ្លើយថា៖ «ទេ លោកម្ចាស់ជាអ្នកជំនិតរបស់ព្រះជាម្ចាស់ សូមកុំធ្វើឲ្យនាងខ្ញុំខកចិត្តឡើយ»។
17. ស្ត្រីនោះក៏មានផ្ទៃពោះ ហើយសម្រាលបានកូនប្រុសមួយ នៅឆ្នាំបន្ទាប់ ក្នុងខែដដែលនោះ ដូចលោកអេលីសេប្រាប់នាង។
18. កូនប្រុសនោះមានវ័យចម្រើនធំឡើង។ ថ្ងៃមួយ កូននោះទៅលេងជាមួយឪពុក ដែលកំពុងត្រួតពិនិត្យអ្នកច្រូតស្រូវ។
19. ស្រាប់តែក្មេងនោះប្រាប់ឪពុកថា៖ «ពុកអើយ កូនឈឺក្បាល កូនឈឺក្បាលណាស់!»។ ឪពុកស្រែកប្រាប់ទៅអ្នកបម្រើថា៖ «ចូរបីយកទៅឲ្យម្ដាយវាឆាប់ឡើង!»។
20. អ្នកបម្រើបីក្មេងនោះយកទៅប្រគល់ឲ្យម្ដាយ។ កូននោះដេកលើភ្លៅម្ដាយរហូតដល់ថ្ងៃត្រង់ រួចក៏ស្លាប់ទៅ។
21. នាងបីកូនឡើងទៅក្នុងបន្ទប់លោកអេលីសេ នាងផ្ដេកកូននៅលើគ្រែរបស់លោក រួចបិទទ្វារបន្ទប់។ នាងរត់ទៅតាមប្ដីនៅឯស្រែ
22. ស្រែកប្រាប់ថា៖ «សូមបងចាត់ក្មេងបម្រើម្នាក់ ព្រមទាំងលាមួយឲ្យមកខ្ញុំ! ខ្ញុំប្រញាប់ទៅផ្ទះអ្នកជំនិតរបស់ព្រះជាម្ចាស់ រួចខ្ញុំវិលមកវិញ»។
23. ប្ដីរបស់នាងសួរថា៖ «ហេតុអ្វីបានជានាងចង់ទៅផ្ទះលោកនៅថ្ងៃនេះ? ព្រោះថ្ងៃនេះមិនមែនជាថ្ងៃបុណ្យដើមខែ ឬថ្ងៃសប្ប័ទ*ទេ»។ នាងឆ្លើយថា៖ «សូមកុំបារម្ភអ្វីឡើយ!»។
24. នាងឲ្យគេចងកែបលា ហើយបញ្ជាទៅក្មេងបម្រើថា៖ «ចូរដឹកលាទៅ បើខ្ញុំមិនប្រាប់ឲ្យឈប់ទេ កុំឈប់តាមផ្លូវឲ្យសោះ!»។
25. នាងក៏ចេញដំណើរទៅ ជួបអ្នកជំនិតរបស់ព្រះជាម្ចាស់នៅភ្នំកើមែល។ កាលអ្នកជំនិតរបស់ព្រះជាម្ចាស់ឃើញនាងពីចម្ងាយ លោកមានប្រសាសន៍ទៅកាន់កេហាស៊ី ជាក្មេងបម្រើថា៖ «មើល៍ស្ត្រីនៅភូមិស៊ូណែមទេតើ!
26. ចូររត់ទៅទទួលនាង ហើយសួរថា “នាងសុខសប្បាយឬទេ? ប្ដីរបស់នាងសុខសប្បាយឬទេ? កូនរបស់នាងសុខសប្បាយឬទេ?”»។ នាងឆ្លើយថា៖ «សុខសប្បាយជាទេ!»។
27. កាលនាងទៅដល់ភ្នំកើមែល ជួបអ្នកជំនិតរបស់ព្រះជាម្ចាស់ នាងក្រាបសំពះឱបជើងលោក។ កេហាស៊ីចង់ចូលទៅទាញនាងចេញ តែអ្នកជំនិតរបស់ព្រះជាម្ចាស់មានប្រសាសន៍ថា៖ «កុំរំខាននាងអី! ព្រោះនាងកំពុងតែព្រួយចិត្តយ៉ាងខ្លាំង។ ព្រះអម្ចាស់បានលាក់មិនឲ្យខ្ញុំដឹងហេតុការណ៍នោះឡើយ»។
28. នាងពោលឡើងថា៖ «លោកម្ចាស់! នាងខ្ញុំពុំបានសុំកូនពីលោកទេ នាងខ្ញុំជម្រាបលោកម្ចាស់ហើយថា សូមកុំធ្វើឲ្យនាងខ្ញុំខកចិត្តឡើយ»។
29. លោកអេលីសេមានប្រសាសន៍ទៅកាន់កេហាស៊ីថា៖ «ចូររៀបចំខ្លួន ហើយយកដំបងរបស់ខ្ញុំចេញដំណើរទៅចុះ!។ ប្រសិនបើជួបអ្នកណាម្នាក់តាមផ្លូវ ចូរកុំជម្រាបសួរគេ ហើយបើនរណាជម្រាបសួរអ្នក កុំតបវិញឡើយ។ ត្រូវយកដំបងរបស់ខ្ញុំដាក់លើមុខកូនក្មេងនោះ»។
30. ប៉ុន្តែ ម្ដាយរបស់ក្មេងនោះពោលថា៖ «នាងខ្ញុំសូមស្បថក្នុងនាមព្រះអម្ចាស់ ដែលមានព្រះជន្មគង់នៅ និងក្នុងនាមលោកផ្ទាល់ដែលនៅមានជីវិតថា នាងខ្ញុំមិនចាកចេញពីលោកទេ!»។ លោកអេលីសេក្រោកឡើង ដើរតាមនាងទៅ។
31. កេហាស៊ីទៅដល់មុនគេ គាត់យកដំបងទៅដាក់លើមុខក្មេងនោះ ប៉ុន្តែ ពុំមានឮសូរសំឡេង ឬមានចលនាអ្វីឡើយ។ កេហាស៊ីវិលមកជួបលោកអេលីសេជម្រាបថា៖ «ក្មេងនោះពុំភ្ញាក់ទេ»។