២ ពង្សា‌វតារ‌ក្សត្រ 3:2-15 Khmer Standard Version (KHSV)

2. ស្ដេច​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់ មិន​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់ តែ​មិន​ស្មើ​មាតា‌បិតា​ទេ។ ស្ដេច​បាន​ផ្ដួល​រំលំ​រូប​ព្រះ​បាល​ដែល​បិតា​បាន​កសាង។

3. ប៉ុន្តែ ស្ដេច​មិន​បាន​លះ‌បង់​អំពើ​បាប​ចោល​ទេ គឺ​ទ្រង់​ប្រព្រឹត្ត​អំពើ​បាប​ដូច​ព្រះ‌បាទ​យេរ៉ូ‌បោម ជា​កូន​របស់​លោក​នេបាត ហើយ​នាំ​ប្រជា‌ជន​អ៊ីស្រា‌អែល​ឲ្យ​ប្រព្រឹត្ត​អំពើ​បាប​ដែរ។

4. ព្រះ‌បាទ​មេសា ជា​ស្ដេច​របស់​ជន‌ជាតិ​ម៉ូអាប់ មាន​ហ្វូង​សត្វ​ជា​ច្រើន។ រៀង​រាល់​ឆ្នាំ ស្ដេច​តែងតែ​នាំ​កូន​ចៀម​មួយ​សែន​ក្បាល និង​ចៀម​ឈ្មោល​មួយ​សែន​ក្បាល ព្រម​ទាំង​រោម​ចៀម មក​ថ្វាយ​ជា​សួយសារ‌អាករ​ដល់​ស្ដេច​ស្រុក​អ៊ីស្រា‌អែល។

5. ក្រោយ​ពេល​ព្រះ‌បាទ​អហាប់​សោយ​ទិវង្គត​ផុត​ទៅ ស្ដេច​ស្រុក​ម៉ូអាប់​ក៏​បះ‌បោរ​ប្រឆាំង​នឹង​ស្ដេច​ស្រុក​អ៊ីស្រា‌អែល។

6. ព្រះ‌បាទ​យ៉ូរ៉ាម​យាង​ចេញ​ពី​ក្រុង​សាម៉ារី ទៅ​ត្រួត​ពល​ទ័ព​អ៊ីស្រា‌អែល​ទាំង​មូល។

7. បន្ទាប់​មក ស្ដេច​ចេញ​ដំណើរ​ទៅ ទាំង​ចាត់​គេ​ឲ្យ​ទៅ​ទូល​ព្រះ‌បាទ​យ៉ូសា‌ផាត ជា​ស្ដេច​ស្រុក​យូដា​ថា៖ «ស្ដេច​របស់​ជន‌ជាតិ​ម៉ូអាប់​បះ‌បោរ​ប្រឆាំង​នឹង​ទូលបង្គំ តើ​ព្រះ‌ករុណា​សព្វ​ព្រះ‌ហឫទ័យ​យាង​ចេញ​ទៅ​ច្បាំង​នឹង​ជន‌ជាតិ​ម៉ូអាប់​ជា​មួយ​ទូលបង្គំ​ឬ​ទេ?»។ ព្រះ‌បាទ​យ៉ូសា‌ផាត​មាន​រាជ‌ឱង្ការ​តប​ថា៖ «ទូលបង្គំ​យល់​ព្រម​ទៅ​ជា​មួយ​ព្រះ‌ករុណា​ដែរ! ពល​ទ័ព​របស់​ទូលបង្គំ​ក៏​ដូច​ជា​ពល​ទ័ព​របស់​ព្រះ‌ករុណា ហើយ​សេះ​របស់​ទូលបង្គំ​ក៏​ដូច​ជា​សេះ​របស់​ព្រះ‌ករុណា​ដែរ»។

8. ស្ដេច​មាន​រាជ‌ឱង្ការ​ទៀត​ថា៖ «តើ​យើង​នឹង​ចេញ​ទៅ​ច្បាំង​តាម​ផ្លូវ​ណា?»។ ព្រះ‌បាទ​យ៉ូរ៉ាម​តប​ថា «តាម​ផ្លូវ​វាល​រហោ‌ស្ថាន​ស្រុក​អេដុម»។

9. ស្ដេច​ស្រុក​អ៊ីស្រា‌អែល ស្ដេច​ស្រុក​យូដា និង​ស្ដេច​ស្រុក​អេដុម​នាំ​គ្នា​ចាក​ចេញ​ទៅ។ លុះ​ធ្វើ​ដំណើរ​តាម​ផ្លូវ​វាង​បាន​ប្រាំ‌ពីរ​ថ្ងៃ ពួក​គេ​ខ្វះ​ទឹក​សម្រាប់​កង‌ទ័ព និង​ហ្វូង​សត្វ​ដែល​មក​ជា​មួយ។

10. ស្ដេច​ស្រុក​អ៊ីស្រា‌អែល​មាន​រាជ‌ឱង្ការ​ថា៖ «ពិត​ជា​ព្រះ‌អម្ចាស់​ហើយ ដែល​ហៅ​យើង​ទាំង​បី​នាក់​មក ដើម្បី​ប្រគល់​យើង​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ជន‌ជាតិ​ម៉ូអាប់»។

11. ព្រះ‌បាទ​យ៉ូសា‌ផាត​មាន​រាជ‌ឱង្ការ​ថា៖ «តើ​នៅ​ទី​នេះ គ្មាន​ព្យាការី​ណា​ម្នាក់​ដែល​អាច​ឲ្យ​យើង​ទូល​សួរ​ព្រះ‌អម្ចាស់​ទេ​ឬ?»។ មេ‌ទ័ព​អ៊ីស្រា‌អែល​ម្នាក់​ទូល​ថា៖ «ក្រាប​ទូល​នៅ​ទី​នេះ មាន​លោក​អេលីសេ ជា​កូន​របស់​លោក​សាផាត និង​ជា​សិស្ស​ជំនិត​របស់​លោក​អេលីយ៉ា»។

12. ព្រះ‌បាទ​យ៉ូសា‌ផាត​មាន​រាជ‌ឱង្ការ​ថា៖ «លោក​ពិត​ជា​អាច​នាំ​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់​មក​ប្រាប់​យើង​មិន​ខាន»។ ស្ដេច​ស្រុក​អ៊ីស្រា‌អែល ព្រះ‌បាទ​យ៉ូសា‌ផាត ព្រម​ទាំង​ស្ដេច​អេដុម ក៏​នាំ​គ្នា​យាង​ទៅ​ជួប​លោក​អេលីសេ។

13. លោក​អេលីសេ​ទូល​ស្ដេច​អ៊ីស្រា‌អែល​ថា៖ «តើ​ព្រះ‌ករុណា​យាង​មក​រក​ទូលបង្គំ​ធ្វើ​អ្វី? ម្ដេច​ក៏​មិន​យាង​ទៅ​រក​ពួក​ព្យាការី​របស់​មាតា‌បិតា​ព្រះ‌ករុណា​ទៅ!»។ ស្ដេច​ស្រុក​អ៊ីស្រា‌អែល​មាន​រាជ‌ឱង្ការ​ទៅ​កាន់​លោក​ថា៖ «ទេ ដ្បិត​ព្រះ‌អម្ចាស់​ហើយ​ដែល​បាន​ហៅ​យើង​ទាំង​បី​នាក់​មក ដើម្បី​ប្រគល់​យើង​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ជន‌ជាតិ​ម៉ូអាប់»។

14. លោក​អេលីសេ​ទូល​ថា៖ «ទូលបង្គំ​សូម​ស្បថ ក្នុង​នាម​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល ជា​ព្រះ​ដែល​ទូលបង្គំ​គោរព​បម្រើ និង​ជា​ព្រះ​ដែល​មាន​ព្រះ‌ជន្ម​គង់​នៅ​ថា បើ​ទូលបង្គំ​មិន​យល់​ដល់​ព្រះ‌បាទ​យ៉ូសា‌ផាត ជា​ស្ដេច​ស្រុក​យូដា​ទេ ទូលបង្គំ​មិន​អើពើ ឬ​ក្រឡេក​មើល​ព្រះ‌ករុណា​ឡើយ។

15. ឥឡូវ​នេះ សូម​នាំ​អ្នក​ភ្លេង​ម្នាក់​មក​ឲ្យ​ទូលបង្គំ!»។ កាល​អ្នក​ភ្លេង​កំពុង​តែ​ប្រគំ​តន្ត្រី ឫទ្ធិ‌បារមី​របស់​ព្រះ‌អម្ចាស់​ក៏​មក​សណ្ឋិត​លើ​ព្យាការី​អេលីសេ។

២ ពង្សា‌វតារ‌ក្សត្រ 3