1. នៅឆ្នាំទីដប់ប្រាំបីនៃរជ្ជកាលរបស់ព្រះបាទយ៉ូសាផាត ជាស្ដេចស្រុកយូដា ព្រះបាទយ៉ូរ៉ាមជាបុត្ររបស់ព្រះបាទអហាប់ ឡើងសោយរាជ្យលើស្រុកអ៊ីស្រាអែល នៅក្រុងសាម៉ារី បានដប់ពីរឆ្នាំ។
2. ស្ដេចបានប្រព្រឹត្តអំពើអាក្រក់ មិនគាប់ព្រះហឫទ័យព្រះអម្ចាស់ តែមិនស្មើមាតាបិតាទេ។ ស្ដេចបានផ្ដួលរំលំរូបព្រះបាលដែលបិតាបានកសាង។
3. ប៉ុន្តែ ស្ដេចមិនបានលះបង់អំពើបាបចោលទេ គឺទ្រង់ប្រព្រឹត្តអំពើបាបដូចព្រះបាទយេរ៉ូបោម ជាកូនរបស់លោកនេបាត ហើយនាំប្រជាជនអ៊ីស្រាអែលឲ្យប្រព្រឹត្តអំពើបាបដែរ។
4. ព្រះបាទមេសា ជាស្ដេចរបស់ជនជាតិម៉ូអាប់ មានហ្វូងសត្វជាច្រើន។ រៀងរាល់ឆ្នាំ ស្ដេចតែងតែនាំកូនចៀមមួយសែនក្បាល និងចៀមឈ្មោលមួយសែនក្បាល ព្រមទាំងរោមចៀម មកថ្វាយជាសួយសារអាករដល់ស្ដេចស្រុកអ៊ីស្រាអែល។
5. ក្រោយពេលព្រះបាទអហាប់សោយទិវង្គតផុតទៅ ស្ដេចស្រុកម៉ូអាប់ក៏បះបោរប្រឆាំងនឹងស្ដេចស្រុកអ៊ីស្រាអែល។
6. ព្រះបាទយ៉ូរ៉ាមយាងចេញពីក្រុងសាម៉ារី ទៅត្រួតពលទ័ពអ៊ីស្រាអែលទាំងមូល។
7. បន្ទាប់មក ស្ដេចចេញដំណើរទៅ ទាំងចាត់គេឲ្យទៅទូលព្រះបាទយ៉ូសាផាត ជាស្ដេចស្រុកយូដាថា៖ «ស្ដេចរបស់ជនជាតិម៉ូអាប់បះបោរប្រឆាំងនឹងទូលបង្គំ តើព្រះករុណាសព្វព្រះហឫទ័យយាងចេញទៅច្បាំងនឹងជនជាតិម៉ូអាប់ជាមួយទូលបង្គំឬទេ?»។ ព្រះបាទយ៉ូសាផាតមានរាជឱង្ការតបថា៖ «ទូលបង្គំយល់ព្រមទៅជាមួយព្រះករុណាដែរ! ពលទ័ពរបស់ទូលបង្គំក៏ដូចជាពលទ័ពរបស់ព្រះករុណា ហើយសេះរបស់ទូលបង្គំក៏ដូចជាសេះរបស់ព្រះករុណាដែរ»។
8. ស្ដេចមានរាជឱង្ការទៀតថា៖ «តើយើងនឹងចេញទៅច្បាំងតាមផ្លូវណា?»។ ព្រះបាទយ៉ូរ៉ាមតបថា «តាមផ្លូវវាលរហោស្ថានស្រុកអេដុម»។
9. ស្ដេចស្រុកអ៊ីស្រាអែល ស្ដេចស្រុកយូដា និងស្ដេចស្រុកអេដុមនាំគ្នាចាកចេញទៅ។ លុះធ្វើដំណើរតាមផ្លូវវាងបានប្រាំពីរថ្ងៃ ពួកគេខ្វះទឹកសម្រាប់កងទ័ព និងហ្វូងសត្វដែលមកជាមួយ។
10. ស្ដេចស្រុកអ៊ីស្រាអែលមានរាជឱង្ការថា៖ «ពិតជាព្រះអម្ចាស់ហើយ ដែលហៅយើងទាំងបីនាក់មក ដើម្បីប្រគល់យើងទៅក្នុងកណ្ដាប់ដៃរបស់ជនជាតិម៉ូអាប់»។
11. ព្រះបាទយ៉ូសាផាតមានរាជឱង្ការថា៖ «តើនៅទីនេះ គ្មានព្យាការីណាម្នាក់ដែលអាចឲ្យយើងទូលសួរព្រះអម្ចាស់ទេឬ?»។ មេទ័ពអ៊ីស្រាអែលម្នាក់ទូលថា៖ «ក្រាបទូលនៅទីនេះ មានលោកអេលីសេ ជាកូនរបស់លោកសាផាត និងជាសិស្សជំនិតរបស់លោកអេលីយ៉ា»។
12. ព្រះបាទយ៉ូសាផាតមានរាជឱង្ការថា៖ «លោកពិតជាអាចនាំព្រះបន្ទូលរបស់ព្រះអម្ចាស់មកប្រាប់យើងមិនខាន»។ ស្ដេចស្រុកអ៊ីស្រាអែល ព្រះបាទយ៉ូសាផាត ព្រមទាំងស្ដេចអេដុម ក៏នាំគ្នាយាងទៅជួបលោកអេលីសេ។
13. លោកអេលីសេទូលស្ដេចអ៊ីស្រាអែលថា៖ «តើព្រះករុណាយាងមករកទូលបង្គំធ្វើអ្វី? ម្ដេចក៏មិនយាងទៅរកពួកព្យាការីរបស់មាតាបិតាព្រះករុណាទៅ!»។ ស្ដេចស្រុកអ៊ីស្រាអែលមានរាជឱង្ការទៅកាន់លោកថា៖ «ទេ ដ្បិតព្រះអម្ចាស់ហើយដែលបានហៅយើងទាំងបីនាក់មក ដើម្បីប្រគល់យើងទៅក្នុងកណ្ដាប់ដៃរបស់ជនជាតិម៉ូអាប់»។
14. លោកអេលីសេទូលថា៖ «ទូលបង្គំសូមស្បថ ក្នុងនាមព្រះអម្ចាស់នៃពិភពទាំងមូល ជាព្រះដែលទូលបង្គំគោរពបម្រើ និងជាព្រះដែលមានព្រះជន្មគង់នៅថា បើទូលបង្គំមិនយល់ដល់ព្រះបាទយ៉ូសាផាត ជាស្ដេចស្រុកយូដាទេ ទូលបង្គំមិនអើពើ ឬក្រឡេកមើលព្រះករុណាឡើយ។
15. ឥឡូវនេះ សូមនាំអ្នកភ្លេងម្នាក់មកឲ្យទូលបង្គំ!»។ កាលអ្នកភ្លេងកំពុងតែប្រគំតន្ត្រី ឫទ្ធិបារមីរបស់ព្រះអម្ចាស់ក៏មកសណ្ឋិតលើព្យាការីអេលីសេ។
16. លោកមានប្រសាសន៍ថា៖ «ព្រះអម្ចាស់មានព្រះបន្ទូលដូចតទៅ: “ចូរជីកប្រឡាយនៅតាមជ្រលងភ្នំនេះឲ្យច្រើន”។