6. ពួកគេក៏ចាប់ស្ដេចបញ្ជូនទៅព្រះចៅនេប៊ូក្នេសា នៅក្រុងរីបឡា ហើយគេប្រកាសកាត់ទោសព្រះបាទសេដេគា។
7. គេបានអារ-កបុត្រទាំងអស់របស់ព្រះបាទសេដេគា នៅចំពោះព្រះភ័ក្ត្រព្រះបាទសេដេគា។ បន្ទាប់មក ព្រះចៅនេប៊ូក្នេសា ឲ្យគេចាក់ភ្នែករបស់ព្រះបាទសេដេគា រួចដាក់ច្រវាក់លង្ហិនពីរជាន់ នាំយកទៅស្រុកបាប៊ីឡូន។
8. នៅថ្ងៃទីប្រាំពីរ ខែប្រាំ ក្នុងឆ្នាំទីដប់ប្រាំបួននៃរជ្ជកាលព្រះចៅនេប៊ូក្នេសា ស្ដេចស្រុកបាប៊ីឡូន លោកនេប៊ូសារ៉ាដាន ជារាជប្រតិភូ ដែលបម្រើស្ដេចស្រុកបាប៊ីឡូន បានមកដល់ក្រុងយេរូសាឡឹម។
9. លោកដុតកម្ទេចព្រះដំណាក់របស់ព្រះអម្ចាស់ ដំណាក់របស់ស្ដេច ព្រមទាំងផ្ទះនៅក្រុងយេរូសាឡឹម ជាពិសេសផ្ទះរបស់ពួកអភិជន។
10. កងទ័ពខាល់ដេទាំងមូល ដែលនៅក្រោមការដឹកនាំរបស់លោករាជប្រតិភូ ក៏បានរំលំកំពែងជុំវិញក្រុងយេរូសាឡឹមចោលដែរ។
11. លោកនេប៊ូសារ៉ាដាន ជារាជប្រតិភូ កៀរប្រជាជននៅសេសសល់ ក្នុងទីក្រុង អស់អ្នកដែលបានរត់ទៅចុះចូលនឹងស្ដេចស្រុកបាប៊ីឡូន ព្រមទាំងបណ្ដាជនដែលនៅសេសសល់យកទៅជាឈ្លើយសឹក។
12. ប៉ុន្តែ លោករាជប្រតិភូទុកឲ្យប្រជាជនតូចតាចខ្លះរស់នៅក្នុងស្រុក ដើម្បីដាំទំពាំងបាយជូរ និងភ្ជួរស្រែ។
13. ជនជាតិខាល់ដេកម្ទេចសសរលង្ហិន នៅទ្វារចូលព្រះដំណាក់របស់ព្រះអម្ចាស់ ដែកកំណល់ និងអាងធំធ្វើពីលង្ហិន ដែលស្ថិតនៅក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ ហើយយកលង្ហិនទាំងប៉ុន្មានទៅក្រុងបាប៊ីឡូន។
14. ពួកគេយកឆ្នាំង វែក កាំបិត ពែង និងរបស់ឯទៀតៗធ្វើពីលង្ហិន សម្រាប់ប្រើប្រាស់ក្នុងព្រះវិហារទៅជាមួយ។
15. លោករាជប្រតិភូក៏យកចង្ក្រាន ភាជន៍ និងវត្ថុទាំងប៉ុន្មានដែលធ្វើពីមាស ពីប្រាក់ ទៅជាមួយដែរ។
16. រីឯសសរទាំងពីរ អាងធំ និងកំណល់ ដែលព្រះបាទសាឡូម៉ូនបានធ្វើ សម្រាប់ប្រើប្រាស់ក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ គឺវត្ថុទាំងប៉ុន្មានដែលធ្វើពីលង្ហិននោះ គ្មាននរណាដឹងថាមានទម្ងន់ប៉ុន្មានទេ។
17. សសរទីមួយមានកំពស់ដប់ប្រាំបីហត្ថ ហើយនៅពីលើសសរ មានក្បាច់ក្បាលសសរ មួយធ្វើពីលង្ហិន ដែលមានកំពស់បីហត្ថ។ នៅជុំវិញក្បាច់ក្បាលសសរមានក្បាច់ក្រឡាអួន និងផ្លែទទឹមជាច្រើន ដែលធ្វើពីលង្ហិនទាំងអស់។ រីឯសសរទីពីរ និងក្បាច់ក្រឡាអួន ក៏ដូចគ្នាដែរ។
18. លោករាជប្រតិភូបានចាប់លោកមហាបូជាចារ្យសេរ៉ាយ៉ា និងលោកសេផានាជាបូជាចារ្យរង ព្រមទាំងអ្នកយាមទ្វារព្រះវិហារបីរូប យកទៅជាមួយ។
19. លោកក៏ចាប់មហាតលិកមួយរូប ដែលជាអ្នកទទួលខុសត្រូវលើពលទាហាន ព្រមទាំងពួកនៅក្នុងវាំងប្រាំរូប ស្មៀនរបស់មេទ័ពដែលមានភារកិច្ចកេណ្ឌទាហាន និងប្រជាជនហុកសិបនាក់ទៀត ដែលស្ថិតនៅក្នុងទីក្រុងនាពេលនោះ។
20. លោកនេប៊ូសារ៉ាដាន ជារាជប្រតិភូ ចាប់អ្នកទាំងនោះនាំទៅថ្វាយស្ដេចស្រុកបាប៊ីឡូន នៅក្រុងរីបឡា។