24. លោកកេដាលាបានប្រកាសយ៉ាងឱឡារិកចំពោះមេទាហាន និងពលទាហានទាំងនោះថា៖ «កុំខ្លាចមន្ត្រីខាល់ដេធ្វើអ្វី ចូររស់នៅក្នុងស្រុក ហើយបម្រើព្រះចៅក្រុងបាប៊ីឡូនទៅ នោះអស់លោកនឹងបានសុខជាមិនខាន»។
25. នៅខែទីប្រាំពីរ លោកអ៊ីស្មាអែល ជាកូនរបស់លោកនេថានា ជាចៅរបស់លោកអេលីសាម៉ា ដែលជាប់ពូជស្ដេច បានមកជាមួយទាហានដប់នាក់ ហើយសម្លាប់លោកកេដាលា ព្រមទាំងជនជាតិយូដា និងជនជាតិខាល់ដេ ដែលនៅជាមួយលោកកេដាលា នៅមីសប៉ា។
26. ពេលនោះ ប្រជាជនទាំងមូល ចាប់ពីអ្នកតូចរហូតដល់អ្នកធំ ព្រមទាំងពួកមេទាហាន នាំគ្នាក្រោកឡើង ភៀសខ្លួនទៅស្រុកអេស៊ីប ព្រោះខ្លាចជនជាតិខាល់ដេ។
27. នៅថ្ងៃទីម្ភៃប្រាំពីរ ខែដប់ពីរ ក្នុងឆ្នាំទីសាមសិបប្រាំពីរ ដែលព្រះបាទយ៉ូយ៉ាគីន ជាស្ដេចស្រុកយូដា ត្រូវគេចាប់យកទៅជាឈ្លើយសឹក ត្រូវនឹងឆ្នាំទីមួយនៃរជ្ជកាលព្រះចៅអេវីល-មេរ៉ូដាក ជាស្ដេចស្រុកបាប៊ីឡូន ព្រះចៅអេវីល-មេរ៉ូដាកដោះលែងព្រះបាទយ៉ូយ៉ាគីន ឲ្យមានសេរីភាព។
28. ស្ដេចមានរាជឱង្ការទៅកាន់ព្រះបាទយ៉ូយ៉ាគីនដោយស្និទ្ធស្នាល ព្រមទាំងប្រទានកន្លែងកិត្តិយសជាងស្ដេចឯទៀតៗ ដែលជាប់ជាឈ្លើយនៅក្រុងបាប៊ីឡូន។
29. ស្ដេចអនុញ្ញាតឲ្យព្រះបាទយ៉ូយ៉ាគីនលែងស្លៀកសម្លៀកបំពាក់ឈ្លើយសឹក ហើយព្រះបាទយ៉ូយ៉ាគីនសោយព្រះស្ងោយរួមតុជាមួយស្ដេចគ្រប់ពេល រហូតដល់អស់ព្រះជន្ម។
30. ស្ដេចស្រុកបាប៊ីឡូនតែងតែទំនុកបម្រុងព្រះបាទយ៉ូយ៉ាគីន ជារៀងរាល់ថ្ងៃ អស់មួយជីវិត។