២ ពង្សា‌វតារ‌ក្សត្រ 25:21-26 Khmer Standard Version (KHSV)

21. ស្ដេច​ស្រុក​បាប៊ី‌ឡូន​ប្រហារ​ជីវិត​អ្នក​ទាំង​នោះ នៅ​ក្រុង​រីបឡា ក្នុង​ស្រុក​ហា‌ម៉ាត់។ ជន‌ជាតិ​យូដា​ត្រូវ​គេ​កៀរ​ចេញ​ឆ្ងាយ​ពី​ទឹក​ដី​របស់​ខ្លួន​បែប​នេះ​ឯង។

22. ព្រះ‌ចៅ​នេប៊ូ‌ក្នេសា ស្ដេច​ស្រុក​បាប៊ី‌ឡូន ទុក​ឲ្យ​ប្រជា‌ជន​មួយ​ចំនួន​រស់​នៅ​ក្នុង​ស្រុក​យូដា ហើយ​តែង‌តាំង​លោក​កេដា‌លា ជា​កូន​របស់​លោក​អហ៊ី‌កាម និង​ជា​ចៅ​របស់​លោក​សាផាន ឲ្យ​គ្រប់‌គ្រង​លើ​ពួក​គេ។

23. កាល​ពួក​មេ​ទាហាន និង​ពល​ទាហាន​ទាំង​អស់ ដែល​មិន​បាន​ចុះ​ចូល​កង‌ទ័ព​បាប៊ី‌ឡូន ឮ​ដំណឹង​ថា ស្ដេច​ស្រុក​បាប៊ី‌ឡូន​តែង‌តាំង​លោក​កេដា‌លា​ឲ្យ​គ្រប់‌គ្រង​លើ​ស្រុក ពួក​គេ​ក៏​នាំ​គ្នា​មក​ជួប​នឹង​លោក​កេដា‌លា នៅ​មីស‌ប៉ា។ អ្នក​ទាំង​នោះ គឺ​លោក​អ៊ីស្មា‌អែល ជា​កូន​របស់​លោក​នេថា‌នា លោក​យ៉ូហាណាន ជា​កូន​របស់​លោក​ការ៉ា លោក​សេរ៉ាយ៉ា ជា​កូន​របស់​លោក​ថាន់‌ហ៊ូ‌ម៉េក ជា​អ្នក​ស្រុក​នេថូ‌ផា និង​លោក​យា‌សា‌នា ជា​កូន​របស់​ពួក​ម៉ាកា‌ធី ព្រម​ទាំង​ពល​ទាហាន​របស់​ពួក​គេ។

24. លោក​កេដា‌លា​បាន​ប្រកាស​យ៉ាង​ឱឡា‌រិក​ចំពោះ​មេ​ទាហាន និង​ពល​ទាហាន​ទាំង​នោះ​ថា៖ «កុំ​ខ្លាច​មន្ត្រី​ខាល់ដេ​ធ្វើ​អ្វី ចូរ​រស់​នៅ​ក្នុង​ស្រុក ហើយ​បម្រើ​ព្រះចៅ​ក្រុង​បាប៊ី‌ឡូន​ទៅ នោះ​អស់​លោក​នឹង​បាន​សុខ​ជា​មិន​ខាន»។

25. នៅ​ខែ​ទី​ប្រាំ‌ពីរ លោក​អ៊ីស្មា‌អែល ជា​កូន​របស់​លោក​នេថា‌នា ជា​ចៅ​របស់​លោក​អេលី‌សាម៉ា ដែល​ជាប់​ពូជ​ស្ដេច បាន​មក​ជា​មួយ​ទាហាន​ដប់​នាក់ ហើយ​សម្លាប់​លោក​កេដា‌លា ព្រម​ទាំង​ជន‌ជាតិ​យូដា និង​ជន‌ជាតិ​ខាល់ដេ ដែល​នៅ​ជា​មួយ​លោក​កេដា‌លា នៅ​មីស‌ប៉ា។

26. ពេល​នោះ ប្រជា‌ជន​ទាំង​មូល ចាប់​ពី​អ្នក​តូច​រហូត​ដល់​អ្នក​ធំ ព្រម​ទាំង​ពួក​មេ​ទាហាន នាំ​គ្នា​ក្រោក​ឡើង ភៀស​ខ្លួន​ទៅ​ស្រុក​អេស៊ីប ព្រោះ​ខ្លាច​ជន‌ជាតិ​ខាល់ដេ។

២ ពង្សា‌វតារ‌ក្សត្រ 25