1. ក្នុងឆ្នាំទីប្រាំបួននៃរជ្ជកាលព្រះបាទសេដេគា នៅថ្ងៃទីដប់នៃខែទីដប់ ព្រះចៅនេប៊ូក្នេសា ជាស្ដេចស្រុកបាប៊ីឡូន បានលើកទ័ពទាំងមូលមកវាយក្រុងយេរូសាឡឹម។ ពួកគេបោះទ័ព និងលើកទួលព័ទ្ធជុំវិញក្រុងយេរូសាឡឹម។
2. ពួកគេឡោមព័ទ្ធក្រុងនេះរហូតដល់ឆ្នាំទីដប់មួយ នៃរជ្ជកាលព្រះបាទសេដេគា។
3. នៅថ្ងៃទីប្រាំបួននៃខែបួន ពេលទុរ្ភិក្សកើតមានយ៉ាងខ្លាំងនៅក្នុងទីក្រុង ហើយប្រជាជននៅក្នុងស្រុកលែងមានអាហារបរិភោគទៀតនោះ
4. ពួកខ្មាំងបានទម្លុះកំពែងក្រុងមួយកន្លែង។ ទោះបីកងទ័ពខាល់ដេឡោមព័ទ្ធទីក្រុងក្ដី ពួកទាហានរត់ចេញពីទីក្រុងនៅពេលយប់ តាមទ្វារដែលស្ថិតនៅចន្លោះកំពែងទាំងពីរ ក្បែរឧទ្យានហ្លួង ហើយរត់តាមផ្លូវឆ្ពោះទៅវាលអារ៉ាបា។
5. កងទ័ពខាល់ដេនាំគ្នាដេញតាមទាន់ព្រះបាទសេដេគា នៅវាលទំនាបជិតក្រុងយេរីខូ។ ពេលនោះ កងទ័ពទាំងមូលរបស់ស្ដេចរត់បែកខ្ញែកគ្នាអស់។
6. ពួកគេក៏ចាប់ស្ដេចបញ្ជូនទៅព្រះចៅនេប៊ូក្នេសា នៅក្រុងរីបឡា ហើយគេប្រកាសកាត់ទោសព្រះបាទសេដេគា។
7. គេបានអារ-កបុត្រទាំងអស់របស់ព្រះបាទសេដេគា នៅចំពោះព្រះភ័ក្ត្រព្រះបាទសេដេគា។ បន្ទាប់មក ព្រះចៅនេប៊ូក្នេសា ឲ្យគេចាក់ភ្នែករបស់ព្រះបាទសេដេគា រួចដាក់ច្រវាក់លង្ហិនពីរជាន់ នាំយកទៅស្រុកបាប៊ីឡូន។
8. នៅថ្ងៃទីប្រាំពីរ ខែប្រាំ ក្នុងឆ្នាំទីដប់ប្រាំបួននៃរជ្ជកាលព្រះចៅនេប៊ូក្នេសា ស្ដេចស្រុកបាប៊ីឡូន លោកនេប៊ូសារ៉ាដាន ជារាជប្រតិភូ ដែលបម្រើស្ដេចស្រុកបាប៊ីឡូន បានមកដល់ក្រុងយេរូសាឡឹម។
9. លោកដុតកម្ទេចព្រះដំណាក់របស់ព្រះអម្ចាស់ ដំណាក់របស់ស្ដេច ព្រមទាំងផ្ទះនៅក្រុងយេរូសាឡឹម ជាពិសេសផ្ទះរបស់ពួកអភិជន។
10. កងទ័ពខាល់ដេទាំងមូល ដែលនៅក្រោមការដឹកនាំរបស់លោករាជប្រតិភូ ក៏បានរំលំកំពែងជុំវិញក្រុងយេរូសាឡឹមចោលដែរ។
11. លោកនេប៊ូសារ៉ាដាន ជារាជប្រតិភូ កៀរប្រជាជននៅសេសសល់ ក្នុងទីក្រុង អស់អ្នកដែលបានរត់ទៅចុះចូលនឹងស្ដេចស្រុកបាប៊ីឡូន ព្រមទាំងបណ្ដាជនដែលនៅសេសសល់យកទៅជាឈ្លើយសឹក។
12. ប៉ុន្តែ លោករាជប្រតិភូទុកឲ្យប្រជាជនតូចតាចខ្លះរស់នៅក្នុងស្រុក ដើម្បីដាំទំពាំងបាយជូរ និងភ្ជួរស្រែ។
13. ជនជាតិខាល់ដេកម្ទេចសសរលង្ហិន នៅទ្វារចូលព្រះដំណាក់របស់ព្រះអម្ចាស់ ដែកកំណល់ និងអាងធំធ្វើពីលង្ហិន ដែលស្ថិតនៅក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ ហើយយកលង្ហិនទាំងប៉ុន្មានទៅក្រុងបាប៊ីឡូន។
14. ពួកគេយកឆ្នាំង វែក កាំបិត ពែង និងរបស់ឯទៀតៗធ្វើពីលង្ហិន សម្រាប់ប្រើប្រាស់ក្នុងព្រះវិហារទៅជាមួយ។
15. លោករាជប្រតិភូក៏យកចង្ក្រាន ភាជន៍ និងវត្ថុទាំងប៉ុន្មានដែលធ្វើពីមាស ពីប្រាក់ ទៅជាមួយដែរ។