24. ព្រះបាទយ៉ូសៀសលុបបំបាត់គ្រូបញ្ជាន់រូប គ្រូទាយជោគរាសី រូបតេរ៉ាភីម*សម្រាប់បូល រូបព្រះក្លែងក្លាយ និងវត្ថុទាំងប៉ុន្មានគួរស្អប់ខ្ពើមដែលមាននៅស្រុកយូដា និងនៅក្រុងយេរូសាឡឹម ដើម្បីឲ្យបានស្របតាមសេចក្ដីទាំងប៉ុន្មាន ចែងទុកក្នុងគម្ពីរ ដែលលោកបូជាចារ្យហ៊ីលគីយ៉ា បានរកឃើញនៅក្នុងព្រះដំណាក់របស់ព្រះអម្ចាស់។
25. កាលពីមុន ពុំដែលមានស្ដេចអង្គណាមួយវិលមករកព្រះអម្ចាស់ ដោយស្មោះអស់ពីចិត្ត អស់ពីស្មារតី និងអស់ពីកម្លាំង ស្របតាមសេចក្ដីទាំងប៉ុន្មានដែលមានចែងទុកក្នុងគម្ពីរវិន័យរបស់លោកម៉ូសេ ដូចព្រះបាទយ៉ូសៀសឡើយ ហើយក្រោយមក ក៏គ្មានដែរ។
26. ប៉ុន្តែ ព្រះអម្ចាស់ទ្រង់ព្រះពិរោធប្រឆាំងនឹងអ្នកស្រុកយូដាយ៉ាងខ្លាំងដូចមុនដដែល ព្រោះតែអំពើអាក្រក់ទាំងប៉ុន្មាន ដែលព្រះបាទម៉ាណាសេបានប្រព្រឹត្តទាស់នឹងព្រះហឫទ័យរបស់ព្រះអង្គ។
27. ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «យើងនឹងបណ្ដេញជនជាតិយូដាចេញឲ្យឆ្ងាយពីមុខយើង ដូចយើងបានបណ្ដេញជនជាតិអ៊ីស្រាអែលដែរ។ យើងនឹងបោះបង់ចោលយេរូសាឡឹម ជាក្រុងដែលយើងបានជ្រើសរើស ព្រមទាំងបោះបង់ចោលដំណាក់ ជាកន្លែងដែលយើងសម្តែងនាមរបស់យើង»។
28. រាជកិច្ចផ្សេងៗរបស់ព្រះបាទយ៉ូសៀស និងអ្វីៗទាំងប៉ុន្មានដែលទ្រង់បានធ្វើ សុទ្ធតែមានកត់ត្រាទុកក្នុងសៀវភៅប្រវត្តិសាស្ត្ររបស់ស្ដេចស្រុកយូដា។
29. ក្នុងរជ្ជកាលព្រះបាទយ៉ូសៀស ព្រះចៅផារ៉ោននេកោ ជាស្ដេចស្រុកអេស៊ីប បានលើកទ័ពទៅកាន់ទន្លេអឺប្រាត ដើម្បីជួយស្ដេចស្រុកអាស្ស៊ីរី។ ព្រះបាទយ៉ូសៀសបានលើកទ័ពមកវាយស្ទាក់ផ្លូវ តែកាលព្រះចៅផារ៉ោនទតឃើញ ក៏ធ្វើគុតព្រះបាទយ៉ូសៀសនៅមេគីដោ។
30. ពួកនាយទាហានលើកសពរបស់ស្ដេចដាក់លើរទេះ នាំពីមេគីដូមកក្រុងយេរូសាឡឹមវិញ ហើយបញ្ចុះនៅក្នុងផ្នូររបស់ស្ដេច។ ប្រជាជននៅស្រុកយូដានាំគ្នាជ្រើសរើសព្រះបាទយ៉ូអាហាស ជាបុត្ររបស់ព្រះបាទយ៉ូសៀស មកចាក់ប្រេងអភិសេកឲ្យស្នងរាជ្យបិតា។
31. កាលព្រះបាទអាហាសឡើងសោយរាជ្យ ទ្រង់មានជន្មាយុម្ភៃបីព្រះវស្សា ហើយសោយរាជ្យបានបីខែនៅក្រុងយេរូសាឡឹម។ មាតារបស់ស្ដេចមាននាមថាហាមូថាល ជាកូនរបស់លោកយេរេមី ជាអ្នកស្រុកលិបណា។
32. ស្ដេចបានប្រព្រឹត្តអំពើអាក្រក់ មិនគាប់ព្រះហឫទ័យព្រះអម្ចាស់ ដូចពួកអយ្យកោ ឥតចន្លោះត្រង់ណាឡើយ។
33. ព្រះចៅផារ៉ោននេកោចាប់ព្រះបាទយ៉ូអាហាស់ដាក់ច្រវាក់នៅក្រុងរីបឡា ក្នុងស្រុកហាម៉ាត់ ដើម្បីកុំឲ្យស្ដេចសោយរាជ្យនៅក្រុងយេរូសាឡឹមតទៅទៀត។ ព្រះចៅផារ៉ោននេកោតម្រូវឲ្យស្រុកយូដាបង់សួយសារអាករជាប្រាក់ហាសិបហាប និងមាសកន្លះហាប។
34. ព្រះចៅផារ៉ោននេកោតែងតាំងព្រះបាទអេលាគីម ជាបុត្ររបស់ព្រះបាទយ៉ូសៀស ឲ្យស្នងរាជ្យបិតា ហើយដូរនាមថា យេហូយ៉ាគីមវិញ។ រីឯព្រះបាទយ៉ូអាហាស់ ព្រះចៅផារ៉ោននាំយកទៅជាឈ្លើយ នៅស្រុកអេស៊ីប ហើយទ្រង់ក៏សោយទិវង្គតនៅទីនោះ។
35. ព្រះបាទយេហូយ៉ាគីមបានហូតពន្ធពីប្រជាជននៅក្នុងស្រុក គឺស្ដេចបង្ខំពួកគេឲ្យបង់ជាមាស ជាប្រាក់ ដូចព្រះចៅផារ៉ោនបានកំណត់ទុក។ លុះបានគ្រប់ចំនួនហើយ ស្ដេចក៏យកទៅថ្វាយព្រះចៅផារ៉ោននេកោ។
36. កាលព្រះបាទយេហូយ៉ាគីមឡើងសោយរាជ្យ ទ្រង់មានជន្មាយុម្ភៃប្រាំព្រះវស្សា ហើយទ្រង់សោយរាជ្យបានដប់មួយឆ្នាំ នៅក្រុងយេរូសាឡឹម។ មាតារបស់ស្ដេចមាននាមថា សេប៊ូដា ជាកូនរបស់លោកពេដាយ៉ា ជាអ្នកស្រុករូម៉ា។