2. បន្ទាប់មក ស្ដេចយាងទៅកាន់ព្រះដំណាក់របស់ព្រះអម្ចាស់ ជាមួយប្រជាជនទាំងអស់នៅស្រុកយូដា និងអ្នកក្រុងយេរូសាឡឹមទាំងមូល គឺមានអស់លោកបូជាចារ្យ ព្យាការី និងប្រជាជនទាំងអស់ គ្រប់ជាន់ថ្នាក់។ ព្រះរាជាអានព្រះបន្ទូលទាំងប៉ុន្មានក្នុងគម្ពីរសម្ពន្ធមេត្រី ដែលគេរកឃើញក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ ឲ្យប្រជាជនស្ដាប់។
3. ព្រះរាជាឈរនៅលើវេទិកា នៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ ហើយចងសម្ពន្ធមេត្រីជាមួយ ព្រះអម្ចាស់ ដោយសន្យាថា សុខចិត្តដើរតាមព្រះអម្ចាស់ និងកាន់តាមបទបញ្ជា ដំបូន្មាន និងវិន័យរបស់ព្រះអង្គ ដោយស្មោះអស់ពីចិត្ត និងអស់ពីស្មារតី ដើម្បីគោរពតាមសេចក្ដីក្នុងសម្ពន្ធមេត្រី ដែលមានចែងទុកក្នុងគម្ពីរនេះ។ ប្រជាជនទាំងមូលក៏ចូលរួមក្នុងសម្ពន្ធមេត្រីនេះដែរ។
4. ស្ដេចចេញបញ្ជាដល់លោកមហាបូជាចារ្យហ៊ីលគីយ៉ា និងពួកបូជាចារ្យថ្នាក់បន្ទាប់ ព្រមទាំងក្រុមយាមទ្វារ ឲ្យយកវត្ថុទាំងប៉ុន្មានដែលគេថ្វាយព្រះបាល ព្រះអាសេរ៉ា និងផ្កាយទាំងប៉ុន្មាននៅលើមេឃ ចេញពីព្រះវិហាររបស់ព្រះអម្ចាស់។ គេយកវត្ថុទាំងនោះទៅដុតចោលនៅក្រៅក្រុងយេរូសាឡឹម ក្នុងជ្រោះកេដ្រូន រួចយកផេះទៅចោលនៅបេតអែល។
5. ស្ដេចលុបបំបាត់ពួកបូជាចារ្យដែលស្ដេចស្រុកយូដាបានលើកបន្តុប សម្រាប់ដុតគ្រឿងក្រអូប នៅកន្លែងសក្ការៈតាមទួលខ្ពស់ៗនៃក្រុងទាំងឡាយក្នុងស្រុកយូដា និងនៅជុំវិញក្រុងយេរូសាឡឹម។ ស្ដេចលុបបំបាត់អស់អ្នកដែលដុតគ្រឿងក្រអូបថ្វាយព្រះបាល ព្រះអាទិត្យ ព្រះច័ន្ទ តារានិករ និងហ្វូងតារាទាំងប៉ុន្មាននៅលើមេឃ។
6. ស្ដេចយកបង្គោលរបស់ព្រះអាសេរ៉ាចេញពីព្រះដំណាក់របស់ព្រះអម្ចាស់ ទៅចោលក្រៅក្រុងយេរូសាឡឹម រួចដុតនៅជ្រោះកេដ្រូន។ គេដុតកម្ទេចបង្គោលនោះឲ្យទៅជាផេះ ហើយយកផេះទៅបាចលើផ្នូររបស់ប្រជាជន។
7. ព្រះបាទយ៉ូសៀសកម្ទេចកន្លែងសម្រាប់ប្រព្រឹត្តអំពើពេស្យាចារ ដែលស្ថិតក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ និងជាកន្លែងដែលពួកស្ត្រីត្បាញក្រណាត់ ធ្វើសម្លៀកបំពាក់ថ្វាយព្រះអាសេរ៉ាដែរ។
8. ស្ដេចកោះហៅបូជាចារ្យទាំងអស់ពីក្រុងទាំងឡាយ ក្នុងស្រុកយូដា។ ស្ដេចបានបំផ្លាញកន្លែងសក្ការៈនៅតាមទួលខ្ពស់ៗ ចាប់ពីក្រុងកេបារហូតដល់បៀរសេបា ជាកន្លែងដែលបូជាចារ្យទាំងនោះធ្លាប់ដុតគ្រឿងក្រអូប។ ស្ដេចក៏រំលំកន្លែងសក្ការៈនៅតាមទ្វារក្រុងយេរូសាឡឹម ដូចជាកន្លែងសក្ការៈដែលស្ថិតនៅខាងឆ្វេងទ្វារលោកយ៉ូស្វេ ជាអភិបាលក្រុង។
9. ពួកបូជាចារ្យនៃកន្លែងសក្ការៈតាមទួលខ្ពស់ៗ គ្មានសិទ្ធិឡើងទៅថ្វាយយញ្ញបូជានៅលើអាសនៈរបស់ព្រះអម្ចាស់ នៅក្រុងយេរូសាឡឹមទេ តែពួកគេអាចបរិភោគនំបុ័ងឥតមេជាមួយបូជាចារ្យដទៃទៀតបាន។
10. ព្រះបាទយ៉ូសៀសបានបំផ្លាញកន្លែងធ្វើបូជាយញ្ញនៅតូផេត ក្នុងជ្រលងភ្នំហ៊ិនណម ដើម្បីកុំឲ្យនរណាម្នាក់យកកូនប្រុស កូនស្រីរបស់ខ្លួន ទៅធ្វើបូជាយញ្ញថ្វាយព្រះម៉ូឡុកទៀតឡើយ។
11. ព្រះបាទយ៉ូសៀសយករូបសេះទាំងប៉ុន្មាន ដែលស្ដេចស្រុកយូដាធ្វើថ្វាយព្រះអាទិត្យ ចេញពីមាត់ទ្វារព្រះដំណាក់របស់ព្រះអម្ចាស់។ រូបទាំងនោះស្ថិតក្បែរបន្ទប់របស់លោកមហាតលិកនេថាន-មេឡេក គឺនៅក្នុងបន្ទប់អម។ ស្ដេចក៏បានដុតរទេះរបស់ព្រះអាទិត្យចោលដែរ។
12. ស្ដេចរំលំអាសនៈទាំងប៉ុន្មានដែលព្រះបាទអហាស់ និងស្ដេចនានានៃស្រុកយូដាបានសង់ នៅតាមថែវនៃបន្ទប់ខាងលើ។ ស្ដេចក៏រំលំអាសនៈទាំងប៉ុន្មានដែលព្រះបាទម៉ាណាសេបានសង់ ក្នុងទីលានទាំងពីរនៃព្រះដំណាក់របស់ព្រះអម្ចាស់។ បន្ទាប់ពីបំផ្លាញអាសនៈទាំងនោះហើយ ស្ដេចយកកម្ទេចទៅបោះចោលនៅជ្រលងភ្នំកេដ្រូន។
13. ស្ដេចបំផ្លាញកន្លែងសក្ការៈតាមទួលខ្ពស់ៗទាំងប៉ុន្មាន ដែលនៅទល់មុខនឹងក្រុងយេរូសាឡឹម ប៉ែកខាងត្បូងភ្នំដើមអូលីវ។ ព្រះបាទសាឡូម៉ូន ជាស្ដេចស្រុកអ៊ីស្រាអែល បានសង់កន្លែងសក្ការៈទាំងនោះថ្វាយព្រះអាសថារ៉ូត ជាព្រះគួរស្អប់ខ្ពើមនៃជនជាតិស៊ីដូន ព្រះកេម៉ូស ជាព្រះគួរស្អប់ខ្ពើមនៃជនជាតិម៉ូអាប់ ព្រះមីលកូម ជាព្រះគួរស្អប់ខ្ពើមនៃជនជាតិអាំម៉ូន។
14. ស្ដេចវាយបំបាក់ស្តូប និងកាប់រំលំបង្គោលរបស់ព្រះអាសេរ៉ា ហើយយកធាតុមនុស្សមករាយពាសពេញទីនោះវិញ។
15. ព្រះបាទយ៉ូសៀសរំលំអាសនៈនៅបេតអែល ជាកន្លែងសក្ការៈតាមទួលខ្ពស់ៗ ដែលព្រះបាទយេរ៉ូបោម ជាកូនរបស់លោកនេបាតបានសង់ ដើម្បីនាំប្រជាជនអ៊ីស្រាអែល ឲ្យប្រព្រឹត្តអំពើបាប។ ស្ដេចបានរំលំអាសនៈ និងកន្លែងសក្ការៈតាមទួលខ្ពស់ៗនេះ គឺស្ដេចដុតឲ្យទៅជាផេះ ហើយក៏ដុតបង្គោលរបស់ព្រះអាសេរ៉ាដែរ។
16. ព្រះបាទយ៉ូសៀសងាកទៅឃើញកន្លែងបញ្ចុះសពនៅលើភ្នំ ក៏បញ្ជាឲ្យគេយកឆ្អឹងខ្មោចក្នុងផ្នូរទាំងនោះ ទៅដុតនៅលើអាសនៈ។ ស្ដេចធ្វើឲ្យអាសនៈនោះទៅជាសៅហ្មង ស្របតាមព្រះបន្ទូលដែលអ្នកជំនិតរបស់ព្រះអម្ចាស់ថ្លែងទុក។
17. ស្ដេចមានរាជឱង្ការថា៖ «មើល! ផ្នូរនោះជាអ្វី?»។ ពួកអ្នកក្រុងទូលថា៖ «គឺផ្នូរអ្នកជំនិតរបស់ព្រះជាម្ចាស់ដែលមកពីស្រុកយូដា ដើម្បីថ្លែងពីការទាំងប៉ុន្មាន ដែលព្រះករុណាទើបនឹងប្រព្រឹត្តចំពោះអាសនៈនៅបេតអែលនេះ»។
18. ស្ដេចមានរាជឱង្ការថា៖ «ចូរទុកផ្នូរនេះ កុំប៉ះពាល់ធាតុរបស់លោកឡើយ»។ ដូច្នេះ គេមិនគាស់យកធាតុរបស់លោក ព្រមទាំងធាតុរបស់ព្យាការីដែលមកពីស្រុកសាម៉ារីទេ។
19. កាលពីដើម ស្ដេចនានានៃស្រុកអ៊ីស្រាអែលបានសង់កន្លែងសក្ការៈតាមទួលខ្ពស់ៗ ក្នុងក្រុងទាំងឡាយនៅស្រុកសាម៉ារី បណ្ដាលឲ្យព្រះអម្ចាស់ទ្រង់ព្រះពិរោធ។ ព្រះបាទយ៉ូសៀសលុបបំបាត់កន្លែងសក្ការៈទាំងនោះដូចទ្រង់បានធ្វើនៅបេតអែលដែរ។
20. ស្ដេចបានប្រហារបូជាចារ្យទាំងអស់នៅកន្លែងសក្ការៈតាមទួលខ្ពស់ៗ ព្រមទាំងដុតឆ្អឹងខ្មោចនៅលើនោះផងដែរ។ បន្ទាប់មក ទ្រង់យាងត្រឡប់ទៅក្រុងយេរូសាឡឹមវិញ។
21. ព្រះរាជាបង្គាប់ដល់ប្រជាជនទាំងមូលថា៖ «ចូរនាំគ្នាប្រារព្ធបុណ្យចម្លងថ្វាយព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា ស្របតាមសេចក្ដីទាំងប៉ុន្មានដែលមានចែងទុក ក្នុងគម្ពីរសម្ពន្ធមេត្រី»។