២ ពង្សា‌វតារ‌ក្សត្រ 23:14-30 Khmer Standard Version (KHSV)

14. ស្ដេច​វាយ​បំបាក់​ស្តូប និង​កាប់​រំលំ​បង្គោល​របស់​ព្រះ​អាសេ‌រ៉ា ហើយ​យក​ធាតុ​មនុស្ស​មក​រាយ​ពាស‌ពេញ​ទី​នោះ​វិញ។

15. ព្រះ‌បាទ​យ៉ូសៀស​រំលំ​អាសនៈ​នៅ​បេត‌អែល ជា​កន្លែង​សក្ការៈ​តាម​ទួល​ខ្ពស់ៗ ដែល​ព្រះ‌បាទ​យេរ៉ូ‌បោម ជា​កូន​របស់​លោក​នេបាត​បាន​សង់ ដើម្បី​នាំ​ប្រជា‌ជន​អ៊ីស្រា‌អែល ឲ្យ​ប្រព្រឹត្ត​អំពើ​បាប។ ស្ដេច​បាន​រំលំ​អាសនៈ និង​កន្លែង​សក្ការៈ​តាម​ទួល​ខ្ពស់ៗ​នេះ គឺ​ស្ដេច​ដុត​ឲ្យ​ទៅ​ជា​ផេះ ហើយ​ក៏​ដុត​បង្គោល​របស់​ព្រះ​អាសេ‌រ៉ា​ដែរ។

16. ព្រះ‌បាទ​យ៉ូសៀស​ងាក​ទៅ​ឃើញ​កន្លែង​បញ្ចុះ​សព​នៅ​លើ​ភ្នំ ក៏​បញ្ជា​ឲ្យ​គេ​យក​ឆ្អឹង​ខ្មោច​ក្នុង​ផ្នូរ​ទាំង​នោះ ទៅ​ដុត​នៅ​លើ​អាសនៈ។ ស្ដេច​ធ្វើ​ឲ្យ​អាសនៈ​នោះ​ទៅ​ជា​សៅ‌ហ្មង ស្រប​តាម​ព្រះ‌បន្ទូល​ដែល​អ្នក​ជំនិត​របស់​ព្រះ‌អម្ចាស់​ថ្លែង​ទុក។

17. ស្ដេច​មាន​រាជ‌ឱង្ការ​ថា៖ «មើល! ផ្នូរ​នោះ​ជា​អ្វី?»។ ពួក​អ្នក​ក្រុង​ទូល​ថា៖ «គឺ​ផ្នូរ​អ្នក​ជំនិត​របស់​ព្រះ‌ជាម្ចាស់​ដែល​មក​ពី​ស្រុក​យូដា ដើម្បី​ថ្លែង​ពី​ការ​ទាំង​ប៉ុន្មាន ដែល​ព្រះ‌ករុណា​ទើប​នឹង​ប្រព្រឹត្ត​ចំពោះ​អាសនៈ​នៅ​បេត‌អែល​នេះ»។

18. ស្ដេច​មាន​រាជ‌ឱង្ការ​ថា៖ «ចូរ​ទុក​ផ្នូរ​នេះ កុំ​ប៉ះ‌ពាល់​ធាតុ​របស់​លោក​ឡើយ»។ ដូច្នេះ គេ​មិន​គាស់​យក​ធាតុ​របស់​លោក ព្រម​ទាំង​ធាតុ​របស់​ព្យាការី​ដែល​មក​ពី​ស្រុក​សាម៉ារី​ទេ។

19. កាល​ពី​ដើម ស្ដេច​នានា​នៃ​ស្រុក​អ៊ីស្រា‌អែល​បាន​សង់​កន្លែង​សក្ការៈ​តាម​ទួល​ខ្ពស់ៗ ក្នុង​ក្រុង​ទាំង‌ឡាយ​នៅ​ស្រុក​សាម៉ារី បណ្ដាល​ឲ្យ​ព្រះ‌អម្ចាស់​ទ្រង់​ព្រះ‌ពិរោធ។ ព្រះ‌បាទ​យ៉ូសៀស​លុប​បំបាត់​កន្លែង​សក្ការៈ​ទាំង​នោះ​ដូច​ទ្រង់​បាន​ធ្វើ​នៅ​បេត‌អែល​ដែរ។

20. ស្ដេច​បាន​ប្រហារ​បូជា‌ចារ្យ​ទាំង​អស់​នៅ​កន្លែង​សក្ការៈ​តាម​ទួល​ខ្ពស់ៗ ព្រម​ទាំង​ដុត​ឆ្អឹង​ខ្មោច​នៅ​លើ​នោះ​ផង​ដែរ។ បន្ទាប់​មក ទ្រង់​យាង​ត្រឡប់​ទៅ​ក្រុង​យេរូ‌សាឡឹម​វិញ។

21. ព្រះ‌រាជា​បង្គាប់​ដល់​ប្រជា‌ជន​ទាំង​មូល​ថា៖ «ចូរ​នាំ​គ្នា​ប្រារព្ធ​បុណ្យ​ចម្លង​ថ្វាយ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា ស្រប​តាម​សេចក្ដី​ទាំង​ប៉ុន្មាន​ដែល​មាន​ចែង​ទុក ក្នុង​គម្ពីរ​សម្ពន្ធ‌មេត្រី»។

22. តាំង​ពី​ជំនាន់​ពួក​ចៅហ្វាយ និង​ក្នុង​ជំនាន់​ស្ដេច​នានា​នៃ​ស្រុក​អ៊ីស្រា‌អែល និង​ស្រុក​យូដា គេ​មិន​ដែល​ប្រារព្ធ​បុណ្យ​ចម្លង​របៀប​នេះ​ទេ។

23. នៅ​ឆ្នាំ​ទី​ដប់​ប្រាំ​បី​នៃ​រជ្ជកាល​ព្រះ‌បាទ​យ៉ូសៀស គេ​នាំ​គ្នា​ប្រារព្ធ​ពិធី​បុណ្យ​ចម្លង​បែប​នេះ​ថ្វាយ​ព្រះ‌អម្ចាស់​នៅ​ក្រុង​យេរូ‌សាឡឹម។

24. ព្រះ‌បាទ​យ៉ូសៀស​លុប​បំបាត់​គ្រូ​បញ្ជាន់​រូប គ្រូ​ទាយ​ជោគ‌រាសី រូប​តេរ៉ា‌ភីម*​សម្រាប់​បូល រូប​ព្រះ​ក្លែង‌ក្លាយ និង​វត្ថុ​ទាំង​ប៉ុន្មាន​គួរ​ស្អប់​ខ្ពើម​ដែល​មាន​នៅ​ស្រុក​យូដា និង​នៅ​ក្រុង​យេរូ‌សាឡឹម ដើម្បី​ឲ្យ​បាន​ស្រប​តាម​សេចក្ដី​ទាំង​ប៉ុន្មាន ចែង​ទុក​ក្នុង​គម្ពីរ ដែល​លោក​បូជា‌ចារ្យ​ហ៊ីល‌គី‌យ៉ា បាន​រក​ឃើញ​នៅ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់។

25. កាល​ពី​មុន ពុំ​ដែល​មាន​ស្ដេច​អង្គ​ណា​មួយ​វិល​មក​រក​ព្រះ‌អម្ចាស់ ដោយ​ស្មោះ​អស់​ពី​ចិត្ត អស់​ពី​ស្មារតី និង​អស់​ពី​កម្លាំង ស្រប​តាម​សេចក្ដី​ទាំង​ប៉ុន្មាន​ដែល​មាន​ចែង​ទុក​ក្នុង​គម្ពីរ‌វិន័យ​របស់​លោក​ម៉ូសេ ដូច​ព្រះ‌បាទ​យ៉ូសៀស​ឡើយ ហើយ​ក្រោយ​មក ក៏​គ្មាន​ដែរ។

26. ប៉ុន្តែ ព្រះ‌អម្ចាស់​ទ្រង់​ព្រះ‌ពិរោធ​ប្រឆាំង​នឹង​អ្នក​ស្រុក​យូដា​យ៉ាង​ខ្លាំង​ដូច​មុន​ដដែល ព្រោះ​តែ​អំពើ​អាក្រក់​ទាំង​ប៉ុន្មាន ដែល​ព្រះ‌បាទ​ម៉ាណា‌សេ​បាន​ប្រព្រឹត្ត​ទាស់​នឹង​ព្រះ‌ហឫទ័យ​របស់​ព្រះ‌អង្គ។

27. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «យើង​នឹង​បណ្ដេញ​ជន‌ជាតិ​យូដា​ចេញ​ឲ្យ​ឆ្ងាយ​ពី​មុខ​យើង ដូច​យើង​បាន​បណ្ដេញ​ជន‌ជាតិ​អ៊ីស្រា‌អែល​ដែរ។ យើង​នឹង​បោះ​បង់​ចោល​យេរូ‌សាឡឹម ជា​ក្រុង​ដែល​យើង​បាន​ជ្រើស​រើស ព្រម​ទាំង​បោះ​បង់​ចោល​ដំណាក់ ជា​កន្លែង​ដែល​យើង​សម្តែង​នាម​របស់​យើង»។

28. រាជ​កិច្ច​ផ្សេងៗ​របស់​ព្រះ‌បាទ​យ៉ូសៀស និង​អ្វីៗ​ទាំង​ប៉ុន្មាន​ដែល​ទ្រង់​បាន​ធ្វើ សុទ្ធ​តែ​មាន​កត់‌ត្រា​ទុក​ក្នុង​សៀវភៅ​ប្រវត្តិ​សាស្ត្រ​របស់​ស្ដេច​ស្រុក​យូដា។

29. ក្នុង​រជ្ជកាល​ព្រះ‌បាទ​យ៉ូសៀស ព្រះ‌ចៅ​ផារ៉ោន​នេកោ ជា​ស្ដេច​ស្រុក​អេស៊ីប បាន​លើក​ទ័ព​ទៅ​កាន់​ទន្លេ​អឺប្រាត ដើម្បី​ជួយ​ស្ដេច​ស្រុក​អាស្ស៊ីរី។ ព្រះ‌បាទ​យ៉ូសៀស​បាន​លើក​ទ័ព​មក​វាយ​ស្ទាក់​ផ្លូវ តែ​កាល​ព្រះ‌ចៅ​ផារ៉ោន​ទត​ឃើញ ក៏​ធ្វើ​គុត​ព្រះ‌បាទ​យ៉ូសៀស​នៅ​មេគី‌ដោ។

30. ពួក​នាយ​ទាហាន​លើក​សព​របស់​ស្ដេច​ដាក់​លើ​រទេះ នាំ​ពី​មេគី‌ដូ​មក​ក្រុង​យេរូ‌សាឡឹម​វិញ ហើយ​បញ្ចុះ​នៅ​ក្នុង​ផ្នូរ​របស់​ស្ដេច។ ប្រជា‌ជន​នៅ​ស្រុក​យូដា​នាំ​គ្នា​ជ្រើស​រើស​ព្រះ‌បាទ​យ៉ូអា‌ហាស ជា​បុត្រ​របស់​ព្រះ‌បាទ​យ៉ូសៀស មក​ចាក់​ប្រេង​អភិ‌សេក​ឲ្យ​ស្នង​រាជ្យ​បិតា។

២ ពង្សា‌វតារ‌ក្សត្រ 23