12. ស្ដេចរំលំអាសនៈទាំងប៉ុន្មានដែលព្រះបាទអហាស់ និងស្ដេចនានានៃស្រុកយូដាបានសង់ នៅតាមថែវនៃបន្ទប់ខាងលើ។ ស្ដេចក៏រំលំអាសនៈទាំងប៉ុន្មានដែលព្រះបាទម៉ាណាសេបានសង់ ក្នុងទីលានទាំងពីរនៃព្រះដំណាក់របស់ព្រះអម្ចាស់។ បន្ទាប់ពីបំផ្លាញអាសនៈទាំងនោះហើយ ស្ដេចយកកម្ទេចទៅបោះចោលនៅជ្រលងភ្នំកេដ្រូន។
13. ស្ដេចបំផ្លាញកន្លែងសក្ការៈតាមទួលខ្ពស់ៗទាំងប៉ុន្មាន ដែលនៅទល់មុខនឹងក្រុងយេរូសាឡឹម ប៉ែកខាងត្បូងភ្នំដើមអូលីវ។ ព្រះបាទសាឡូម៉ូន ជាស្ដេចស្រុកអ៊ីស្រាអែល បានសង់កន្លែងសក្ការៈទាំងនោះថ្វាយព្រះអាសថារ៉ូត ជាព្រះគួរស្អប់ខ្ពើមនៃជនជាតិស៊ីដូន ព្រះកេម៉ូស ជាព្រះគួរស្អប់ខ្ពើមនៃជនជាតិម៉ូអាប់ ព្រះមីលកូម ជាព្រះគួរស្អប់ខ្ពើមនៃជនជាតិអាំម៉ូន។
14. ស្ដេចវាយបំបាក់ស្តូប និងកាប់រំលំបង្គោលរបស់ព្រះអាសេរ៉ា ហើយយកធាតុមនុស្សមករាយពាសពេញទីនោះវិញ។
15. ព្រះបាទយ៉ូសៀសរំលំអាសនៈនៅបេតអែល ជាកន្លែងសក្ការៈតាមទួលខ្ពស់ៗ ដែលព្រះបាទយេរ៉ូបោម ជាកូនរបស់លោកនេបាតបានសង់ ដើម្បីនាំប្រជាជនអ៊ីស្រាអែល ឲ្យប្រព្រឹត្តអំពើបាប។ ស្ដេចបានរំលំអាសនៈ និងកន្លែងសក្ការៈតាមទួលខ្ពស់ៗនេះ គឺស្ដេចដុតឲ្យទៅជាផេះ ហើយក៏ដុតបង្គោលរបស់ព្រះអាសេរ៉ាដែរ។
16. ព្រះបាទយ៉ូសៀសងាកទៅឃើញកន្លែងបញ្ចុះសពនៅលើភ្នំ ក៏បញ្ជាឲ្យគេយកឆ្អឹងខ្មោចក្នុងផ្នូរទាំងនោះ ទៅដុតនៅលើអាសនៈ។ ស្ដេចធ្វើឲ្យអាសនៈនោះទៅជាសៅហ្មង ស្របតាមព្រះបន្ទូលដែលអ្នកជំនិតរបស់ព្រះអម្ចាស់ថ្លែងទុក។
17. ស្ដេចមានរាជឱង្ការថា៖ «មើល! ផ្នូរនោះជាអ្វី?»។ ពួកអ្នកក្រុងទូលថា៖ «គឺផ្នូរអ្នកជំនិតរបស់ព្រះជាម្ចាស់ដែលមកពីស្រុកយូដា ដើម្បីថ្លែងពីការទាំងប៉ុន្មាន ដែលព្រះករុណាទើបនឹងប្រព្រឹត្តចំពោះអាសនៈនៅបេតអែលនេះ»។
18. ស្ដេចមានរាជឱង្ការថា៖ «ចូរទុកផ្នូរនេះ កុំប៉ះពាល់ធាតុរបស់លោកឡើយ»។ ដូច្នេះ គេមិនគាស់យកធាតុរបស់លោក ព្រមទាំងធាតុរបស់ព្យាការីដែលមកពីស្រុកសាម៉ារីទេ។
19. កាលពីដើម ស្ដេចនានានៃស្រុកអ៊ីស្រាអែលបានសង់កន្លែងសក្ការៈតាមទួលខ្ពស់ៗ ក្នុងក្រុងទាំងឡាយនៅស្រុកសាម៉ារី បណ្ដាលឲ្យព្រះអម្ចាស់ទ្រង់ព្រះពិរោធ។ ព្រះបាទយ៉ូសៀសលុបបំបាត់កន្លែងសក្ការៈទាំងនោះដូចទ្រង់បានធ្វើនៅបេតអែលដែរ។
20. ស្ដេចបានប្រហារបូជាចារ្យទាំងអស់នៅកន្លែងសក្ការៈតាមទួលខ្ពស់ៗ ព្រមទាំងដុតឆ្អឹងខ្មោចនៅលើនោះផងដែរ។ បន្ទាប់មក ទ្រង់យាងត្រឡប់ទៅក្រុងយេរូសាឡឹមវិញ។
21. ព្រះរាជាបង្គាប់ដល់ប្រជាជនទាំងមូលថា៖ «ចូរនាំគ្នាប្រារព្ធបុណ្យចម្លងថ្វាយព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា ស្របតាមសេចក្ដីទាំងប៉ុន្មានដែលមានចែងទុក ក្នុងគម្ពីរសម្ពន្ធមេត្រី»។
22. តាំងពីជំនាន់ពួកចៅហ្វាយ និងក្នុងជំនាន់ស្ដេចនានានៃស្រុកអ៊ីស្រាអែល និងស្រុកយូដា គេមិនដែលប្រារព្ធបុណ្យចម្លងរបៀបនេះទេ។
23. នៅឆ្នាំទីដប់ប្រាំបីនៃរជ្ជកាលព្រះបាទយ៉ូសៀស គេនាំគ្នាប្រារព្ធពិធីបុណ្យចម្លងបែបនេះថ្វាយព្រះអម្ចាស់នៅក្រុងយេរូសាឡឹម។
24. ព្រះបាទយ៉ូសៀសលុបបំបាត់គ្រូបញ្ជាន់រូប គ្រូទាយជោគរាសី រូបតេរ៉ាភីម*សម្រាប់បូល រូបព្រះក្លែងក្លាយ និងវត្ថុទាំងប៉ុន្មានគួរស្អប់ខ្ពើមដែលមាននៅស្រុកយូដា និងនៅក្រុងយេរូសាឡឹម ដើម្បីឲ្យបានស្របតាមសេចក្ដីទាំងប៉ុន្មាន ចែងទុកក្នុងគម្ពីរ ដែលលោកបូជាចារ្យហ៊ីលគីយ៉ា បានរកឃើញនៅក្នុងព្រះដំណាក់របស់ព្រះអម្ចាស់។
25. កាលពីមុន ពុំដែលមានស្ដេចអង្គណាមួយវិលមករកព្រះអម្ចាស់ ដោយស្មោះអស់ពីចិត្ត អស់ពីស្មារតី និងអស់ពីកម្លាំង ស្របតាមសេចក្ដីទាំងប៉ុន្មានដែលមានចែងទុកក្នុងគម្ពីរវិន័យរបស់លោកម៉ូសេ ដូចព្រះបាទយ៉ូសៀសឡើយ ហើយក្រោយមក ក៏គ្មានដែរ។