2. ស្ដេចបានប្រព្រឹត្តអំពើសុចរិត ជាទីគាប់ព្រះហឫទ័យព្រះអម្ចាស់ ហើយដើរតាមមាគ៌ារបស់ព្រះបាទដាវីឌ ជាអយ្យកោឥតខ្ចោះ ដោយមិនងាកទៅស្ដាំ ឬទៅឆ្វេងឡើយ។
3. នៅឆ្នាំទីដប់ប្រាំបីនៃរជ្ជកាលព្រះបាទយ៉ូសៀស ទ្រង់ចាត់លោកសាផានជាស្មៀនហ្លួង ដែលត្រូវជាកូនរបស់លោកអសាលា និងជាចៅរបស់លោកមស៊ូឡាម ឲ្យទៅកាន់ព្រះដំណាក់របស់ព្រះអម្ចាស់ ដោយមានរាជឱង្ការថា៖
4. «ចូរទៅជួបលោកមហាបូជាចារ្យហ៊ីលគីយ៉ា សុំឲ្យលោកបូកសរុបប្រាក់ ដែលគេយកមកថ្វាយក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ គឺប្រាក់ក្រុមយាមទ្វារបានទទួលពីប្រជាជន។
5. ចូរឲ្យគេប្រគល់ប្រាក់នោះ ទៅពួកមេជាង ដែលទទួលខុសត្រូវជួសជុលព្រះដំណាក់របស់ព្រះអម្ចាស់ ដើម្បីបង់ថ្លៃឈ្នួលរបស់ពួកកម្មករជួសជុលព្រះដំណាក់
6. គឺពួកជាងឈើ ជាងសំណង់ ជាងកំបោរ និងសម្រាប់ទិញឈើ ថ្មដាប់ ដើម្បីជួសជុលព្រះដំណាក់។
7. ប៉ុន្តែ ចូរកុំសួរនាំពីប្រាក់ដែលប្រគល់ទៅឲ្យពួកមេជាងឡើយ ដ្បិតពួកគេធ្វើការនេះដោយចិត្តស្មោះបំផុត»។
8. ពេលនោះ លោកមហាបូជាចារ្យហ៊ីលគីយ៉ាមានប្រសាសន៍ទៅកាន់លោកសាផាន ជាស្មៀនហ្លួងថា៖ «ខ្ញុំបានរកឃើញគម្ពីរវិន័យ នៅក្នុងព្រះដំណាក់របស់ព្រះអម្ចាស់!»។ លោកហ៊ីលគីយ៉ាជូនគម្ពីរនេះទៅលោកសាផាន ហើយលោកសាផានក៏អាន។
9. បន្ទាប់មក លោកសាផាន ជាស្មៀនហ្លួង ក៏វិលមកគាល់ស្ដេចវិញ ទូលរៀបរាប់ដូចតទៅ៖ «យើងខ្ញុំបានប្រគល់ប្រាក់តង្វាយដែលប្រមូលនៅក្នុងព្រះដំណាក់ ទៅឲ្យពួកមេជាងជាអ្នកទទួលខុសត្រូវជួសជុលព្រះដំណាក់របស់ព្រះអម្ចាស់ហើយ»។