3. ស្ដេចបានសង់កន្លែងសក្ការៈនៅតាមទួលខ្ពស់ៗឡើងវិញ គឺកន្លែងដែលព្រះបាទហេសេគា ជាបិតា បានលុបបំបាត់។ ស្ដេចបានសង់អាសនៈរបស់ព្រះបាល និងដំឡើងបង្គោលថ្វាយព្រះអាសេរ៉ា ដូចព្រះបាទអហាប់ ជាស្ដេចស្រុកអ៊ីស្រាអែលបានប្រព្រឹត្តដែរ។ ស្ដេចក្រាបថ្វាយបង្គំ និងគោរពបម្រើផ្កាយទាំងប៉ុន្មាននៅលើមេឃ។
4. ស្ដេចបានសង់អាសនៈរបស់ព្រះដទៃក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ គឺនៅកន្លែងដែលព្រះអង្គមានព្រះបន្ទូលថា “យើងនឹងយកក្រុងយេរូសាឡឹមនេះ ទុកជាកន្លែងសម្រាប់នាមយើង”។
5. ព្រះបាទម៉ាណាសេសង់អាសនៈ សម្រាប់ផ្កាយទាំងប៉ុន្មាននៅលើមេឃ ក្នុងទីលានទាំងពីរនៃព្រះដំណាក់របស់ព្រះអម្ចាស់។
6. ស្ដេចបានយកបុត្រាទៅធ្វើបូជាយញ្ញ ស្ដេចបានរកគ្រូមើលជោគរាសី ប្រព្រឹត្តមន្តអាគម ព្រមទាំងតែងតាំងឲ្យមានគ្រូអន្ទងខ្មោច និងគ្រូទស្សន៍ទាយផង។ ស្ដេចប្រព្រឹត្តអំពើអាក្រក់កាន់តែខ្លាំងឡើងៗ ដែលមិនគាប់ព្រះហឫទ័យព្រះអម្ចាស់ ធ្វើឲ្យព្រះអង្គទ្រង់ព្រះពិរោធ។
7. ព្រះបាទម៉ាណាសេបានធ្វើរូបបដិមារបស់ព្រះអាសេរ៉ា យកទៅតម្កល់ក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ ថ្វីដ្បិតតែព្រះអម្ចាស់ធ្លាប់មានព្រះបន្ទូលមកកាន់ព្រះបាទដាវីឌ និងព្រះបាទសាឡូម៉ូន ជាបុត្រថា «យើងជ្រើសរើសព្រះដំណាក់ និងក្រុងយេរូសាឡឹម ពីចំណោមកុលសម្ព័ន្ធទាំងប៉ុន្មាននៃជនជាតិអ៊ីស្រាអែល ទុកជាកន្លែងសម្រាប់នាមយើងរហូតតទៅ។
8. ប្រសិនបើប្រជាជនអ៊ីស្រាអែលកាន់តាមក្រឹត្យវិន័យទាំងប៉ុន្មានដែលយើងបានបង្គាប់មក តាមរយៈម៉ូសេជាអ្នកបម្រើរបស់យើង នោះយើងមិនឲ្យពួកគេខ្ចាត់ព្រាត់ចេញឆ្ងាយពីទឹកដី ដែលយើងប្រគល់ឲ្យដូនតារបស់គេឡើយ»។
9. ប៉ុន្តែ ពួកគេមិនព្រមស្ដាប់ទេ ព្រះបាទម៉ាណាសេនាំពួកគេឲ្យវង្វេងរហូតដល់ប្រព្រឹត្តអំពើអាក្រក់ ជាងប្រជាជាតិនានា ដែលព្រះអម្ចាស់បានបំផ្លាញ នៅចំពោះមុខកូនចៅអ៊ីស្រាអែលទៅទៀត។
10. ពេលនោះ ព្រះអម្ចាស់មានព្រះបន្ទូលតាមរយៈពួកព្យាការី ជាអ្នកបម្រើរបស់ព្រះអង្គថា៖
11. «ម៉ាណាសេ ជាស្ដេចស្រុកយូដា បានប្រព្រឹត្តអំពើគួរស្អប់ខ្ពើមទាំងនេះ គឺគេប្រព្រឹត្តអំពើអាក្រក់ទាំងប៉ុន្មាន ច្រើនជាងជនជាតិអាម៉ូរី កាលពីមុន ហើយគេក៏បាននាំជនជាតិយូដាប្រព្រឹត្តអំពើបាប ដោយគោរពរូបព្រះក្លែងក្លាយដែរ។
12. ហេតុនេះ ព្រះអម្ចាស់មានព្រះបន្ទូលដូចតទៅ: យើងនឹងធ្វើឲ្យទុក្ខវេទនាកើតមានដល់ក្រុងយេរូសាឡឹម និងស្រុកយូដា ហើយនរណាក៏ដោយ ឲ្យតែឮគេនិយាយអំពីហេតុការណ៍នេះ ក៏តក់ស្លុតដែរ។
13. យើងនឹងបំផ្លាញក្រុងយេរូសាឡឹម ដូចយើងបានបំផ្លាញក្រុងសាម៉ារី និងរាជវង្សអហាប់ដែរ។ យើងនឹងបោសសម្អាតក្រុងយេរូសាឡឹម ឥតទុកឲ្យនៅសល់អ្វីឡើយ។
14. យើងនឹងបោះបង់ចោលប្រជារាស្ត្ររបស់យើងដែលនៅសេសសល់ គឺយើងនឹងប្រគល់គេទៅក្នុងកណ្ដាប់ដៃនៃពួកខ្មាំងសត្រូវរបស់គេ។ ខ្មាំងសត្រូវនឹងប្លន់រឹបអូសយកអ្វីៗទាំងអស់ចេញពីពួកគេ
15. ដ្បិតពួកគេបានប្រព្រឹត្តអំពើអាក្រក់ ដែលយើងមិនពេញចិត្ត គឺពួកគេធ្វើឲ្យយើងក្រេវក្រោធ តាំងពីថ្ងៃដែលដូនតារបស់ពួកគេចាកចេញពីស្រុកអេស៊ីប រហូតមកដល់សព្វថ្ងៃ»។
16. ក្រៅពីអំពើបាប ដែលព្រះបាទម៉ាណាសេនាំប្រជាជនយូដាឲ្យប្រព្រឹត្តអំពើអាក្រក់ ដែលមិនគាប់ព្រះហឫទ័យព្រះអម្ចាស់ ស្ដេចក៏បានបង្ហូរឈាមជនស្លូតត្រង់ជាច្រើន រហូតដល់ក្រុងយេរូសាឡឹមមានពាសពេញទៅដោយឈាម។
17. រាជកិច្ចផ្សេងៗទៀតរបស់ព្រះបាទម៉ាណាសេ និងអ្វីៗទាំងប៉ុន្មានដែលទ្រង់បានធ្វើ គឺអំពើបាប សុទ្ធតែមានកត់ត្រាទុកក្នុងសៀវភៅប្រវត្តិសាស្ត្ររបស់ស្ដេចស្រុកយូដា។
18. កាលព្រះបាទម៉ាណាសេសោយទិវង្គត គេបានយកសពរបស់ស្ដេចទៅបញ្ចុះក្នុងសួនឧទ្យាននៃរាជវាំង គឺសួនរបស់លោកអ៊ូសា ហើយព្រះបាទអាំម៉ូន ជាបុត្រ បានឡើងស្នងរាជ្យ។
19. កាលព្រះបាទអាំម៉ូនឡើងសោយរាជ្យ ទ្រង់មានព្រះជន្មាយុម្ភៃពីរវស្សា ហើយសោយរាជ្យបានពីរឆ្នាំនៅក្រុងយេរូសាឡឹម។ មាតារបស់ស្ដេចមាននាមថា មស៊ូលេម៉េត ជាកូនរបស់លោកហារូស ជាអ្នកស្រុកយ៉ុតបា។
20. ស្ដេចបានប្រព្រឹត្តអំពើអាក្រក់ មិនគាប់ព្រះហឫទ័យព្រះអម្ចាស់ ដូចព្រះបាទម៉ាណាសេ ជាបិតា។
21. ស្ដេចប្រព្រឹត្តអំពើគ្រប់យ៉ាង គឺគោរពបម្រើ និងថ្វាយបង្គំព្រះក្លែងក្លាយដូចបិតាដែរ។
22. ស្ដេចបានបោះបង់ចោលព្រះអម្ចាស់ ជាព្រះរបស់ពួកអយ្យកោ គឺមិនដើរតាមមាគ៌ារបស់ព្រះអម្ចាស់ឡើយ។