16. ក្រៅពីអំពើបាប ដែលព្រះបាទម៉ាណាសេនាំប្រជាជនយូដាឲ្យប្រព្រឹត្តអំពើអាក្រក់ ដែលមិនគាប់ព្រះហឫទ័យព្រះអម្ចាស់ ស្ដេចក៏បានបង្ហូរឈាមជនស្លូតត្រង់ជាច្រើន រហូតដល់ក្រុងយេរូសាឡឹមមានពាសពេញទៅដោយឈាម។
17. រាជកិច្ចផ្សេងៗទៀតរបស់ព្រះបាទម៉ាណាសេ និងអ្វីៗទាំងប៉ុន្មានដែលទ្រង់បានធ្វើ គឺអំពើបាប សុទ្ធតែមានកត់ត្រាទុកក្នុងសៀវភៅប្រវត្តិសាស្ត្ររបស់ស្ដេចស្រុកយូដា។
18. កាលព្រះបាទម៉ាណាសេសោយទិវង្គត គេបានយកសពរបស់ស្ដេចទៅបញ្ចុះក្នុងសួនឧទ្យាននៃរាជវាំង គឺសួនរបស់លោកអ៊ូសា ហើយព្រះបាទអាំម៉ូន ជាបុត្រ បានឡើងស្នងរាជ្យ។
19. កាលព្រះបាទអាំម៉ូនឡើងសោយរាជ្យ ទ្រង់មានព្រះជន្មាយុម្ភៃពីរវស្សា ហើយសោយរាជ្យបានពីរឆ្នាំនៅក្រុងយេរូសាឡឹម។ មាតារបស់ស្ដេចមាននាមថា មស៊ូលេម៉េត ជាកូនរបស់លោកហារូស ជាអ្នកស្រុកយ៉ុតបា។
20. ស្ដេចបានប្រព្រឹត្តអំពើអាក្រក់ មិនគាប់ព្រះហឫទ័យព្រះអម្ចាស់ ដូចព្រះបាទម៉ាណាសេ ជាបិតា។
21. ស្ដេចប្រព្រឹត្តអំពើគ្រប់យ៉ាង គឺគោរពបម្រើ និងថ្វាយបង្គំព្រះក្លែងក្លាយដូចបិតាដែរ។
22. ស្ដេចបានបោះបង់ចោលព្រះអម្ចាស់ ជាព្រះរបស់ពួកអយ្យកោ គឺមិនដើរតាមមាគ៌ារបស់ព្រះអម្ចាស់ឡើយ។
23. ពួកមន្ត្រីរបស់ព្រះបាទអាំម៉ូនបានឃុបឃិតគ្នាក្បត់នឹងស្ដេច ហើយធ្វើគុតស្ដេចក្នុងរាជវាំង។
24. ប៉ុន្តែ ប្រជាជនយូដានាំគ្នាប្រហារពួកក្បត់ ដែលបានឃុបឃិតគ្នាធ្វើគុតព្រះបាទអាំម៉ូន ហើយតែងតាំងព្រះបាទយ៉ូសៀស ជាបុត្រ ឲ្យឡើងស្នងរាជ្យ។