11. «ម៉ាណាសេ ជាស្ដេចស្រុកយូដា បានប្រព្រឹត្តអំពើគួរស្អប់ខ្ពើមទាំងនេះ គឺគេប្រព្រឹត្តអំពើអាក្រក់ទាំងប៉ុន្មាន ច្រើនជាងជនជាតិអាម៉ូរី កាលពីមុន ហើយគេក៏បាននាំជនជាតិយូដាប្រព្រឹត្តអំពើបាប ដោយគោរពរូបព្រះក្លែងក្លាយដែរ។
12. ហេតុនេះ ព្រះអម្ចាស់មានព្រះបន្ទូលដូចតទៅ: យើងនឹងធ្វើឲ្យទុក្ខវេទនាកើតមានដល់ក្រុងយេរូសាឡឹម និងស្រុកយូដា ហើយនរណាក៏ដោយ ឲ្យតែឮគេនិយាយអំពីហេតុការណ៍នេះ ក៏តក់ស្លុតដែរ។
13. យើងនឹងបំផ្លាញក្រុងយេរូសាឡឹម ដូចយើងបានបំផ្លាញក្រុងសាម៉ារី និងរាជវង្សអហាប់ដែរ។ យើងនឹងបោសសម្អាតក្រុងយេរូសាឡឹម ឥតទុកឲ្យនៅសល់អ្វីឡើយ។
14. យើងនឹងបោះបង់ចោលប្រជារាស្ត្ររបស់យើងដែលនៅសេសសល់ គឺយើងនឹងប្រគល់គេទៅក្នុងកណ្ដាប់ដៃនៃពួកខ្មាំងសត្រូវរបស់គេ។ ខ្មាំងសត្រូវនឹងប្លន់រឹបអូសយកអ្វីៗទាំងអស់ចេញពីពួកគេ
15. ដ្បិតពួកគេបានប្រព្រឹត្តអំពើអាក្រក់ ដែលយើងមិនពេញចិត្ត គឺពួកគេធ្វើឲ្យយើងក្រេវក្រោធ តាំងពីថ្ងៃដែលដូនតារបស់ពួកគេចាកចេញពីស្រុកអេស៊ីប រហូតមកដល់សព្វថ្ងៃ»។
16. ក្រៅពីអំពើបាប ដែលព្រះបាទម៉ាណាសេនាំប្រជាជនយូដាឲ្យប្រព្រឹត្តអំពើអាក្រក់ ដែលមិនគាប់ព្រះហឫទ័យព្រះអម្ចាស់ ស្ដេចក៏បានបង្ហូរឈាមជនស្លូតត្រង់ជាច្រើន រហូតដល់ក្រុងយេរូសាឡឹមមានពាសពេញទៅដោយឈាម។
17. រាជកិច្ចផ្សេងៗទៀតរបស់ព្រះបាទម៉ាណាសេ និងអ្វីៗទាំងប៉ុន្មានដែលទ្រង់បានធ្វើ គឺអំពើបាប សុទ្ធតែមានកត់ត្រាទុកក្នុងសៀវភៅប្រវត្តិសាស្ត្ររបស់ស្ដេចស្រុកយូដា។
18. កាលព្រះបាទម៉ាណាសេសោយទិវង្គត គេបានយកសពរបស់ស្ដេចទៅបញ្ចុះក្នុងសួនឧទ្យាននៃរាជវាំង គឺសួនរបស់លោកអ៊ូសា ហើយព្រះបាទអាំម៉ូន ជាបុត្រ បានឡើងស្នងរាជ្យ។
19. កាលព្រះបាទអាំម៉ូនឡើងសោយរាជ្យ ទ្រង់មានព្រះជន្មាយុម្ភៃពីរវស្សា ហើយសោយរាជ្យបានពីរឆ្នាំនៅក្រុងយេរូសាឡឹម។ មាតារបស់ស្ដេចមាននាមថា មស៊ូលេម៉េត ជាកូនរបស់លោកហារូស ជាអ្នកស្រុកយ៉ុតបា។
20. ស្ដេចបានប្រព្រឹត្តអំពើអាក្រក់ មិនគាប់ព្រះហឫទ័យព្រះអម្ចាស់ ដូចព្រះបាទម៉ាណាសេ ជាបិតា។
21. ស្ដេចប្រព្រឹត្តអំពើគ្រប់យ៉ាង គឺគោរពបម្រើ និងថ្វាយបង្គំព្រះក្លែងក្លាយដូចបិតាដែរ។
22. ស្ដេចបានបោះបង់ចោលព្រះអម្ចាស់ ជាព្រះរបស់ពួកអយ្យកោ គឺមិនដើរតាមមាគ៌ារបស់ព្រះអម្ចាស់ឡើយ។