6. យើងនឹងបន្ថែមអាយុឲ្យអ្នកដប់ប្រាំឆ្នាំទៀត។ យើងនឹងរំដោះអ្នក ព្រមទាំងរំដោះក្រុងយេរូសាឡឹមនេះឲ្យរួចពីកណ្ដាប់ដៃរបស់ស្ដេចស្រុកអាស្ស៊ីរី។ យើងក៏នឹងការពារក្រុងនេះដោយយល់ដល់នាមរបស់យើង និងយល់ដល់ដាវីឌ ជាអ្នកបម្រើយើង”»។
7. ព្យាការីអេសាយបង្គាប់ទៅរាជបម្រើថា៖ «ចូរយកម្សៅឧទុម្ពរមួយកញ្ចប់លាបលើដំបៅ នោះព្រះបាទហេសេគានឹងបានរស់រានមិនខាន»។
8. ពេលនោះ ព្រះបាទហេសេគាមានរាជឱង្ការទៅកាន់លោកអេសាយថា៖ «តើមានទីសម្គាល់អ្វី ដែលនាំឲ្យយើងដឹងថា យើងនឹងបានជាសះស្បើយ ហើយឡើងទៅព្រះដំណាក់របស់ព្រះអម្ចាស់ នៅថ្ងៃទីបី?»។
9. ព្យាការីអេសាយទូលស្ដេចថា៖ «នេះជាទីសម្គាល់ដែលព្រះអម្ចាស់ប្រទានមកព្រះករុណា ដើម្បីឲ្យព្រះករុណាជ្រាបថា ព្រះអម្ចាស់នឹងសម្រេចតាមព្រះបន្ទូលរបស់ព្រះអង្គ។ តើស្រមោលថ្ងៃដែលជះទៅលើរង្វាស់ម៉ោង នឹងដើរទៅមុខដប់កាំ ឬថយក្រោយដប់កាំ?»។
10. ព្រះបាទហេសេគាមានរាជឱង្ការថា៖ «ស្រមោលដើរទៅមុខដប់កាំ ជាការងាយស្រួលទេ។ ដូច្នេះ សូមឲ្យស្រមោលដើរថយក្រោយដប់កាំវិញ»។
11. ពេលនោះ ព្យាការីអេសាយទូលអង្វរព្រះអម្ចាស់ ព្រះអង្គក៏ធ្វើឲ្យស្រមោលដែលជះទៅលើរង្វាស់ម៉ោងរបស់ព្រះបាទអហាស ដើរថយក្រោយដប់កាំ។
12. នៅគ្រាដដែលនោះ ស្ដេចស្រុកបាប៊ីឡូន គឺព្រះចៅម្រដាក់-បាឡាដាន ជាបុត្ររបស់ព្រះចៅបាឡាដាន បានផ្ញើរាជសារ និងតង្វាយមកថ្វាយព្រះបាទហេសេគា ដ្បិតស្ដេចជ្រាបដំណឹងថា ព្រះបាទហេសេគាទ្រង់ប្រឈួន។
13. ព្រះបាទហេសេគាទទួលរាជទូតស្រុកបាប៊ីឡូនឲ្យចូលសវនាការ ហើយនាំពួកគេទៅទស្សនាកន្លែងដែលស្ដេចតម្កល់វត្ថុដ៏មានតម្លៃ ធ្វើពីមាស និងប្រាក់ ព្រមទាំងគ្រឿងក្រអូប ប្រេងដ៏មានតម្លៃ គ្រឿងសព្វាវុធផ្សេងៗ និងអ្វីៗទាំងអស់ដែលមាននៅក្នុងឃ្លាំងរាជ្យទ្រព្យ។ ព្រះបាទហេសេគាបង្ហាញអ្វីៗទាំងអស់ ដែលមាននៅក្នុងរាជវាំង និងក្នុងនគរ ឲ្យរាជទូតរបស់ស្ដេចបាប៊ីឡូនឃើញ ឥតមានចន្លោះអ្វីសោះឡើយ។