2. លោកអេលីយ៉ាមានប្រសាសន៍ទៅកាន់លោកអេលីសេថា៖ «ចាំខ្ញុំនៅទីនេះហើយ ដ្បិតព្រះអម្ចាស់ចាត់ខ្ញុំឲ្យទៅបេតអែល»។ លោកអេលីសេតបថា៖ «ខ្ញុំសូមស្បថក្នុងនាមព្រះអម្ចាស់ ដែលមានព្រះជន្មគង់នៅ និងក្នុងនាមលោកផ្ទាល់ដែលនៅមានជីវិតថា ខ្ញុំនឹងមិនឃ្លាតចាកពីលោកឡើយ»។ លោកទាំងពីរក៏ធ្វើដំណើរទៅបេតអែល។
3. មានព្យាការីមួយក្រុមនៅបេតអែលចេញមកជួបលោកអេលីសេ ជម្រាបថា៖ «តើលោកជ្រាបឬទេថា ថ្ងៃនេះ ព្រះអម្ចាស់លើកគ្រូរបស់លោកឡើងទៅលើមេឃ»។ លោកឆ្លើយថា៖ «ខ្ញុំក៏ដឹងដែរ មិនបាច់ប្រាប់ទេ!»។
4. លោកអេលីយ៉ាមានប្រសាសន៍ទៅគាត់ថា៖ «អេលីសេអើយ ចូរចាំខ្ញុំនៅទីនេះហើយ ដ្បិតព្រះអម្ចាស់ចាត់ខ្ញុំឲ្យទៅក្រុងយេរីខូ»។ លោកអេលីសេតបថា៖ «ខ្ញុំសូមស្បថក្នុងនាមព្រះអម្ចាស់ ដែលមានព្រះជន្មគង់នៅ និងក្នុងនាមលោកផ្ទាល់ ដែលនៅមានជីវិតថា ខ្ញុំនឹងមិនឃ្លាតចាកពីលោកឡើយ»។ លោកទាំងពីរក៏ទៅដល់ក្រុងយេរីខូ។
5. មានព្យាការីមួយក្រុមនៅក្រុងយេរីខូនាំគ្នាមកជិតលោកអេលីសេ ជម្រាបថា៖ «តើលោកជ្រាបទេថា ថ្ងៃនេះព្រះអម្ចាស់លើកគ្រូរបស់លោកឡើងទៅលើមេឃ»។ លោកឆ្លើយថា៖ «ខ្ញុំក៏ដឹងដែរ មិនបាច់ប្រាប់ទេ!»។
6. លោកអេលីយ៉ាមានប្រសាសន៍ទៅគាត់ថា៖ «ចូរចាំខ្ញុំនៅទីនេះហើយ ដ្បិតព្រះអម្ចាស់ចាត់ខ្ញុំឲ្យទៅទន្លេយ័រដាន់»។ លោកអេលីសេតបថា៖ «ខ្ញុំសូមស្បថក្នុងនាមព្រះអម្ចាស់ដែលមានព្រះជន្មគង់នៅ និងក្នុងនាមលោកផ្ទាល់ដែលនៅមានជីវិតថា ខ្ញុំនឹងមិនឃ្លាតចាកពីលោកឡើយ»។ លោកទាំងពីរក៏បន្តដំណើរទៅមុខទៀត។
7. មានព្យាការីហាសិបនាក់ដើរតាមពីក្រោយ ហើយឈរពីចម្ងាយ។ លោកទាំងពីរឈប់នៅមាត់ទន្លេយ័រដាន់។
8. ពេលនោះ លោកអេលីយ៉ាយកអាវធំរបស់លោកមកមូរ ហើយវាយទឹកទន្លេ ទឹកក៏ញែកចេញពីគ្នា។ លោកទាំងពីរដើរកាត់បាតទន្លេ។
9. កាលលោកទាំងពីរឆ្លងផុតហើយ លោកអេលីយ៉ាមានប្រសាសន៍ទៅកាន់លោកអេលីសេថា៖ «បើអ្នកចង់បានអ្វីពីខ្ញុំ ចូរសុំឲ្យបានមុនពេលព្រះអម្ចាស់ លើកខ្ញុំឡើងទៅឆ្ងាយពីអ្នក!»។ លោកអេលីសេឆ្លើយថា៖ «សូមមេត្តាឲ្យវិញ្ញាណដែលស្ថិតនៅលើលោក មកសណ្ឋិតលើខ្ញុំមួយជាទ្វេ!»។
10. លោកអេលីយ៉ាមានប្រសាសន៍ថា៖ «សំណូមពររបស់អ្នកពិបាកណាស់! ប៉ុន្តែ ប្រសិនបើអ្នកមើលឃើញខ្ញុំ ក្នុងពេលដែលព្រះអម្ចាស់លើកខ្ញុំឡើងទៅឆ្ងាយពីអ្នក នោះសំណូមពររបស់អ្នកពិតជាបានសម្រេច។ ផ្ទុយទៅវិញ ប្រសិនបើអ្នកមើលមិនឃើញខ្ញុំទេ សំណូមពររបស់អ្នកក៏ពុំបានសម្រេចដែរ»។
11. ក្នុងពេលលោកទាំងពីរដើរបណ្ដើរនិយាយបណ្ដើរ ស្រាប់តែមានរទេះជាភ្លើង ទឹមដោយសេះភ្លើង មកញែកលោកទាំងពីរឲ្យឃ្លាតចេញពីគ្នា។ ពេលនោះ ខ្យល់ក៏កួចលោកអេលីយ៉ាឡើងទៅស្ថានបរមសុខ។
12. កាលលោកអេលីសេឃើញដូច្នេះ លោកស្រែកថា៖ «លោកឪពុក! លោកឪពុកអើយ! លោកប្រៀបដូចជារទេះចំបាំង និងទ័ពសេះរបស់អ៊ីស្រាអែល!»។ បន្ទាប់មក លោកមើលលោកអេលីយ៉ាលែងឃើញទៀត។ លោកយកសម្លៀកបំពាក់របស់លោកមកហែកជាពីរ
13. រួចរើសអាវធំរបស់លោកអេលីយ៉ាដែលជ្រុះមកលើលោកនោះ ហើយត្រឡប់ទៅមាត់ទន្លេយ័រដាន់វិញ។