២ ពង្សា‌វតារ‌ក្សត្រ 2:14-25 Khmer Standard Version (KHSV)

14. លោក​អេលីសេ​យក​អាវ​ធំ​របស់​លោក​អេលីយ៉ា​វាយ​ទឹក​ទន្លេ ទាំង​មាន​ប្រសាសន៍​ថា៖ «តើ​ព្រះ‌អម្ចាស់​ជា​ព្រះ​របស់​លោក​អេលីយ៉ា​គង់​នៅ​ទី​ណា?»។ ពេល​លោក​វាយ​ទឹក ទឹក​ក៏​ញែក​ចេញ​ពី​គ្នា ហើយ​លោក​ដើរ​ឆ្លង​កាត់​ទៅ។

15. ក្រុម​ព្យាការី​ដែល​ឈរ​មើល​ពី​ត្រើយ​ម្ខាង​ក្បែរ​ក្រុង​យេរីខូ ពោល​ឡើង​ថា៖ «វិញ្ញាណ​របស់​លោក​អេលីយ៉ា មក​សណ្ឋិត​លើ​លោក​អេលីសេ​ហើយ!»។ ពួក​គេ​ទៅ​ជួប​លោក​អេលីសេ រួច​នាំ​គ្នា​ក្រាប​ចុះ​នៅ​ចំពោះ​មុខ​លោក

16. ទាំង​ពោល​ថា៖ «ក្នុង​ចំណោម​យើង​ខ្ញុំ​ប្របាទ មាន​មនុស្ស​ពូកែ​អង់‌អាច​ហា‌សិប​នាក់ សូម​លោក​អនុញ្ញាត​ឲ្យ​គេ​ចេញ​ទៅ​រក​គ្រូ​របស់​លោក​ចុះ ក្រែង‌លោ​ព្រះ‌វិញ្ញាណ​របស់​ព្រះ‌អម្ចាស់​នាំ​យក​គាត់​ទៅ​ទម្លាក់​នៅ​លើ​ភ្នំ ឬ​ក្នុង​ជ្រោះ​ណា​មួយ»។ លោក​អេលីសេ​ឆ្លើយ​ថា៖ «កុំ​ចាត់​គេ​ឲ្យ​ទៅ​អី!»។

17. ប៉ុន្តែ ដោយ​គេ​ទទូច​ខ្លាំង​ពេក លោក​ក៏​យល់​ព្រម ហើយ​មាន​ប្រសាសន៍​ថា៖ «ចូរ​ចាត់​ពួក​គេ​ឲ្យ​ទៅ​ចុះ!»។ គេ​ចាត់​មនុស្ស​ទាំង​ហា‌សិប​នាក់​នោះ​ឲ្យ​ទៅ​រក​លោក​អេលីយ៉ា អស់​រយៈ​ពេល​បី​ថ្ងៃ តែ​រក​មិន​ឃើញ​សោះ។

18. អ្នក​ទាំង​នោះ​ក៏​វិល​ត្រឡប់​មក​ជួប​លោក​អេលីសេ ដែល​ស្នាក់​នៅ​ក្រុង​យេរីខូ។ លោក​អេលីសេ​មាន​ប្រសាសន៍​ថា៖ «ខ្ញុំ​បាន​ប្រាប់​អ្នក​រាល់​គ្នា​ហើយ​ថា កុំ​ទៅ​រក​ធ្វើ​អ្វី!»។

19. អ្នក​ក្រុង​យេរីខូ​ជម្រាប​លោក​អេលីសេ​ថា៖ «លោក​ម្ចាស់​ឃើញ​ស្រាប់​ហើយ​ថា ក្រុង​នេះ​មាន​ទី​តាំង​ប្រសើរ​ណាស់ ប៉ុន្តែ ទឹក​ពុំ​ល្អ​ទេ ដូច្នេះ ដី​មិន​បង្កើត​ភោគ‌ផល​ឡើយ»។

20. លោក​មាន​ប្រសាសន៍​ថា៖ «ចូរ​ទៅ​យក​ចាន‌គោម​ថ្មី​មួយ​មក​ឲ្យ​ខ្ញុំ ហើយ​ដាក់​អំបិល​ផង!»។ គេ​ក៏​ទៅ​យក​មក​ជូន​លោក។

21. លោក​ចេញ​ទៅ​ឯ​ប្រភព​ទឹក ហើយ​ចាក់​អំបិល​ក្នុង​ទឹក ទាំង​មាន​ប្រសាសន៍​ដូច​ត​ទៅ៖ «ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា “យើង​នឹង​ធ្វើ​ឲ្យ​ទឹក​នេះ​ល្អ​ឡើង​វិញ គឺ​មិន​បង្ក​ឲ្យ​អ្វីៗ​ស្លាប់ ឬ​ក៏​ធ្វើ​ឲ្យ​ដី​ឥត​បង្កើត​ភោគ‌ផល​ទៀត​ដែរ”»។

22. ទឹក​ក៏​ល្អ​រហូត​ដល់​សព្វ​ថ្ងៃ ស្រប​តាម​ពាក្យ​ដែល​លោក​អេលីសេ​បាន​ថ្លែង។

23. លោក​អេលីសេ​ធ្វើ​ដំណើរ​ពី​ទី​នោះ​ឡើង​ទៅ​បេត‌អែល។ ពេល​កំពុង​តែ​ឡើង​ទៅ​នោះ មាន​ក្មេងៗ​មួយ​ក្រុម​ចេញ​ពី​ទីក្រុង​មក ហើយ​ស្រែក​ប្រមាថ​លោក​ថា៖ «ឡើង​ទៅ តា​ទំពែក! ឡើង​ទៅ តា​ទំពែក!»។

24. លោក​បែរ​មក​មើល​ក្មេង​ទាំង​នោះ ហើយ​ដាក់​បណ្ដាសា​វា​ក្នុង​នាម​ព្រះ‌អម្ចាស់។ ស្រាប់​តែ​មាន​មេ​ខ្លា‌ឃ្មុំ​ពីរ​ចេញ​ពី​ព្រៃ​មក ហែក​ក្មេង​ទាំង​នោះ​អស់​សែ‌សិប​ពីរ​នាក់។

25. លោក​ធ្វើ​ដំណើរ​ចេញ​ពី​ទី​នោះ​ឆ្ពោះ​ទៅ​កាន់​ភ្នំ​កើមែល រួច​ត្រឡប់​ទៅ​ក្រុង​សាម៉ារី​វិញ។

២ ពង្សា‌វតារ‌ក្សត្រ 2