11. ក្នុងពេលលោកទាំងពីរដើរបណ្ដើរនិយាយបណ្ដើរ ស្រាប់តែមានរទេះជាភ្លើង ទឹមដោយសេះភ្លើង មកញែកលោកទាំងពីរឲ្យឃ្លាតចេញពីគ្នា។ ពេលនោះ ខ្យល់ក៏កួចលោកអេលីយ៉ាឡើងទៅស្ថានបរមសុខ។
12. កាលលោកអេលីសេឃើញដូច្នេះ លោកស្រែកថា៖ «លោកឪពុក! លោកឪពុកអើយ! លោកប្រៀបដូចជារទេះចំបាំង និងទ័ពសេះរបស់អ៊ីស្រាអែល!»។ បន្ទាប់មក លោកមើលលោកអេលីយ៉ាលែងឃើញទៀត។ លោកយកសម្លៀកបំពាក់របស់លោកមកហែកជាពីរ
13. រួចរើសអាវធំរបស់លោកអេលីយ៉ាដែលជ្រុះមកលើលោកនោះ ហើយត្រឡប់ទៅមាត់ទន្លេយ័រដាន់វិញ។
14. លោកអេលីសេយកអាវធំរបស់លោកអេលីយ៉ាវាយទឹកទន្លេ ទាំងមានប្រសាសន៍ថា៖ «តើព្រះអម្ចាស់ជាព្រះរបស់លោកអេលីយ៉ាគង់នៅទីណា?»។ ពេលលោកវាយទឹក ទឹកក៏ញែកចេញពីគ្នា ហើយលោកដើរឆ្លងកាត់ទៅ។
15. ក្រុមព្យាការីដែលឈរមើលពីត្រើយម្ខាងក្បែរក្រុងយេរីខូ ពោលឡើងថា៖ «វិញ្ញាណរបស់លោកអេលីយ៉ា មកសណ្ឋិតលើលោកអេលីសេហើយ!»។ ពួកគេទៅជួបលោកអេលីសេ រួចនាំគ្នាក្រាបចុះនៅចំពោះមុខលោក
16. ទាំងពោលថា៖ «ក្នុងចំណោមយើងខ្ញុំប្របាទ មានមនុស្សពូកែអង់អាចហាសិបនាក់ សូមលោកអនុញ្ញាតឲ្យគេចេញទៅរកគ្រូរបស់លោកចុះ ក្រែងលោព្រះវិញ្ញាណរបស់ព្រះអម្ចាស់នាំយកគាត់ទៅទម្លាក់នៅលើភ្នំ ឬក្នុងជ្រោះណាមួយ»។ លោកអេលីសេឆ្លើយថា៖ «កុំចាត់គេឲ្យទៅអី!»។
17. ប៉ុន្តែ ដោយគេទទូចខ្លាំងពេក លោកក៏យល់ព្រម ហើយមានប្រសាសន៍ថា៖ «ចូរចាត់ពួកគេឲ្យទៅចុះ!»។ គេចាត់មនុស្សទាំងហាសិបនាក់នោះឲ្យទៅរកលោកអេលីយ៉ា អស់រយៈពេលបីថ្ងៃ តែរកមិនឃើញសោះ។
18. អ្នកទាំងនោះក៏វិលត្រឡប់មកជួបលោកអេលីសេ ដែលស្នាក់នៅក្រុងយេរីខូ។ លោកអេលីសេមានប្រសាសន៍ថា៖ «ខ្ញុំបានប្រាប់អ្នករាល់គ្នាហើយថា កុំទៅរកធ្វើអ្វី!»។
19. អ្នកក្រុងយេរីខូជម្រាបលោកអេលីសេថា៖ «លោកម្ចាស់ឃើញស្រាប់ហើយថា ក្រុងនេះមានទីតាំងប្រសើរណាស់ ប៉ុន្តែ ទឹកពុំល្អទេ ដូច្នេះ ដីមិនបង្កើតភោគផលឡើយ»។
20. លោកមានប្រសាសន៍ថា៖ «ចូរទៅយកចានគោមថ្មីមួយមកឲ្យខ្ញុំ ហើយដាក់អំបិលផង!»។ គេក៏ទៅយកមកជូនលោក។
21. លោកចេញទៅឯប្រភពទឹក ហើយចាក់អំបិលក្នុងទឹក ទាំងមានប្រសាសន៍ដូចតទៅ៖ «ព្រះអម្ចាស់មានព្រះបន្ទូលថា “យើងនឹងធ្វើឲ្យទឹកនេះល្អឡើងវិញ គឺមិនបង្កឲ្យអ្វីៗស្លាប់ ឬក៏ធ្វើឲ្យដីឥតបង្កើតភោគផលទៀតដែរ”»។
22. ទឹកក៏ល្អរហូតដល់សព្វថ្ងៃ ស្របតាមពាក្យដែលលោកអេលីសេបានថ្លែង។
23. លោកអេលីសេធ្វើដំណើរពីទីនោះឡើងទៅបេតអែល។ ពេលកំពុងតែឡើងទៅនោះ មានក្មេងៗមួយក្រុមចេញពីទីក្រុងមក ហើយស្រែកប្រមាថលោកថា៖ «ឡើងទៅ តាទំពែក! ឡើងទៅ តាទំពែក!»។
24. លោកបែរមកមើលក្មេងទាំងនោះ ហើយដាក់បណ្ដាសាវាក្នុងនាមព្រះអម្ចាស់។ ស្រាប់តែមានមេខ្លាឃ្មុំពីរចេញពីព្រៃមក ហែកក្មេងទាំងនោះអស់សែសិបពីរនាក់។
25. លោកធ្វើដំណើរចេញពីទីនោះឆ្ពោះទៅកាន់ភ្នំកើមែល រួចត្រឡប់ទៅក្រុងសាម៉ារីវិញ។