២ ពង្សា‌វតារ‌ក្សត្រ 19:9-18 Khmer Standard Version (KHSV)

9. ពេល​នោះ ស្ដេច​ស្រុក​អាស្ស៊ីរី​ទទួល​ដំណឹង​ថា កង‌ទ័ព​អេស៊ីប​ដឹក​នាំ​ដោយ​ព្រះ‌ចៅ​ទីរ៉ា‌កា ជា​ជន‌ជាតិ​អេត្យូ‌ពី កំពុង​តែ​ចេញ​មក​ធ្វើ​សឹក​នឹង​ទ័ព​អាស្ស៊ីរី

10. ទ្រង់​ក៏​ចាត់​អ្នក​នាំ​សារ​ឲ្យ​ទៅ​ទូល​ព្រះ‌បាទ​ហេ‌សេគា ជា​ស្ដេច​ស្រុក​យូដា​ថា៖ «សូម​កុំ​បណ្ដោយ​ឲ្យ​ព្រះ​របស់​ព្រះ‌ករុណា គឺ​ព្រះ​ដែល​ព្រះ‌ករុណា​ទុក​ចិត្ត បញ្ឆោត​ព្រះ‌ករុណា ដោយ​អះ‌អាង​ថា “ក្រុង​យេរូ‌សាឡឹម​នឹង​មិន​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ស្ដេច​ស្រុក​អាស្ស៊ីរី​ទេ”។

11. ព្រះ‌ករុណា​ជ្រាប​ស្រាប់​ហើយ​ថា ស្ដេច​ស្រុក​អាស្ស៊ីរី​នៅ​ជំនាន់​មុនៗ បាន​បំផ្លាញ​នគរ​ទាំង​ប៉ុន្មាន​ថ្វាយ​ផ្ដាច់*​ដល់​ព្រះ​របស់​យើង។ ចុះ​ព្រះ‌ករុណា​វិញ តើ​ព្រះ‌ករុណា​ស្មាន​ថា​នឹង​រួច​ខ្លួន​កើត​ឬ?

12. ពេល​ពួក​អយ្យ‌កោ​របស់​យើង​កម្ទេច​នគរ​កូសាន ខារ៉ាន រេសែប និង​ក្រុង​របស់​ពួក​អេដែន នៅ​ស្រុក​ធេឡា‌ស៊ើរ គ្មាន​ព្រះ​ណា​មួយ​របស់​ប្រជា‌ជាតិ​ទាំង​នោះ​រំដោះ​ពួក​គេ​បាន​ឡើយ។

13. រីឯ​ស្ដេច​ទាំង‌ឡាយ​របស់​ក្រុង​ហា‌ម៉ាត ក្រុង​អើផាឌ ក្រុង​សេផា‌វែម ក្រុង​ហេណា និង​ក្រុង​អ៊ីវ៉ា ក៏​ត្រូវ​វិនាស​អស់​គ្មាន​សល់​ដែរ!»។

14. ព្រះ‌បាទ​ហេ‌សេគា​ទទួល​លិខិត​ពី​អ្នក​នាំ​សារ​មក​អាន រួច​ទ្រង់​យាង​ឡើង​ទៅ​ព្រះ‌វិហារ យក​លិខិត​នោះ​ទៅ​បង្ហាញ​ព្រះ‌អម្ចាស់។

15. ព្រះ‌បាទ​ហេ‌សេគា​ទូល‌អង្វរ​ព្រះ‌អម្ចាស់​ថា៖«ឱ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល ដែល​គង់​នៅ​លើ​ពួក​ចេរូប៊ីន*​អើយ! មាន​តែ​ព្រះ‌អង្គ​មួយ​គត់ ដែល​ជា​ព្រះ​របស់​នគរ​ទាំង​ប៉ុន្មាន​នៅ​លើ​ផែនដី ព្រះ‌អង្គ​បាន​បង្កើត​ផ្ទៃ​មេឃ និង​ផែនដី។

16. ព្រះ‌អម្ចាស់​អើយ សូម​ផ្ទៀង​ព្រះ‌កាណ៌​ស្ដាប់​ទូលបង្គំ! ព្រះ‌អម្ចាស់​អើយ សូម​បើក​ព្រះ​នេត្រ​ទត​មើល​ផង! សូម​ទ្រង់​ព្រះ‌សណ្ដាប់​សេចក្ដី​ទាំង​ប៉ុន្មាន ដែល​ស្ដេច​សាន‌ហេរីប​ផ្ញើ​មក​ជេរ​ប្រមាថ​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​គង់​នៅ!

17. ព្រះ‌អម្ចាស់​អើយ ស្ដេច​ស្រុក​អាស្ស៊ីរី​ពិត​ជា​បាន​កម្ទេច​ប្រជា‌ជាតិ​ទាំង​ប៉ុន្មាន និង​បំផ្លាញ​ទឹក​ដី​របស់​គេ

18. ព្រម​ទាំង​យក​ព្រះ​របស់​គេ​ទៅ​ដុត​ឲ្យ​វិនាស​សូន្យ​ថែម​ទៀត​ផង។ ប៉ុន្តែ ព្រះ​ទាំង​នោះ​មិន​មែន​ជា​ព្រះ​ទេ គឺ​គ្រាន់​តែ​ជា​រូប​ឈើ ឬ​ថ្ម ដែល​ជា​ស្នា‌ដៃ​របស់​មនុស្ស​ប៉ុណ្ណោះ។

២ ពង្សា‌វតារ‌ក្សត្រ 19