២ ពង្សា‌វតារ‌ក្សត្រ 19:14-26 Khmer Standard Version (KHSV)

14. ព្រះ‌បាទ​ហេ‌សេគា​ទទួល​លិខិត​ពី​អ្នក​នាំ​សារ​មក​អាន រួច​ទ្រង់​យាង​ឡើង​ទៅ​ព្រះ‌វិហារ យក​លិខិត​នោះ​ទៅ​បង្ហាញ​ព្រះ‌អម្ចាស់។

15. ព្រះ‌បាទ​ហេ‌សេគា​ទូល‌អង្វរ​ព្រះ‌អម្ចាស់​ថា៖«ឱ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល ដែល​គង់​នៅ​លើ​ពួក​ចេរូប៊ីន*​អើយ! មាន​តែ​ព្រះ‌អង្គ​មួយ​គត់ ដែល​ជា​ព្រះ​របស់​នគរ​ទាំង​ប៉ុន្មាន​នៅ​លើ​ផែនដី ព្រះ‌អង្គ​បាន​បង្កើត​ផ្ទៃ​មេឃ និង​ផែនដី។

16. ព្រះ‌អម្ចាស់​អើយ សូម​ផ្ទៀង​ព្រះ‌កាណ៌​ស្ដាប់​ទូលបង្គំ! ព្រះ‌អម្ចាស់​អើយ សូម​បើក​ព្រះ​នេត្រ​ទត​មើល​ផង! សូម​ទ្រង់​ព្រះ‌សណ្ដាប់​សេចក្ដី​ទាំង​ប៉ុន្មាន ដែល​ស្ដេច​សាន‌ហេរីប​ផ្ញើ​មក​ជេរ​ប្រមាថ​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​គង់​នៅ!

17. ព្រះ‌អម្ចាស់​អើយ ស្ដេច​ស្រុក​អាស្ស៊ីរី​ពិត​ជា​បាន​កម្ទេច​ប្រជា‌ជាតិ​ទាំង​ប៉ុន្មាន និង​បំផ្លាញ​ទឹក​ដី​របស់​គេ

18. ព្រម​ទាំង​យក​ព្រះ​របស់​គេ​ទៅ​ដុត​ឲ្យ​វិនាស​សូន្យ​ថែម​ទៀត​ផង។ ប៉ុន្តែ ព្រះ​ទាំង​នោះ​មិន​មែន​ជា​ព្រះ​ទេ គឺ​គ្រាន់​តែ​ជា​រូប​ឈើ ឬ​ថ្ម ដែល​ជា​ស្នា‌ដៃ​របស់​មនុស្ស​ប៉ុណ្ណោះ។

19. ឥឡូវ​នេះ ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​យើង​ខ្ញុំ​អើយ សូម​សង្គ្រោះ​យើង​ខ្ញុំ​ឲ្យ​រួច​ផុត ពី​កណ្ដាប់​ដៃ​របស់​ស្ដេច​សាន‌ហេរីប​ផង ដើម្បី​ឲ្យ​នគរ​ទាំង​ប៉ុន្មាន​នៅ​ផែនដី​ទទួល​ស្គាល់​ថា មាន​តែ​ព្រះ‌អម្ចាស់​ប៉ុណ្ណោះ​ដែល​ពិត​ជា​ព្រះ‌ជាម្ចាស់!»។

20. ពេល​នោះ លោក​អេសាយ ជា​កូន​របស់​លោក​អម៉ូស បាន​ចាត់​គេ​ឲ្យ​ទៅ​ទូល​ព្រះ‌បាទ​ហេ‌សេគា​ថា៖ «ព្រះ‌អម្ចាស់​ជា​ព្រះ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល​មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ: “យើង​បាន​ឮ​ពាក្យ​ដែល​អ្នក​ទូល‌អង្វរ​យើង​ស្ដី​អំពី​សាន‌ហេរីប ជា​ស្ដេច​របស់​ស្រុក​អាស្ស៊ីរី​ហើយ”។

21. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ប្រឆាំង​នឹង​ស្ដេច​នោះ​ថា:សាន‌ហេរីប​អើយក្រុង​ស៊ីយ៉ូន ដែល​ប្រៀប​ដូច​ជា​ស្ត្រី​ព្រហ្មចារីប្រមាថ​មើល‌ងាយ​អ្នកអ្នក​ក្រុង​យេរូ‌សាឡឹម​គ្រវី​ក្បាល ចំអក​ឲ្យ​អ្នក។

22. តើ​អ្នក​បាន​ជេរ និង​ត្មះ‌តិះ‌ដៀល​នរណា?តើ​អ្នក​ស្រែក​ក្ដែងៗ​ប្រឆាំង​នឹង​នរណា?គឺ​អ្នក​ហ៊ាន​ព្រហើន​ដាក់​ព្រះ​ដ៏‌វិសុទ្ធ*របស់​ជន‌ជាតិ​អ៊ីស្រា‌អែល!

23. អ្នក​បាន​ចាត់​ពួក​នាំ​សារ​របស់​អ្នកឲ្យ​មក​ជេរ​ព្រះ‌អម្ចាស់ ហើយ​អ្នក​ពោល​ថា:ដោយ​អញ​មាន​រទេះ​ចំបាំង​ដ៏​ច្រើនអញ​ឡើង​ទៅ​លើ​កំពូល​ភ្នំអញ​ចូល​ទៅ​ដល់​ព្រៃ​ជ្រៅ​នៅ​ស្រុក​លីបង់ដើម្បី​កាប់​ដើម​តាត្រៅ និង​ដើម​ស្រឡៅ​ដ៏​ល្អៗអញ​នឹង​ឡើង​ទៅ​ដល់​ចុង​កំពូលហើយ​ចូល​ទៅ​ដល់​ព្រៃ​ស្រោង។

24. អញ​បាន​ជីក​អណ្ដូងហើយ​ផឹក​ទឹក​របស់​សាសន៍​ដទៃពេល​អញ​ឈាន​ជើង​ជាន់​តំបន់​ទន្លេ​នីលនោះ​ទឹក​ទន្លេ​រីង​អស់​ជា​មិន​ខាន។

25. សាន‌ហេរីប​អើយ អ្នក​មិន​ដឹង​ទេ​ឬ​ថាយើង​បាន​គ្រោង​ទុក និង​រៀបចំ​ព្រឹត្តិ‌ការណ៍ទាំង​នេះ តាំង​ពី​បុរាណ​កាល​មក​ម៉្លេះ!ឥឡូវ​នេះ យើង​ធ្វើ​ឲ្យ​សម្រេចដើម្បី​កម្ទេច​ក្រុង​ដែល​មាន​កំពែង​ដ៏​រឹង‌មាំឲ្យ​ក្លាយ​ទៅ​ជា​គំនរ​ឥដ្ឋ។

26. អ្នក​ក្រុង​ទាំង​នោះ​គ្មាន​កម្លាំង​តទល់​ទេពួក​គេ​ភ័យ​ខ្លាច ហើយ​អាម៉ាស់​មុខពួក​គេ​ប្រៀប​បី​ដូច​ជា​ស្មៅ​នៅ​តាម​ទី​វាលឬ​ដូច​រុក្ខ‌ជាតិ​នៅ​តាម​ចម្ការនិង​ដូច​ស្មៅ​ដុះ​នៅ​លើ​ដំបូល​ផ្ទះឬ​ដូច​ស្រូវ​កំពុង​តែ​ក្រៀម​ស្វិត​ទៅមុន​ពេល​មាន​ពន្លក​លូត​ចេញ​មក។

២ ពង្សា‌វតារ‌ក្សត្រ 19