10. ទ្រង់ក៏ចាត់អ្នកនាំសារឲ្យទៅទូលព្រះបាទហេសេគា ជាស្ដេចស្រុកយូដាថា៖ «សូមកុំបណ្ដោយឲ្យព្រះរបស់ព្រះករុណា គឺព្រះដែលព្រះករុណាទុកចិត្ត បញ្ឆោតព្រះករុណា ដោយអះអាងថា “ក្រុងយេរូសាឡឹមនឹងមិនធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់ស្ដេចស្រុកអាស្ស៊ីរីទេ”។
11. ព្រះករុណាជ្រាបស្រាប់ហើយថា ស្ដេចស្រុកអាស្ស៊ីរីនៅជំនាន់មុនៗ បានបំផ្លាញនគរទាំងប៉ុន្មានថ្វាយផ្ដាច់*ដល់ព្រះរបស់យើង។ ចុះព្រះករុណាវិញ តើព្រះករុណាស្មានថានឹងរួចខ្លួនកើតឬ?
12. ពេលពួកអយ្យកោរបស់យើងកម្ទេចនគរកូសាន ខារ៉ាន រេសែប និងក្រុងរបស់ពួកអេដែន នៅស្រុកធេឡាស៊ើរ គ្មានព្រះណាមួយរបស់ប្រជាជាតិទាំងនោះរំដោះពួកគេបានឡើយ។
13. រីឯស្ដេចទាំងឡាយរបស់ក្រុងហាម៉ាត ក្រុងអើផាឌ ក្រុងសេផាវែម ក្រុងហេណា និងក្រុងអ៊ីវ៉ា ក៏ត្រូវវិនាសអស់គ្មានសល់ដែរ!»។
14. ព្រះបាទហេសេគាទទួលលិខិតពីអ្នកនាំសារមកអាន រួចទ្រង់យាងឡើងទៅព្រះវិហារ យកលិខិតនោះទៅបង្ហាញព្រះអម្ចាស់។
15. ព្រះបាទហេសេគាទូលអង្វរព្រះអម្ចាស់ថា៖«ឱព្រះអម្ចាស់ ជាព្រះរបស់ជនជាតិអ៊ីស្រាអែល ដែលគង់នៅលើពួកចេរូប៊ីន*អើយ! មានតែព្រះអង្គមួយគត់ ដែលជាព្រះរបស់នគរទាំងប៉ុន្មាននៅលើផែនដី ព្រះអង្គបានបង្កើតផ្ទៃមេឃ និងផែនដី។
16. ព្រះអម្ចាស់អើយ សូមផ្ទៀងព្រះកាណ៌ស្ដាប់ទូលបង្គំ! ព្រះអម្ចាស់អើយ សូមបើកព្រះនេត្រទតមើលផង! សូមទ្រង់ព្រះសណ្ដាប់សេចក្ដីទាំងប៉ុន្មាន ដែលស្ដេចសានហេរីបផ្ញើមកជេរប្រមាថព្រះដ៏មានព្រះជន្មគង់នៅ!
17. ព្រះអម្ចាស់អើយ ស្ដេចស្រុកអាស្ស៊ីរីពិតជាបានកម្ទេចប្រជាជាតិទាំងប៉ុន្មាន និងបំផ្លាញទឹកដីរបស់គេ
18. ព្រមទាំងយកព្រះរបស់គេទៅដុតឲ្យវិនាសសូន្យថែមទៀតផង។ ប៉ុន្តែ ព្រះទាំងនោះមិនមែនជាព្រះទេ គឺគ្រាន់តែជារូបឈើ ឬថ្ម ដែលជាស្នាដៃរបស់មនុស្សប៉ុណ្ណោះ។
19. ឥឡូវនេះ ព្រះអម្ចាស់ ជាព្រះនៃយើងខ្ញុំអើយ សូមសង្គ្រោះយើងខ្ញុំឲ្យរួចផុត ពីកណ្ដាប់ដៃរបស់ស្ដេចសានហេរីបផង ដើម្បីឲ្យនគរទាំងប៉ុន្មាននៅផែនដីទទួលស្គាល់ថា មានតែព្រះអម្ចាស់ប៉ុណ្ណោះដែលពិតជាព្រះជាម្ចាស់!»។
20. ពេលនោះ លោកអេសាយ ជាកូនរបស់លោកអម៉ូស បានចាត់គេឲ្យទៅទូលព្រះបាទហេសេគាថា៖ «ព្រះអម្ចាស់ជាព្រះនៃជនជាតិអ៊ីស្រាអែលមានព្រះបន្ទូលដូចតទៅ: “យើងបានឮពាក្យដែលអ្នកទូលអង្វរយើងស្ដីអំពីសានហេរីប ជាស្ដេចរបស់ស្រុកអាស្ស៊ីរីហើយ”។
21. ព្រះអម្ចាស់មានព្រះបន្ទូលប្រឆាំងនឹងស្ដេចនោះថា:សានហេរីបអើយក្រុងស៊ីយ៉ូន ដែលប្រៀបដូចជាស្ត្រីព្រហ្មចារីប្រមាថមើលងាយអ្នកអ្នកក្រុងយេរូសាឡឹមគ្រវីក្បាល ចំអកឲ្យអ្នក។