4. ស្ដេចបានលុបបំបាត់កន្លែងសក្ការៈតាមទួលខ្ពស់ៗ វាយបំបាក់ស្តូបព្រះក្លែងក្លាយ កាប់រំលំបង្គោលរបស់ព្រះអាសេរ៉ា ព្រមទាំងកម្ទេចរូបពស់លង្ហិន ដែលលោកម៉ូសេបានធ្វើផង ដ្បិតរហូតមកដល់គ្រានោះ កូនចៅអ៊ីស្រាអែលនាំគ្នាដុតគ្រឿងក្រអូបថ្វាយរូបពស់ ហើយហៅរូបនោះថា«នេហ៊ូសថាន់»។
5. ព្រះបាទហេសេគាផ្ញើជីវិតលើព្រះអម្ចាស់ ជាព្រះរបស់ជនជាតិអ៊ីស្រាអែល។ ក្នុងចំណោមស្ដេចស្រុកយូដាទាំងប៉ុន្មាន គឺស្ដេចដែលសោយរាជ្យមុន ឬស្ដេចដែលសោយរាជ្យក្រោយមកទៀត គ្មានស្ដេចអង្គណាប្រៀបស្មើនឹងព្រះបាទហេសេគាទេ។
6. ព្រះរាជាជំពាក់ចិត្តលើព្រះអម្ចាស់ ដោយឥតងាករេឡើយ។ ស្ដេចកាន់តាមបទបញ្ជាទាំងឡាយ ដែលព្រះអម្ចាស់បង្គាប់មក តាមរយៈលោកម៉ូសេ។
7. ព្រះអម្ចាស់គង់នៅជាមួយស្ដេច ដូច្នេះ ស្ដេចទទួលជោគជ័យក្នុងគ្រប់កិច្ចការដែលស្ដេចធ្វើ។ ព្រះបាទហេសេគាបានបះបោរប្រឆាំងនឹងស្ដេចស្រុកអាស្ស៊ីរី ហើយរំដោះខ្លួនរួចផុតពីនឹមរបស់ស្ដេចនោះ។
8. ស្ដេចបានវាយយកស្រុកភីលីស្ទីន រហូតដល់ក្រុងកាសា និងទឹកដីដែលនៅជុំវិញ គឺចាប់តាំងពីក្រុងដែលមានតែប៉មចាំយាម រហូតដល់ក្រុងដែលមានកំពែងរឹងមាំ។
9. នៅឆ្នាំទីបួននៃរជ្ជកាលព្រះបាទហេសេគា ត្រូវនឹងឆ្នាំទីប្រាំពីរនៃរជ្ជកាលព្រះបាទហូស៊ា ជាបុត្ររបស់លោកអេឡា ស្ដេចស្រុកអ៊ីស្រាអែល ព្រះចៅសាលម៉ានេស៊ើរ ជាស្ដេចស្រុកអាស្ស៊ីរី បានឡើងមកច្បាំង និងឡោមព័ទ្ធក្រុងសាម៉ារី។
10. កងទ័ពអាស្ស៊ីរីឡោមព័ទ្ធក្រុងនេះ អស់រយៈពេលបីឆ្នាំ។ នៅឆ្នាំទីប្រាំមួយនៃរជ្ជកាលព្រះបាទហេសេគា ត្រូវនឹងឆ្នាំទីប្រាំបួននៃរជ្ជកាលព្រះបាទហូស៊ាជាស្ដេចស្រុកអ៊ីស្រាអែល កងទ័ពអាស្ស៊ីរីវាយយកបានក្រុងសាម៉ារី។
11. ស្ដេចស្រុកអាស្ស៊ីរីបានកៀរប្រជាជនអ៊ីស្រាអែល នាំទៅជាឈ្លើយនៅស្រុកអាស្ស៊ីរី ឲ្យពួកគេរស់នៅក្រុងហាឡា និងនៅតាមដងទន្លេហាបោរ ជាទន្លេនៃស្រុកកូសាន ព្រមទាំងនៅតាមក្រុងនានារបស់ជនជាតិមេឌីផង។
12. ហេតុការណ៍នេះកើតមាន ព្រោះតែជនជាតិអ៊ីស្រាអែលមិនបានស្ដាប់តាមព្រះបន្ទូលរបស់ព្រះអម្ចាស់ ជាព្រះរបស់ខ្លួន ពួកគេក្បត់នឹងសម្ពន្ធមេត្រីរបស់ព្រះអង្គ ដ្បិតពួកគេពុំព្រមស្ដាប់ ឬប្រតិបត្តិតាមសេចក្ដីទាំងប៉ុន្មាន ដែលព្រះអង្គបានបង្គាប់មកលោកម៉ូសេ ជាអ្នកបម្រើរបស់ព្រះអង្គ។