14. ព្រះបាទហេសេគា ជាស្ដេចស្រុកយូដា ចាត់អ្នកនាំសារឲ្យទៅទូលស្ដេចស្រុកអាស្ស៊ីរីនៅក្រុងឡាគីសថា៖ «ទូលបង្គំប្រព្រឹត្តខុសហើយ សូមកុំវាយទូលបង្គំទៀតឡើយ។ ទូលបង្គំសុខចិត្តធ្វើតាមបង្គាប់ទាំងប៉ុន្មានរបស់ព្រះករុណា»។ ស្ដេចស្រុកអាស្ស៊ីរីក៏បង្គាប់ឲ្យព្រះបាទហេសេគា ជាស្ដេចស្រុកយូដាបង់ពន្ធជាប្រាក់សុទ្ធប្រាំបួនតោន និងមាសសុទ្ធប្រាំបួនរយគីឡូក្រាម។
15. ព្រះបាទហេសេគាប្រមូលប្រាក់ទាំងអស់ ដែលមាននៅក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ និងក្នុងឃ្លាំងរាជ្យទ្រព្យ ទៅថ្វាយស្ដេចស្រុកអាស្ស៊ីរី។
16. នៅគ្រានោះ ព្រះបាទហេសេគាគាស់មាសដែលស្ដេចបានស្រោបនៅខ្លោងទ្វារ និងក្របទ្វារនៃព្រះដំណាក់របស់ព្រះអម្ចាស់ យកទៅថ្វាយស្ដេចស្រុកអាស្ស៊ីរី។
17. ស្ដេចស្រុកអាស្ស៊ីរីបានចាត់មេទ័ព មេបញ្ជាការ និងរាជបម្រើផ្ទាល់របស់ស្ដេច ពីកន្លែងបោះទ័ពនៅឡាគីស ឲ្យមកជួបព្រះបាទហេសេគានៅក្រុងយេរូសាឡឹម ទាំងនាំកងពលយ៉ាងច្រើនមកជាមួយផង។ ពួកគេឡើងមកដល់ក្រុងយេរូសាឡឹម។ ពេលមកដល់ ពួកគេឈរនៅក្បែរព្រែកជីកដែលនៅជាប់នឹងស្រះខាងលើ តាមផ្លូវទៅចម្ការរបស់អ្នកជ្រលក់ល័ក្ខ
18. ហើយស្រែកហៅស្ដេចស្រុកយូដា។ ពេលនោះ លោកអេលាគីម ជាកូនរបស់លោកហ៊ីលគីយ៉ា ដែលជាអ្នកមើលខុសត្រូវលើព្រះបរមរាជវាំង បានចេញទៅជួបពួកគេ ដោយមានលោកសេបណា ជាស្មៀនហ្លួង និងលោកយ៉ូអា កូនរបស់លោកអេសាភ ជាអ្នកនាំពាក្យរបស់ស្ដេចទៅជាមួយផង។
19. មេទ័ពរបស់ព្រះចៅរ៉ាប់សាកេពោលថា៖ «សូមអស់លោកទូលព្រះបាទហេសេគាដូចតទៅ: ព្រះមហាក្សត្រាធិរាជ គឺព្រះមហាក្សត្ររបស់ស្រុកអាស្ស៊ីរី មានរាជឱង្ការថា “តើព្រះករុណាពឹងផ្អែកលើអ្វីបានជាមានព្រះហឫទ័យអង់អាចបែបនេះ?
20. តើព្រះករុណាស្មានថា ពាក្យសម្ដីអាចជំនួសក្រុមប្រឹក្សាយោធា និងកម្លាំងទ័ពក្នុងការធ្វើសឹកសង្គ្រាមបានឬ? តើព្រះករុណាពឹងផ្អែកលើនរណាបានជាហ៊ានបះបោរនឹងយើងដូច្នេះ?
21. ព្រះករុណាទុកចិត្តលើស្រុកអេស៊ីប ដែលប្រៀបដូចជាដើមត្រែងបាក់ឬ? អស់អ្នកដែលទុកចិត្តលើព្រះចៅផារ៉ោន ជាស្ដេចស្រុកអេស៊ីប ប្រៀបបាននឹងមនុស្សដែលច្រត់ដៃលើដើមត្រែងបាក់ គឺនាំឲ្យតែធ្លុះបាតដៃប៉ុណ្ណោះ។
22. ព្រះករុណាប្រហែលជាមានរាជឱង្ការថា “យើងទុកចិត្តលើព្រះអម្ចាស់ ជាព្រះរបស់យើង!”។ ប៉ុន្តែ តើព្រះករុណាពុំបានឲ្យគេកម្ទេចកន្លែងសក្ការៈ និងអាសនៈរបស់ព្រះនេះ ហើយថែមទាំងបញ្ជាឲ្យអ្នកស្រុកយូដា និងអ្នកក្រុងយេរូសាឡឹម ក្រាបថ្វាយបង្គំតែនៅមុខអាសនៈនៅក្រុងយេរូសាឡឹមនេះទេឬ?”
23. ឥឡូវនេះ សុំព្រះករុណាសាកល្បងភ្នាល់ជាមួយព្រះចៅក្រុងអាស្ស៊ីរី ជាអម្ចាស់របស់ទូលបង្គំទៅ នោះទូលបង្គំនឹងថ្វាយសេះពីរពាន់ក្បាល ប្រសិនបើព្រះករុណារកអ្នកជិះបាន!
24. ទោះបីព្រះករុណាពឹងលើរទេះចំបាំង និងកងទ័ពសេះរបស់ស្រុកអេស៊ីបក្ដី សូម្បីតែមេទ័ពអាស្ស៊ីរីម្នាក់ដែលខ្សោយជាងគេ ក៏ព្រះករុណាវាយមិនឈ្នះផង។
25. មួយវិញទៀត យើងលើកទ័ពមកវាយកម្ទេចកន្លែងនេះ ស្របតាមព្រះហឫទ័យរបស់ព្រះអម្ចាស់ ដ្បិតព្រះអម្ចាស់បង្គាប់ឲ្យយើងមកវាយកម្ទេចក្រុងនេះ»។
26. ពេលនោះ លោកអេលាគីម ជាកូនរបស់លោកហ៊ីលគីយ៉ា លោកសេបណា និងលោកយ៉ូអា ពោលទៅកាន់មេទ័ពអាស្ស៊ីរីថា៖ «សូមលោកមេត្តាមានប្រសាសន៍មកយើងខ្ញុំជាភាសាអារ៉ាមចុះ ដ្បិតយើងខ្ញុំស្ដាប់ភាសាលោកបាន តែសូមកុំមានប្រសាសន៍ជាភាសាយូដា ក្រែងប្រជាជននៅតាមកំពែងក្រុងឮ»។
27. មេទ័ពអាស្ស៊ីរីតបមកវិញថា៖ «ព្រះមហាក្សត្ររបស់យើងប្រើយើងឲ្យមកនេះ មិនមែនគ្រាន់តែនាំពាក្យមកទូលស្ដេចរបស់អស់លោក ឬក៏ប្រាប់អស់លោកផ្ទាល់ប៉ុណ្ណោះទេ គឺព្រះរាជាឲ្យយើងមកប្រាប់ជនទាំងអស់ ដែលស្ថិតនៅតាមកំពែងនេះ។ អ្នកទាំងនោះមុខតែស៊ីលាមកខ្លួនឯង ហើយផឹកទឹកនោមខ្លួនឯង ដូចអស់លោកដែរ»។
28. បន្ទាប់មក មេទ័ពអាស្ស៊ីរីនោះក្រោកឈរ និងស្រែកក្ដែងៗយ៉ាងអស់ទំហឹង ជាភាសាយូដាថា៖ «ចូរនាំគ្នាស្ដាប់រាជឱង្ការរបស់ព្រះមហាក្សត្រាធិរាជ គឺព្រះចៅក្រុងអាស្ស៊ីរីដូចតទៅ:
29. ព្រះករុណាមានរាជឱង្ការថា កុំទុកឲ្យស្ដេចហេសេគាបោកប្រាស់អ្នករាល់គ្នាឡើយ ដ្បិតស្ដេចនេះពុំអាចរំដោះអ្នករាល់គ្នា ឲ្យរួចពីកណ្ដាប់ដៃរបស់យើងជាដាច់ខាត។
30. កុំទុកឲ្យស្ដេចហេសេគានាំអ្នករាល់គ្នា ទៅទុកចិត្តលើព្រះអម្ចាស់ដោយពោលថា “ព្រះអម្ចាស់នឹងរំដោះយើងពិតប្រាកដ ព្រះអង្គមិនបណ្ដោយឲ្យក្រុងនេះធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់ស្ដេចស្រុកអាស្ស៊ីរីឡើយ”។
31. កុំស្ដាប់ស្ដេចហេសេគាឲ្យសោះ ដ្បិតព្រះចៅក្រុងអាស្ស៊ីរីមានរាជឱង្ការថា “ចូរនាំគ្នាចុះសន្ធិសញ្ញាសុំសន្តិភាពពីយើង ចូរនាំគ្នាមកចុះចូលនឹងយើងទៅ នោះអ្នករាល់គ្នានឹងបានបរិភោគផ្លែទំពាំងបាយជូរ និងផ្លែឧទុម្ពរ*របស់ខ្លួន ព្រមទាំងបានផឹកទឹកពីអណ្ដូងរបស់ខ្លួនដែរ”។
32. ក្រោយហើយ យើងនឹងមកនាំអ្នករាល់គ្នាយកទៅស្រុកមួយទៀតដែលសម្បូណ៌សប្បាយ ដូចស្រុករបស់អ្នករាល់គ្នា គឺស្រុកដែលមានពោរពេញដោយស្រូវ និងស្រាទំពាំងបាយជូរ ជាស្រុកដែលសម្បូណ៌អាហារ និងចម្ការទំពាំងបាយជូរ ជាស្រុកសម្បូណ៌ផ្លែអូលីវយកប្រេង និងទឹកឃ្មុំ។ ដូច្នេះ អ្នករាល់គ្នានឹងបានរស់រានឥតស្លាប់ឡើយ។ កុំស្ដាប់ស្ដេចហេសេគាឲ្យសោះ ដ្បិតស្ដេចនេះបញ្ឆោតអ្នករាល់គ្នា ដោយពោលថា “ព្រះអម្ចាស់នឹងរំដោះយើង”។
33. ក្នុងចំណោមព្រះរបស់ប្រជាជាតិទាំងឡាយ គ្មានព្រះណារំដោះស្រុកគេឲ្យរួចពីព្រះហស្ដរបស់ព្រះចៅក្រុងអាស្ស៊ីរីទាល់តែសោះ! តើព្រះរបស់ក្រុងហាម៉ាត និងក្រុងអើផាឌ ទៅណាបាត់អស់ហើយ?