7. ហេតុការណ៍នេះកើតឡើង ព្រោះតែជនជាតិអ៊ីស្រាអែលបានប្រព្រឹត្តអំពើបាប ទាស់នឹងព្រះហឫទ័យព្រះអម្ចាស់ជាព្រះរបស់គេ ព្រះអង្គបាននាំពួកគេចេញពីស្រុកអេស៊ីប និងរំដោះពួកគេឲ្យរួចពីកណ្ដាប់ដៃរបស់ព្រះចៅផារ៉ោន ជាស្ដេចស្រុកអេស៊ីប តែពួកគេបែរជាគោរពថ្វាយបង្គំព្រះដទៃទៅវិញ។
8. ពួកគេធ្វើតាមទំនៀមទម្លាប់របស់ប្រជាជាតិនានា ដែលព្រះអម្ចាស់បានបណ្ដេញចេញពីមុខជនជាតិអ៊ីស្រាអែល ព្រមទាំងធ្វើតាមទម្លាប់ផ្សេងៗ ដែលស្ដេចស្រុកអ៊ីស្រាអែលបានបង្កើតឡើងនោះផង។
9. ជនជាតិអ៊ីស្រាអែលបានប្រព្រឹត្តអំពើមិនគួរគប្បីដោយលួចលាក់ ប្រឆាំងនឹងព្រះអម្ចាស់ ជាព្រះរបស់ខ្លួន។ ពួកគេបានសង់កន្លែងសក្ការៈនៅតាមទួលខ្ពស់ៗ នៅគ្រប់ទីក្រុងរបស់គេ គឺចាប់តាំងពីក្រុងដែលមានប៉មចាំយាម រហូតដល់ក្រុងដែលមានកំពែងដ៏រឹងមាំ។
10. ពួកគេនាំគ្នាដំឡើងស្តូប និងបង្គោលថ្វាយព្រះអាសេរ៉ា នៅលើកំពូលភ្នំទាំងឡាយ និងនៅក្រោមដើមឈើដែលមានស្លឹកខៀវខ្ចី។
11. នៅកន្លែងសក្ការៈតាមទួលខ្ពស់ៗទាំងអស់ ជនជាតិអ៊ីស្រាអែលនាំគ្នាធ្វើយញ្ញបូជា និងដុតគ្រឿងក្រអូប ដូចប្រជាជាតិនានា ដែលព្រះអម្ចាស់បានបណ្ដេញចេញពីមុខពួកគេ។ ពួកគេបានប្រព្រឹត្តអំពើអាក្រក់ ធ្វើឲ្យព្រះអម្ចាស់ទ្រង់ព្រះពិរោធ។
12. ពួកគេនាំគ្នាគោរពបម្រើព្រះក្លែងក្លាយ ជាអំពើដែលព្រះអម្ចាស់ហាមមិនឲ្យធ្វើ។
13. ព្រះអម្ចាស់ព្រមានជនជាតិអ៊ីស្រាអែល និងជនជាតិយូដា តាមរយៈព្យាការី និងគ្រូទាយឆុតទាំងអស់ថា «ចូរបោះបង់ចោលផ្លូវអាក្រក់ ហើយកាន់តាមបទបញ្ជា និងច្បាប់របស់យើង ព្រមទាំងប្រព្រឹត្តតាមទាំងស្រុងនូវក្រឹត្យវិន័យ ដែលយើងបានប្រគល់ឲ្យដូនតារបស់អ្នករាល់គ្នា និងអ្នករាល់គ្នាផ្ទាល់ តាមរយៈពួកព្យាការី ជាអ្នកបម្រើរបស់យើង»។
14. ប៉ុន្តែ ពួកគេពុំស្ដាប់តាមទេ ពួកគេមានចិត្តរឹងចចេសដូចដូនតារបស់ពួកគេ ដែលមិនព្រមជឿលើព្រះអម្ចាស់ ជាព្រះរបស់ខ្លួន។
15. ពួកគេបានបោះបង់ចោលច្បាប់របស់ព្រះអង្គ ពួកគេផ្ដាច់សម្ពន្ធមេត្រី ដែលព្រះអង្គបានចងជាមួយដូនតារបស់ពួកគេ ពួកគេមិនអើពើនឹងដំបូន្មានដែលព្រះអង្គព្រមានពួកគេ ហើយនាំគ្នាបែរទៅគោរពព្រះឥតបានការ ដែលបណ្ដាលឲ្យខ្លួនទៅជាឥតបានការដែរ។ ពួកគេជាប់ពាក់ព័ន្ធនឹងប្រជាជាតិនានាដែលនៅជុំវិញ ជាប្រជាជាតិដែលព្រះអម្ចាស់បានហាមឃាត់មិនឲ្យពួកគេយកតម្រាប់តាម។
16. ពួកគេបោះបង់ចោលបទបញ្ជាទាំងប៉ុន្មានរបស់ព្រះអម្ចាស់ ជាព្រះរបស់ខ្លួន ហើយនាំគ្នាសិតធ្វើរូបកូនគោពីរ ដំឡើងបង្គោលថ្វាយព្រះអាសេរ៉ា ព្រមទាំងនាំគ្នាក្រាបថ្វាយបង្គំផ្កាយទាំងប៉ុន្មាន នៅលើមេឃ និងគោរពបម្រើព្រះបាល។
17. ពួកគេយកកូនប្រុសកូនស្រីទៅធ្វើបូជាយញ្ញ ពួកគេតែងតែបញ្ជាន់រូប និងប្រើមន្តអាគម។ ពួកគេបណ្ដោយខ្លួនប្រព្រឹត្តអំពើដ៏អាក្រក់ មិនគាប់ព្រះហឫទ័យព្រះអម្ចាស់ ជាហេតុបណ្ដាលឲ្យព្រះអង្គទ្រង់ព្រះពិរោធ។
18. ពេលនោះ ព្រះអម្ចាស់ទ្រង់ព្រះពិរោធយ៉ាងខ្លាំង ទាស់នឹងជនជាតិអ៊ីស្រាអែល ព្រះអង្គដេញពួកគេចេញឆ្ងាយពីព្រះភ័ក្ត្ររបស់ព្រះអង្គ នៅសល់តែកុលសម្ព័ន្ធយូដាមួយប៉ុណ្ណោះ។
19. រីឯប្រជាជនយូដាវិញក៏ដូច្នោះដែរ ពួកគេពុំបានកាន់តាមបទបញ្ជារបស់ព្រះអម្ចាស់ ជាព្រះរបស់ខ្លួនទេ តែពួកគេបែរជានាំគ្នាធ្វើតាមច្បាប់ដែលជនជាតិអ៊ីស្រាអែលបានបង្កើតទៅវិញ។