21. កាលព្រះអម្ចាស់ផ្ដាច់ជនជាតិអ៊ីស្រាអែលចេញពីរាជវង្សរបស់ព្រះបាទដាវីឌ ជនជាតិអ៊ីស្រាអែលបានតែងតាំងព្រះបាទយេរ៉ូបោម ជាកូនរបស់លោកនេបាត ឡើងជាស្ដេច។ ព្រះបាទយេរ៉ូបោមបានអូសទាញជនជាតិអ៊ីស្រាអែលឲ្យឃ្លាតឆ្ងាយពីព្រះអម្ចាស់ ព្រមទាំងនាំពួកគេឲ្យប្រព្រឹត្តអំពើបាបយ៉ាងធ្ងន់ទៀតផង។
22. កូនចៅអ៊ីស្រាអែលប្រព្រឹត្តអំពើបាបទាំងប៉ុន្មាន ដែលព្រះបាទយេរ៉ូបោមបានប្រព្រឹត្ត គឺពួកគេពុំបានងាកចេញពីអំពើទាំងនោះឡើយ។
23. ហេតុនេះ ព្រះអម្ចាស់បណ្ដេញជនជាតិអ៊ីស្រាអែលចេញឆ្ងាយពីព្រះភ័ក្ត្ររបស់ព្រះអង្គ ស្របតាមព្រះបន្ទូលដែលព្រះអង្គថ្លែងតាមរយៈព្យាការីទាំងអស់ ជាអ្នកបម្រើរបស់ព្រះអង្គ។ ជនជាតិអ៊ីស្រាអែលត្រូវគេកៀរចេញឆ្ងាយពីទឹកដីរបស់ខ្លួន នាំទៅស្រុកអាស្ស៊ីរីរហូតដល់សព្វថ្ងៃ។
24. ស្ដេចស្រុកអាស្ស៊ីរីជន្លៀសប្រជាជនពីក្រុងបាប៊ីឡូន ក្រុងគូថា ក្រុងអាវ៉ា ក្រុងហាម៉ាត់ និងក្រុងសេផាវែម ឲ្យមករស់នៅតាមក្រុងនានាក្នុងស្រុកសាម៉ារី ជំនួសជនជាតិអ៊ីស្រាអែល។ អ្នកទាំងនោះចាប់យកស្រុកសាម៉ារីមកធ្វើជាកម្មសិទ្ធិ ហើយតាំងទីលំនៅតាមក្រុងនានា។
25. នៅគ្រាដំបូងដែលពួកគេមកតាំងទីលំនៅក្នុងស្រុកសាម៉ារី ពួកគេមិនគោរពកោតខ្លាចព្រះអម្ចាស់ទេ ព្រះអម្ចាស់ក៏ប្រើសិង្ហឲ្យមកប្រហារពួកគេ។
26. មានគេទូលស្ដេចស្រុកអាស្ស៊ីរីថា៖ «ប្រជាជាតិទាំងឡាយដែលព្រះករុណាជន្លៀសឲ្យទៅតាំងទីលំនៅតាមក្រុងនានា ក្នុងស្រុកសាម៉ារី ពុំស្គាល់របៀបគោរពថ្វាយបង្គំព្រះរបស់ស្រុកនោះទេ។ ព្រះនៅស្រុកនោះប្រើសិង្ហឲ្យមកប្រហារពួកគេ ដ្បិតពួកគេពុំស្គាល់របៀបគោរពថ្វាយបង្គំព្រះរបស់ស្រុកនោះ»។
27. ស្ដេចស្រុកអាស្ស៊ីរីបង្គាប់ថា៖ «ចូរនាំបូជាចារ្យសាម៉ារីម្នាក់ ដែលអ្នករាល់គ្នាកៀរយកទៅ ឲ្យវិលមកស្រុកវិញ ដើម្បីបង្ហាត់បង្រៀនរបៀបគោរពថ្វាយបង្គំព្រះរបស់ស្រុកនោះ»។
28. ដូច្នេះ គេទៅនាំបូជាចារ្យម្នាក់ដែលគេបានកៀរពីស្រុកសាម៉ារី ឲ្យវិលមករស់នៅបេតអែលវិញ។ បូជាចារ្យនោះបង្ហាត់បង្រៀនពួកគេអំពីរបៀប ដែលត្រូវគោរពកោតខ្លាចព្រះអម្ចាស់។
29. ប៉ុន្តែ ប្រជាជាតិនីមួយៗបានធ្វើរូបសំណាកព្រះរបស់ខ្លួន យកទៅតម្កល់ក្នុងកន្លែងសក្ការៈតាមទួលខ្ពស់ៗ ដែលអ្នកស្រុកសាម៉ារីពីមុនបានសង់។ ប្រជាជាតិនីមួយៗធ្វើដូច្នេះ នៅតាមក្រុងនានាដែលពួកគេរស់នៅ។
30. អ្នកក្រុងបាប៊ីឡូនធ្វើរូបព្រះសិកូតបេណូត អ្នកក្រុងគូថាធ្វើរូបព្រះនើកាល អ្នកក្រុងហាម៉ាត់ធ្វើរូបព្រះអស៊ីម៉ា។
31. អ្នកក្រុងអាវ៉ាធ្វើរូបព្រះនីប-ហាស និងព្រះថើថាក អ្នកក្រុងសេផាវែមយកកូនប្រុសរបស់ខ្លួន ទៅធ្វើបូជាយញ្ញ ថ្វាយព្រះអ័ឌរ៉ាម៉ាឡេក និងព្រះអណាម៉ាឡេក ជាព្រះនៃក្រុងសេផាវែម។
32. ប្រជាជាតិទាំងនោះក៏គោរពកោតខ្លាចព្រះអម្ចាស់ដែរ ព្រមទាំងតែងតាំងអ្នកខ្លះ ក្នុងចំណោមពួកគេ ឲ្យធ្វើជាបូជាចារ្យនៅកន្លែងសក្ការៈតាមទួលខ្ពស់ៗ ដើម្បីថ្វាយយញ្ញបូជាក្នុងនាមរបស់ពួកគេ នៅតាមកន្លែងទាំងនោះ។