18. ពេលនោះ ព្រះអម្ចាស់ទ្រង់ព្រះពិរោធយ៉ាងខ្លាំង ទាស់នឹងជនជាតិអ៊ីស្រាអែល ព្រះអង្គដេញពួកគេចេញឆ្ងាយពីព្រះភ័ក្ត្ររបស់ព្រះអង្គ នៅសល់តែកុលសម្ព័ន្ធយូដាមួយប៉ុណ្ណោះ។
19. រីឯប្រជាជនយូដាវិញក៏ដូច្នោះដែរ ពួកគេពុំបានកាន់តាមបទបញ្ជារបស់ព្រះអម្ចាស់ ជាព្រះរបស់ខ្លួនទេ តែពួកគេបែរជានាំគ្នាធ្វើតាមច្បាប់ដែលជនជាតិអ៊ីស្រាអែលបានបង្កើតទៅវិញ។
20. ដូច្នេះ ព្រះអម្ចាស់បោះបង់ចោលជនជាតិអ៊ីស្រាអែលទាំងមូល ព្រះអង្គធ្វើឲ្យពួកគេអាម៉ាស់ ដោយប្រគល់ពួកគេទៅក្នុងកណ្ដាប់ដៃរបស់ខ្មាំងសត្រូវ ហើយដេញពួកគេចេញឆ្ងាយពីព្រះភ័ក្ត្ររបស់ព្រះអង្គ។
21. កាលព្រះអម្ចាស់ផ្ដាច់ជនជាតិអ៊ីស្រាអែលចេញពីរាជវង្សរបស់ព្រះបាទដាវីឌ ជនជាតិអ៊ីស្រាអែលបានតែងតាំងព្រះបាទយេរ៉ូបោម ជាកូនរបស់លោកនេបាត ឡើងជាស្ដេច។ ព្រះបាទយេរ៉ូបោមបានអូសទាញជនជាតិអ៊ីស្រាអែលឲ្យឃ្លាតឆ្ងាយពីព្រះអម្ចាស់ ព្រមទាំងនាំពួកគេឲ្យប្រព្រឹត្តអំពើបាបយ៉ាងធ្ងន់ទៀតផង។
22. កូនចៅអ៊ីស្រាអែលប្រព្រឹត្តអំពើបាបទាំងប៉ុន្មាន ដែលព្រះបាទយេរ៉ូបោមបានប្រព្រឹត្ត គឺពួកគេពុំបានងាកចេញពីអំពើទាំងនោះឡើយ។
23. ហេតុនេះ ព្រះអម្ចាស់បណ្ដេញជនជាតិអ៊ីស្រាអែលចេញឆ្ងាយពីព្រះភ័ក្ត្ររបស់ព្រះអង្គ ស្របតាមព្រះបន្ទូលដែលព្រះអង្គថ្លែងតាមរយៈព្យាការីទាំងអស់ ជាអ្នកបម្រើរបស់ព្រះអង្គ។ ជនជាតិអ៊ីស្រាអែលត្រូវគេកៀរចេញឆ្ងាយពីទឹកដីរបស់ខ្លួន នាំទៅស្រុកអាស្ស៊ីរីរហូតដល់សព្វថ្ងៃ។
24. ស្ដេចស្រុកអាស្ស៊ីរីជន្លៀសប្រជាជនពីក្រុងបាប៊ីឡូន ក្រុងគូថា ក្រុងអាវ៉ា ក្រុងហាម៉ាត់ និងក្រុងសេផាវែម ឲ្យមករស់នៅតាមក្រុងនានាក្នុងស្រុកសាម៉ារី ជំនួសជនជាតិអ៊ីស្រាអែល។ អ្នកទាំងនោះចាប់យកស្រុកសាម៉ារីមកធ្វើជាកម្មសិទ្ធិ ហើយតាំងទីលំនៅតាមក្រុងនានា។
25. នៅគ្រាដំបូងដែលពួកគេមកតាំងទីលំនៅក្នុងស្រុកសាម៉ារី ពួកគេមិនគោរពកោតខ្លាចព្រះអម្ចាស់ទេ ព្រះអម្ចាស់ក៏ប្រើសិង្ហឲ្យមកប្រហារពួកគេ។
26. មានគេទូលស្ដេចស្រុកអាស្ស៊ីរីថា៖ «ប្រជាជាតិទាំងឡាយដែលព្រះករុណាជន្លៀសឲ្យទៅតាំងទីលំនៅតាមក្រុងនានា ក្នុងស្រុកសាម៉ារី ពុំស្គាល់របៀបគោរពថ្វាយបង្គំព្រះរបស់ស្រុកនោះទេ។ ព្រះនៅស្រុកនោះប្រើសិង្ហឲ្យមកប្រហារពួកគេ ដ្បិតពួកគេពុំស្គាល់របៀបគោរពថ្វាយបង្គំព្រះរបស់ស្រុកនោះ»។
27. ស្ដេចស្រុកអាស្ស៊ីរីបង្គាប់ថា៖ «ចូរនាំបូជាចារ្យសាម៉ារីម្នាក់ ដែលអ្នករាល់គ្នាកៀរយកទៅ ឲ្យវិលមកស្រុកវិញ ដើម្បីបង្ហាត់បង្រៀនរបៀបគោរពថ្វាយបង្គំព្រះរបស់ស្រុកនោះ»។
28. ដូច្នេះ គេទៅនាំបូជាចារ្យម្នាក់ដែលគេបានកៀរពីស្រុកសាម៉ារី ឲ្យវិលមករស់នៅបេតអែលវិញ។ បូជាចារ្យនោះបង្ហាត់បង្រៀនពួកគេអំពីរបៀប ដែលត្រូវគោរពកោតខ្លាចព្រះអម្ចាស់។
29. ប៉ុន្តែ ប្រជាជាតិនីមួយៗបានធ្វើរូបសំណាកព្រះរបស់ខ្លួន យកទៅតម្កល់ក្នុងកន្លែងសក្ការៈតាមទួលខ្ពស់ៗ ដែលអ្នកស្រុកសាម៉ារីពីមុនបានសង់។ ប្រជាជាតិនីមួយៗធ្វើដូច្នេះ នៅតាមក្រុងនានាដែលពួកគេរស់នៅ។
30. អ្នកក្រុងបាប៊ីឡូនធ្វើរូបព្រះសិកូតបេណូត អ្នកក្រុងគូថាធ្វើរូបព្រះនើកាល អ្នកក្រុងហាម៉ាត់ធ្វើរូបព្រះអស៊ីម៉ា។
31. អ្នកក្រុងអាវ៉ាធ្វើរូបព្រះនីប-ហាស និងព្រះថើថាក អ្នកក្រុងសេផាវែមយកកូនប្រុសរបស់ខ្លួន ទៅធ្វើបូជាយញ្ញ ថ្វាយព្រះអ័ឌរ៉ាម៉ាឡេក និងព្រះអណាម៉ាឡេក ជាព្រះនៃក្រុងសេផាវែម។
32. ប្រជាជាតិទាំងនោះក៏គោរពកោតខ្លាចព្រះអម្ចាស់ដែរ ព្រមទាំងតែងតាំងអ្នកខ្លះ ក្នុងចំណោមពួកគេ ឲ្យធ្វើជាបូជាចារ្យនៅកន្លែងសក្ការៈតាមទួលខ្ពស់ៗ ដើម្បីថ្វាយយញ្ញបូជាក្នុងនាមរបស់ពួកគេ នៅតាមកន្លែងទាំងនោះ។
33. ពួកគេគោរពកោតខ្លាចព្រះអម្ចាស់ផង និងគោរពព្រះរបស់ពួកគេ តាមទំនៀមទម្លាប់ជាតិដើមរបស់ពួកគេផង។
34. រហូតដល់សព្វថ្ងៃ ពួកគេនៅតែប្រព្រឹត្តតាមទម្លាប់ដើមដដែល ពួកគេមិនប្រាកដជាគោរពកោតខ្លាចព្រះអម្ចាស់ មិនប្រាកដជាប្រតិបត្តិតាមច្បាប់ និងវិន័យរបស់ខ្លួន ហើយក៏មិនប្រាកដជាកាន់តាមក្រឹត្យវិន័យ និងបទបញ្ជាដែលព្រះអម្ចាស់បង្គាប់មកកូនចៅលោកយ៉ាកុប ដែលព្រះអង្គប្រទានឈ្មោះថាអ៊ីស្រាអែល។
35. ព្រះអម្ចាស់បានចងសម្ពន្ធមេត្រីជាមួយកូនចៅលោកយ៉ាកុប ព្រមទាំងបញ្ជាដល់ពួកគេថា៖ «មិនត្រូវគោរពកោតខ្លាចព្រះដទៃ ហើយក៏មិនត្រូវក្រាបថ្វាយបង្គំព្រះទាំងនោះដែរ។ មិនត្រូវគោរពបម្រើ និងថ្វាយយញ្ញបូជាដល់ព្រះទាំងនោះឡើយ។